(ភ្នំពេញ)៖ លោក Leonardo Luiz គ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិកម្ពុជា បានបង្ហាញសមាភាពបញ្ជីឈ្មោះកីឡាករជម្រើសជាតិជាផ្លូវការហើយ នៅព្រឹកថ្ងៃទី១០ ខែមីនានេះ ដោយមានកីឡាករសរុប ២៣នាក់ ក្នុងនោះក៏មានវត្តមានកីឡាករឆ្នើម ចាន់ វឌ្ឍនាកា ដែលកំពុងលេងនៅក្លឹប Fujieda MYFC នៃលីគទី៣ របស់ជប៉ុន និងកីឡាករ ធារី ចន្ថាប៊ីន កំពុងលេងនៅក្លឹប Krabi FC នៃលីគទី២ របស់ថៃផងដែរ។

សម្រាប់បញ្ជីឈ្មោះ ២៣នាក់ ដែលគ្រូបង្វឹកសញ្ជាតិប្រេស៊ីលខាងលើបង្ហាញក្នុងសន្និសីទនាព្រឹកនេះ រួមមានកីឡាករមកពីក្លឹបព្រះខ័នរាជស្វាយរៀង ៥នាក់, កីឡាករមកពីក្លឹបភ្នំពេញក្រោន ៥នាក់, កីឡាករមកពីក្លឹបក្រសួងការពារជាតិ ៤នាក់, កីឡាករណាហ្គាវើល ៣នាក់, កីឡាករមកពីក្លឹបអគ្គស្នងការដ្ឋាននគរបាលជាតិ ២នាក់ និងកីឡាករបឹងកេតអង្គរ ២នាក់។ រីឯ ២រូបទៀត គឺកីឡាករ ចាន់ វឌ្ឍនាកា និង ធារី ចន្ថាប៊ីន ដែលកំពុងលេងនៅក្រៅប្រទេស។

បន្ទាប់ពីបង្ហាញសមត្ថភាពកីឡាកររួចលោក Leonardo Luiz បានបញ្ជាក់ថា លោកនឹងធ្វើការប្រមូលផ្ដុំលើកដំបូង នៅថ្ងៃទី១៣ ខែមីនាខាងមុខនេះ ដើម្បីត្រៀមការប្រកួតមិត្តភាពអន្ដរជាតិផ្លូវការជាមួយក្រុមជម្រើសជាតិឥណ្ឌា នៅថ្ងៃទី២២ ខែមីនាខាងមុខ នៅលើទីលានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ៕

សូមទស្សនាបញ្ជីឈ្មោះមានដូចខាងក្រោម៖

ប្រភព៖ Khmertalking

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ភ្លើង​គប់​ស៊ី​ហ្គេម ឆ្នាំ​២០១៧ នឹង​ធ្វើ​ដំណើរ​ឆ្លង​កាត់​កម្ពុជា​នា​ខែ​មេសា​ខាង​មុខ

(ភ្នំពេញ)៖ ភ្លើបគប់ស៊ីហ្គេម ដែលជានិមិត្ដសញ្ញានៃពិធីបើកការប្រកួតកីឡាជើងឯកអាស៊ីអាគ្នេយ៍ ឬកីឡាស៊ីហ្គេម ត្រូវបានរត់ចេញដំណើរពីប្រទេសប្រ៊ុយណេ កាលពីថ្ងៃទី៥ ខែមីនាកន្លងទៅ ដើម្បីធ្វើដំណើរឆ្លងកាត់ប្រទេសសមាជិកអាស៊ាន រហូតដល់ប្រទេសម៉ាឡេស៊ី ដែលជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី២៩ ឆ្នាំ២០១៧ ដើម្បីរៀបចំពិធីបើកការប្រកួតនៅថ្ងៃទី១៩ ខែសីហាខាងមុខ។

បើយោងតាមកម្មវិធីរត់ភ្លើងគប់ ដើម្បីធ្វើដំណើរឆ្ពោះទៅប្រទេសម៉ាឡេស៊ីនេះ បានឲ្យដឹងថា បន្ទាប់ពីចេញដំណើរពីប្រទេសប្រ៊ុយណេ ភ្លើងគប់នោះ នឹងត្រូវឆ្លងកាត់ប្រទេសហ្វីលីពីន, ឡាវ, មីយ៉ាន់ម៉ា, ថៃ, វៀតណាម និងទីម័រខាងកើត បន្ទាប់មកទើបធ្វើដំណើរមកប្រទេសកម្ពុជា នៅថ្ងៃទី២២ ខែមេសាខាងមុខ ហើយបន្ដដំណើរឆ្លងកាត់ប្រទេសឥណ្ឌូនេស៊ី, សិង្ហបុរី និងម៉ាឡេស៊ីចុងក្រោយគេ ដែលគ្រោងនឹងបញ្ចប់ត្រឹមថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ ខាងមុខ។

គួរបញ្ជាក់ថា នេះគឺជាសកម្មភាពមួយ ស្របតាមគោលការណ៍អូឡាំពិកអន្ដរជាតិ (IOC) ដើម្បីឈានទៅបើកការប្រកួតកីឡាលក្ខណៈអន្ដរជាតិមួយជាផ្លូវការឲ្យកើតឡើង។ ហើយការចាប់ផ្ដើមបេសកកម្មរត់ភ្លើបគប់នេះ គឺធ្វើឡើងស្របពេលប្រទេសម៉ាឡេស៊ី ត្រៀមធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ដែលនឹងបើកការប្រកួតពីថ្ងៃទី១៩-៣១ ខែសីហាខាងមុខ ក្នុងនោះម៉ាឡេស៊ីបានកំណត់កីឡាចំនួន ៣៨ប្រភេទ ស្មើនឹង ៤០៥វិញ្ញាសាដាក់ឲ្យប្រកួតដណ្ដើមមេដាយ ហើយក៏មានវត្តមានក្រុមអត្តពលិកកម្ពុជាចូលរួមផងដែរ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]