(ភ្នំពេញ)៖ ភ្លើបគប់ស៊ីហ្គេម ដែលជានិមិត្ដសញ្ញានៃពិធីបើកការប្រកួតកីឡាជើងឯកអាស៊ីអាគ្នេយ៍ ឬកីឡាស៊ីហ្គេម ត្រូវបានរត់ចេញដំណើរពីប្រទេសប្រ៊ុយណេ កាលពីថ្ងៃទី៥ ខែមីនាកន្លងទៅ ដើម្បីធ្វើដំណើរឆ្លងកាត់ប្រទេសសមាជិកអាស៊ាន រហូតដល់ប្រទេសម៉ាឡេស៊ី ដែលជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី២៩ ឆ្នាំ២០១៧ ដើម្បីរៀបចំពិធីបើកការប្រកួតនៅថ្ងៃទី១៩ ខែសីហាខាងមុខ។

បើយោងតាមកម្មវិធីរត់ភ្លើងគប់ ដើម្បីធ្វើដំណើរឆ្ពោះទៅប្រទេសម៉ាឡេស៊ីនេះ បានឲ្យដឹងថា បន្ទាប់ពីចេញដំណើរពីប្រទេសប្រ៊ុយណេ ភ្លើងគប់នោះ នឹងត្រូវឆ្លងកាត់ប្រទេសហ្វីលីពីន, ឡាវ, មីយ៉ាន់ម៉ា, ថៃ, វៀតណាម និងទីម័រខាងកើត បន្ទាប់មកទើបធ្វើដំណើរមកប្រទេសកម្ពុជា នៅថ្ងៃទី២២ ខែមេសាខាងមុខ ហើយបន្ដដំណើរឆ្លងកាត់ប្រទេសឥណ្ឌូនេស៊ី, សិង្ហបុរី និងម៉ាឡេស៊ីចុងក្រោយគេ ដែលគ្រោងនឹងបញ្ចប់ត្រឹមថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ ខាងមុខ។

គួរបញ្ជាក់ថា នេះគឺជាសកម្មភាពមួយ ស្របតាមគោលការណ៍អូឡាំពិកអន្ដរជាតិ (IOC) ដើម្បីឈានទៅបើកការប្រកួតកីឡាលក្ខណៈអន្ដរជាតិមួយជាផ្លូវការឲ្យកើតឡើង។ ហើយការចាប់ផ្ដើមបេសកកម្មរត់ភ្លើបគប់នេះ គឺធ្វើឡើងស្របពេលប្រទេសម៉ាឡេស៊ី ត្រៀមធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ដែលនឹងបើកការប្រកួតពីថ្ងៃទី១៩-៣១ ខែសីហាខាងមុខ ក្នុងនោះម៉ាឡេស៊ីបានកំណត់កីឡាចំនួន ៣៨ប្រភេទ ស្មើនឹង ៤០៥វិញ្ញាសាដាក់ឲ្យប្រកួតដណ្ដើមមេដាយ ហើយក៏មានវត្តមានក្រុមអត្តពលិកកម្ពុជាចូលរួមផងដែរ៕

ប្រភព៖ Khmertalking

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ចប់បាត់! ការប្រកួតរបស់ Pacquiao នៅខែមេសានេះ ត្រូវលុបចោលវិញបាត់ហើយ

អាមេរិក៖ ជំនួបដ៏ធំក្នុងការប្រកួតរវាងស្តេចប្រដាល់ហ្វីលីពីន Manny Pacquiao និង Amir Khan ដើម្បីដណ្តើមខ្សែក្រវ៉ាត់ WBO World Welterweight Champion នៅអារ៉ាប់រួម នាថ្ងៃទី២៣ ខែមេសាខាងមុខ ពេលនេះត្រូវបានប្រកាសលុបចោលវិញ។ នេះបើយោងតាមសម្តីរបស់អ្នករៀបចំការប្រកួតជនជាតិហ្វីលីពីនលោក Bob Arum ។

លោក Bob Arum បានបញ្ជាក់ពីមូលហេតុប្រាប់សារព័ត៌មាន ESPN ថា «ដោយសារតែបញ្ហាកិច្ចសន្យាសង្វៀននៅទីនោះ ទើបធ្វើឲ្យការប្រកួតត្រូវលុបចោល»។

Bob បានបន្ថែមទៀតថា «ខ្ញុំនឹងរៀបចំការប្រកួតមួយផ្សេងទៀតឡើងវិញ ប៉ុន្តែដៃគូរបស់ Pacqiuao នោះមិនមែន Amir Khan ទៀតទេ» ។

គួររំលឹកផងដែរថា ការប្រកួតនៅក្នុងខែមេសាដែលត្រូវបានលុបចោលថ្មីៗនេះ ត្រូវបានរៀបចំឡើងជាផ្លូវការម្តងហើយ កាលពីប៉ុន្មានសប្តាហ៍មុន មិនតែប៉ុណ្ណោះភាគីទាំងសងខាង ពោលគឺអ្នកប្រដាល់មកពីហ្វីលីពីន Manny Pacquiao និងកីឡាករ Amir Khan ក៏បានព្រមព្រៀងគ្នារួចរាល់ហើយដែរ ប៉ុន្តែចុងក្រោយបែរជាត្រូវលុបចោលវិញ។

បើទោះបីជាយ៉ាងណាក៏ដោយ លោក Bob Arum ក៏បានឲ្យដឹងទៀតដែរថា ការប្រកួតរបស់ Pacquiao អាចនឹងលើកទៅប្រកួតក្នុងខែកក្កដា ឆ្នាំនេះវិញ តែចំពោះគូប្រកួតវិញមិនទាន់រកបាននៅឡើយទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]