បរទេស៖ ទូរស័ព្ទ iPhone 8 ឬមួយចំនួនហៅ iPhone X របស់ក្រុមហ៊ុន Apple អាចនឹងក្លាយទៅជាទូរស័ព្ទស្មានហ្វូនមួយ ត្រូវបានឌីហ្សាញឡើងជាថ្មី ក្នុងប្រវត្តិសាស្រ្តរបស់ខ្លូន។ វាអាចនឹងមកជាមួយនូវលក្ខណៈសម្បត្តិពិសេសៗថ្មី ហើយធំបំផុត ព្រមទាំងព័ត៌មានចុងក្រោយមួយ ដែលធ្វើឲ្យអ្នកអាចនឹងស្រងាកចិត្តបន្តិចដែរ។

យោងតាម Nikkei ដែលជាកាសែតហិរញ្ញវត្ថុ ធំជាងគេរបស់ពិភពលោក បានឲ្យដឹងថា ក្រុមហ៊ុន Apple នឹងបង្ហាញការកំណត់រចនាសម្ព័ន្ធចំនួន០៣ របស់ទូរស័ព្ទ iPhone នៅក្នុងឆ្នាំ២០១៧។   ការកំណត់ចំនួន២ ត្រូវបានគេរំពឹងថា ជាការធ្វើកំណែរទម្រង់ថ្មីលើទូរស័ព្ទ iPhone 7 និង iPhone 7 Plus ទៅជា iPhone 7S និង iPhone 7S Plus ។ ចំណែក iPhone 8 នឹងផ្លាស់ប្តូរមកប្រើអេក្រង់ប្រភេទ OLED ថ្មី  មានទំហំដល់ទៅ ៥,៨ អ៊ីញ។ ដែលនេះមានន័យថា ទូរស័ព្ទ iPhone8 មានអេក្រង់ធំជាងទូរស័ព្ទ iPhone ជំនាន់មុនៗទាំងអស់ ហើយថែមទាំងធំជាងទូរស័ព្ទស្មាតហ្វូននានា នៅក្នុងទីផ្សារពិភពលោកនាពេលបច្ចុប្បន្នថែមទៀតផង។

សម្រាប់ដំណឹងល្អទៅដល់អ្នកដែលមានការព្រួយបារម្ភថា iPhone 8 អាចនឹងធំពេកនោះ សេចក្តីរាយការណ៍ខាងលើក៏បានបញ្ជាក់ដែរថា ក្រុមហ៊ុន Apple នឹងរចនាផ្នែកកោងខាងលើ និងខាងក្រោម ឲ្យមានសភាពតូចជាង iPhone 7 Plus ។

ចំពោះដំណឹងដែលធ្វើឲ្យអ្នកទាំងអស់គ្នារៀងស្រងាកចិត្តបន្តិចនោះគឺ iPhone 8 នឹងក្លាយទៅជាទូរស័ព្ទដែលមានតម្លៃថ្លៃបំផុតរបស់ក្រុមហ៊ុន Apple ដែលមិនធ្លាប់មានពីមុនមក ដោយអាចមានតម្លៃចាប់ពី ១.០០០ដុល្លារឡើងទៅតែម្តង។

គួរបញ្ជាក់ថា បើទោះជា iPhone 8 មានទំហំដល់ទៅ ៥,៨អ៊ីញ ប៉ុន្តែមានអេក្រង់ត្រឹមតែ ៥,១៥អ៊ីញប៉ុណ្ណោះដែលអាចប្រើបាន ដោយផ្នែកនៅសេសសល់ គឺប្រើសម្រាប់មុខងារផ្សេងៗដូចជា Touch Bar ថ្មី ដែលមានបំពាក់នៅលើ MacBook Pro ព្រមទាំងប៊ូតុង Home ថ្មី នៅលើផ្ទៃអេក្រង់តែម្តង៕ 

ប្រភព៖ Forbes

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ ទូរស័ព្ទ iPhone ជំនាន់ក្រោយ នឹងបំពាក់បច្ចេកវិទ្យាមួយចំនួន ដូច Samsung Galaxy បេះបិទ

សារព័ត៌មាន Business Insider បានចុះផ្សាយថា បន្ទាប់ពីមានការចោទប្រកាន់ជាច្រើនឆ្នាំ ទៅលើក្រុមហ៊ុន Samsung ថាបានលួចចម្លងការឌីហ្សាញ និងគំនិតមួយចំនួនរបស់ខ្លួននោះ ពេលនេះក្រុមហ៊ុន Apple ហាក់កំពុងសម្លឹងរកមើលបច្ចេកវិទ្យាថ្មីមួយចំនួន ដាក់លើទូរស័ព្ទ iPhone ជំនាន់ក្រោយៗ ដើម្បីធ្វើការប្រកួតប្រជែងក្នុងទីផ្សារស្មាតហ្វូន។

យោងតាមរបាយការណ៍ដែលចេញដោយកាសែត The Wall Street Journal របស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី០១ ខែមីនា បានឲ្យដឹងថា ទូរស័ព្ទ iPhone ជំនាន់ក្រោយៗ នឹងបំពាក់មកជាមួយនូវបច្ចេកវិទ្យាថ្មីៗជាច្រើន និងមានលក្ខណៈពិសេស ប៉ុន្តែបច្ចេកវិទ្យាថ្មីៗទាំងនោះ ត្រូវគេដឹងថា ធ្លាប់មានរួចទៅហើយនៅលើទូរស័ព្ទរបស់ក្រុមហ៊ុន Samsung ស៊េរី Galaxy ។

បច្ចេកវិទ្យាថ្មីៗទាំងអស់នោះរួមមាន៖

អេក្រង់កោង៖ iPhone ជំនាន់ក្រោយ នឹងបំពាក់មកជាមួយនូវអេក្រង់កោង ដែលបច្ចេកវិទ្យានេះ ធ្លាប់ប្រើរួចទៅហើយលើទូរស័ព្ទ Samsung Galaxy Note Edge ចាប់តាំងពីឆ្នាំ២០១៤មក និង Galaxy S6 ហើយឆាប់ៗខាងមុខនេះ គឺ Galaxy S8។

អេក្រង់ប្រភេទ OLED ៖ អេក្រង់ប្រភេទនេះ មានគុណភាពខ្ពស់ ហើយអាចបង្ហាញពណ៌បានល្អជាងអេក្រង់ប្រភេទ LCD ដែលក្រុមហ៊ុន Apple បានបំពាក់លើ ទូរស័ព្ទ iPhone ជំនាន់ដំបូងរបស់ខ្លួនទៅទៀត។ ចំពោះអក្រង់ប្រភេទ OLED នេះ ក្រុមហ៊ុន Samsung មានជំនាញខ្ពស់ក្នុងការផលិត ហើយបានបំពាក់លើទូរស័ព្ទរបស់ខ្លួន ជាច្រើនឆ្នាំមកហើយ។

រន្ធសាកថ្ម ប្រភេទ USB-C៖ ទូរស័ព្ទ iPhone ជំនាន់ក្រោយនឹងផ្លាស់ប្តូររន្ធសាកថ្ម មកជាប្រភេទ USB-C វិញ ដែលវាជាប្រភេទខ្សែ USB លក្ខណៈស្តង់ដារថ្មីបំផុត មានប្រើស្ទើរគ្រប់ប្រភេទឧបករណ៍អេឡិចត្រូនិចទាំងអស់។ ដែលបច្ចេកវិទ្យានេះ ក៏មានបំពាក់លើ ទូរស័ព្ទ Samsung ជាយូរមកហើយផងដែរ។

ក្រៅពីបច្ចេកវិទ្យាទាំងនេះ ក៏មានពាក្យចចាមអារ៉ាមថា ទូរស័ព្ទ iPhone នឹងប្រើបច្ចេកវិទ្យាសាកថ្មឥតខ្សែផងដែរ ហើយថែមទាំងលុបបំបាត់ប៊ូតុង Home ចោលថែមទៀត ដោយជំនួសមកវិញនូវប៊ូតុងឌីជីថល ដែលចុចលើអេក្រង់ផ្ទាល់តែម្តង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]