បរទេស៖ សារព័ត៌មាន Business Insider បានចុះផ្សាយថា បន្ទាប់ពីមានការចោទប្រកាន់ជាច្រើនឆ្នាំ ទៅលើក្រុមហ៊ុន Samsung ថាបានលួចចម្លងការឌីហ្សាញ និងគំនិតមួយចំនួនរបស់ខ្លួននោះ ពេលនេះក្រុមហ៊ុន Apple ហាក់កំពុងសម្លឹងរកមើលបច្ចេកវិទ្យាថ្មីមួយចំនួន ដាក់លើទូរស័ព្ទ iPhone ជំនាន់ក្រោយៗ ដើម្បីធ្វើការប្រកួតប្រជែងក្នុងទីផ្សារស្មាតហ្វូន។

យោងតាមរបាយការណ៍ដែលចេញដោយកាសែត The Wall Street Journal របស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី០១ ខែមីនា បានឲ្យដឹងថា ទូរស័ព្ទ iPhone ជំនាន់ក្រោយៗ នឹងបំពាក់មកជាមួយនូវបច្ចេកវិទ្យាថ្មីៗជាច្រើន និងមានលក្ខណៈពិសេស ប៉ុន្តែបច្ចេកវិទ្យាថ្មីៗទាំងនោះ ត្រូវគេដឹងថា ធ្លាប់មានរួចទៅហើយនៅលើទូរស័ព្ទរបស់ក្រុមហ៊ុន Samsung ស៊េរី Galaxy ។ 

បច្ចេកវិទ្យាថ្មីៗទាំងអស់នោះរួមមាន៖

អេក្រង់កោង៖ iPhone ជំនាន់ក្រោយ នឹងបំពាក់មកជាមួយនូវអេក្រង់កោង ដែលបច្ចេកវិទ្យានេះ ធ្លាប់ប្រើរួចទៅហើយលើទូរស័ព្ទ Samsung Galaxy Note Edge ចាប់តាំងពីឆ្នាំ២០១៤មក និង Galaxy S6 ហើយឆាប់ៗខាងមុខនេះ គឺ Galaxy S8។ 

អេក្រង់ប្រភេទ OLED ៖ អេក្រង់ប្រភេទនេះ មានគុណភាពខ្ពស់ ហើយអាចបង្ហាញពណ៌បានល្អជាងអេក្រង់ប្រភេទ LCD ដែលក្រុមហ៊ុន Apple បានបំពាក់លើ ទូរស័ព្ទ iPhone ជំនាន់ដំបូងរបស់ខ្លួនទៅទៀត។ ចំពោះអក្រង់ប្រភេទ OLED នេះ ក្រុមហ៊ុន Samsung មានជំនាញខ្ពស់ក្នុងការផលិត ហើយបានបំពាក់លើទូរស័ព្ទរបស់ខ្លួន ជាច្រើនឆ្នាំមកហើយ។

រន្ធសាកថ្ម ប្រភេទ USB-C៖ ទូរស័ព្ទ iPhone ជំនាន់ក្រោយនឹងផ្លាស់ប្តូររន្ធសាកថ្ម មកជាប្រភេទ USB-C វិញ ដែលវាជាប្រភេទខ្សែ USB លក្ខណៈស្តង់ដារថ្មីបំផុត មានប្រើស្ទើរគ្រប់ប្រភេទឧបករណ៍អេឡិចត្រូនិចទាំងអស់។ ដែលបច្ចេកវិទ្យានេះ ក៏មានបំពាក់លើ ទូរស័ព្ទ Samsung ជាយូរមកហើយផងដែរ។

ក្រៅពីបច្ចេកវិទ្យាទាំងនេះ ក៏មានពាក្យចចាមអារ៉ាមថា ទូរស័ព្ទ iPhone នឹងប្រើបច្ចេកវិទ្យាសាកថ្មឥតខ្សែផងដែរ ហើយថែមទាំងលុបបំបាត់ប៊ូតុង Home ចោលថែមទៀត ដោយជំនួសមកវិញនូវប៊ូតុងឌីជីថល ដែលចុចលើអេក្រង់ផ្ទាល់តែម្តង៕

ប្រភព៖ BusinessInsider

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ ឡើងឡូយ! Nokia 3310 ឬក្បាលត្រីអណ្តែង ស៊េរី២០១៧ ចេញជាផ្លូវការហើយ

កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រុមហ៊ុន Nokia បាននាំយកទូរស័ព្ទជំនាន់ចាស់ Nokia 3310 ឬក្បាលត្រីអណ្តែង មកកាន់ទីផ្សារពិភពលោកជាថ្មីម្តងទៀត ជាមួយនឹងរូបរាងយ៉ាងឡូយ ស៊េរី២០១៧។

គួររំឮកថា ទូរស័ព្ទជំនាន់ចាស់ Nokia 3310 ឬក្បាលត្រីអណ្តែងនេះ ត្រូវបានចេញលក់ជាលើកដំបូងនៅក្នុងឆ្នាំ២០០០ ដោយមានភ្ជាប់មកជាមួយនូវ ហ្គេមពស់ ដ៏មានប្រជាប្រិយបំផុត និងថាមពលថ្មទុកចោលបានដល់ទៅ ១ខែឯណោះ។

ក្រុមហ៊ុន Nokia បានឲ្យដឹងថា ទូរស័ព្ទ Nokia 3310 ឬក្បាលត្រីអណ្តែង ជំនាន់ថ្មីនេះ គឺមិនមានប្រព័ន្ធអ៊ិនធើណេតនោះទេ ហើយវាមានតម្លៃជាង ៥០ដុល្លារ និងសាកសមបំផុតសម្រាប់អ្នកដែលចង់ប្រើតែលើការសន្ទនាទូរស័ព្ទ និងផ្ញើសារ ហើយមានទាំងប្រភេទស៊ីម១ និងស៊ីម២។

ខាងក្រោមជាលក្ខណៈសម្បត្តិលម្អិតរបស់ Nokia 3310 ស៊េរី២០១៧៖

អេក្រង់៖ ប្រភេទ TFT ទំហំ២,៤អ៊ីញ កម្រិតរូបភាព ២៤០x៣២០ ភីកសែល

អង់ចង់ចាំ(MEMORY)៖ ប្រភេទ microSD ទំហំ១៦MB អាចបន្ថែមបានដល់ទៅ ៣២GB, មានកម្មវីធីថតការសន្ទនាទូរស័ព្ទ

កាមេរ៉ា៖ ទំហំ ២MP (មានថតវីដេអូ), និងភ្លើងពិល

សម្លេង៖ សំឡេងរោទ៍ MP3, ប្រដាប់បំពងសំឡេង, រន្ធដោតកាស 3.5mm jack

ប្លូធួ៖ Bluetooth v3.0, A2DP វិទ្យុ និងរន្ធ USB microUSB v2.0

ថ្ម៖ ប្រភេទ Li-Ion 1200 mAh អាចដោះបាន

ទុកចោល៖ អាចដល់ ៧៤៤ម៉ោង

សន្ទនា៖ អាចដល់ ២២ម៉ោង

ស្តាប់ចម្រៀង៖ អាចដល់ ៥១ម៉ោង

ប្រភេទស៊ីម២ ៖ ថ្មប្រភេទ Li-Ion 1200 mAh អាចដោះបាន

ទុកចោល៖ អាចដល់ ៦០០ម៉ោង

សន្ទនា៖ អាចដល់ ២២ម៉ោង

ពណ៌៖ ក្រហមចាស់(រលោង), ខៀវចាស់ (គ្រៀម), បៃតង (រលោង), ប្រផេះ (គ្រៀម)៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]