ថៃ៖ បុរសមហាសែនប្រច័ណ្ឌលោក Chatchawarn Tarrin អាយុ ២៨ឆ្នាំ ដែលទើបតែរៀបការជាមួយនាង Nednapha Nuankhul អាយុ ២៦ឆ្នាំ កាលពីខែមករាឆ្នាំមុននេះ បានដាច់ចិត្ដចាក់សាំងដុតនាងទាំងរស់ ដោយសារតែរឿងនាងថតរូប បង្ហោះចូលក្នុងបណ្ដាញសង្គម។

គួរឲ្យដឹងថា កាលពីខែធ្នូកន្លងទៅនេះ នាង Nuankhul បានបង្ហោះរូប selfie សាមញ្ញធម្មតាៗរបស់ខ្លួនចំនួន ៣សន្លឹកទៅក្នុងបណ្តាញសង្គមហ្វេប៊ុករបស់នាង ប៉ុន្តែវាបានធ្វើឲ្យប្តីរបស់នាង កើតចិត្តប្រច័ណ្ឌ រហូតទប់កំហឹងមិនរួច ដោយស្រោចសាំង ហើយដុតនាងនៅក្នុងផ្ទះតែម្ដង។

នៅពេលកើតហេតុ នារីកូនមួយរូបនេះ បានព្យាយាមរត់គេចដែរ ប៉ុន្តែប្តីរបស់នាងនៅតែអាចចាក់សាំង និងដុតភ្លើងទៅលើរូបនាង នៅនឹងផ្ទះរបស់ពួកគេ នៅឯតំបន់ Chiang Kham ភាគខាងជើងប្រទេសថៃ។ បន្ទាប់ពីកើតហេតុនាង Nuankhul បានរងរបួសពេញខ្លូនប្រាណ និងមុខ ដែលនាងចាំបាច់ត្រូវធ្វើការវះកាត់៣ដង និងការវះកាត់ជាច្រើនដងទៀតនៅខែបន្តបន្ទាប់ទៀត។

ផ្ទុយទៅវិញ នាង Nuankhul បាននិយាយថា នាងនឹងលើកលែងទោសឲ្យប្តីរបស់នាង ដែលកំពុងតែរង់ចាំការកាត់ទោសនោះ ព្រោះតែនាងមិនចង់ឲ្យរឿងមួយនេះ ប៉ះពាល់ទៅដល់កូនប្រុសតែមួយរបស់នាងឡើយ។

សម្រាប់ពេលនេះ នាងបានចេញពីមន្ទីរពេទ្យហើយ។ នាងបាននិយាយថា “វាបានធ្វើឲ្យខ្ញុំមានភាពភ័យខ្លាចទាំងផ្លូវកាយ និងផ្លូវចិត្ត ប៉ុន្តែខ្ញុំត្រូវតែលើកលែងទោសឲ្យគាត់(ប្តី) ព្រោះពួកយើងមានកូនប្រុសមួយរួមគ្នា”។

យ៉ាងណាមិញ មិត្តភក្តិរបស់នាង Nuankhul ម្នាក់ មានឈ្មោះថា Sudarat Khunarup បានថតរូបរបស់នាង ដើម្បីអំពាវនាវរកថវិកាទៅព្យាបាលសាច់ ដែលរលួយដោយសារភ្លើងឆេះ។ នាង Sudarat Khunarup បាននិយាយថា “Nuankhul ត្រូវបានប្តីរបស់នាងចាក់សាំងដុត។ នាងមិនស្លាប់ទេ ប៉ុន្តែនាងមានការឈឺចាប់យ៉ាងខ្លាំង ហើយនាងត្រូវការជំនួយ ខាងវេជ្ជសាស្ត្រយ៉ាងច្រើនផងដែរ”។

“នាងបានទទួលការវះកាត់ផ្នែក ក មាត់ និង ចង្ការ ២-៣ដងរួចមកហើយ។ ម្រាមដៃរបស់នាងក៏បានទទួលរងផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរផងដែរ ហើយនាងក៏ត្រូវការការវះកាត់ដៃស្តាំរបស់នាងទៀត មិនតែប៉ុណ្ណោះ នាងក៏មានបញ្ហាសសៃថែមទៀតផង”។

“នាងមិនអាចធ្វើការបានទេ ហើយប្តីរបស់នាងក៏មិនអាចផ្គត់ផ្គង់នាងបានដែរ ព្រោះតែគេ កំពុងត្រូវបានឃុំខ្លួននៅក្នុងគុក។ ឥឡូវនេះ នាងត្រូវការជំនួយសំខាន់ៗមួយចំនូនដូចជា ទឹកអាកុលលាងរបួស បង់រុំរបួស ក្រណាត់ស និងសម្ភារៈសម្រាប់ព្យាបាលជាច្រើនទៀត”។

ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីកើតហេតុ លោក Chatchawarn ត្រូវបានចាប់ខ្លួនភ្លាមៗតែម្តង។ ប៉ុន្តែ មន្ត្រីប៉ូលិស ប្រចាំនៅក្នុងតំបន់ Chiang Kham មិនទាន់បានបង្ហាញឲ្យដឹងនៅឡើយទេថា តើជនបង្កហេតុរូបនេះ នឹងត្រូវកាត់ទោសនៅពេលណា ហើយជាប់គុករយៈពេលប៉ុន្មាននោះទេ។

អ្នកនាំពាក្យម្នាក់បាននិយាយថា “នេះគឺជាបញ្ហាប្តីប្រពន្ធ ហើយវាកំពុងស្ថិតនៅដំណាក់កាលស៊ើបអង្កេត ដូច្នេះពួកយើងនឹងអាចធ្វើការកាត់ទោស ដ៏ត្រឹមត្រូវមួយ”៕

ប្រភព៖ ដេលីម៊ែល

ក្រឡេកមកមើលព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖

ពិតជាគួរឲ្យសរសើរមែន! កុមារាអភ័ព្វពិការដៃ ទាំងសងខាងពីកំណើត ខំប្រឹងរៀនសូត្រប្រើជើងសរសេរអក្សរ រហូតធ្វើតេស្តប្រលង ទទួលបានលទ្ធផលដ៏ល្អ

ចិន៖ កាលពីថ្មីៗនេះ កុមារាជនជាតិចិនម្នាក់បានធ្វើឲ្យគ្រប់គ្នា មានការកោតសរសើរយ៉ាងខ្លាំង ចំពោះទឹកចិត្តនៃការខិតខំតស៊ូរៀនសូត្ររបស់គេ រហូតទទួលបានលទ្ធផលប្រលងដ៏ល្អមួយ ថ្វីបើរូបគេត្រឹមតែជាមនុស្សពិការដៃទាំងសងខាងក្តី។ នេះបើយោងតាមប្រភពសារព័ត៌មាន សៀងហៃ បានចុះផ្សាយ។

កុមារា Jiang Tianjin មានអាយុ៨ឆ្នាំ ជាកូនសិស្សម្នាក់ សិក្សានៅសាលាបឋមសិក្សាមួយកន្លែង ក្នុងស្រុក Shehong ខេត្ត Sichuan ប្រទេសចិន។ Jiang ជាកូនសិស្សម្នាក់ ដែលមានសភាពខុសប្លែក ពីមិត្តរួមថ្នាក់របស់គេដទៃទៀតផងដែរ។ នោះក៏ដោយសារតែ Jiang គេគឺជាកុមារាអភ័ព្វ ពិការដៃទាំងសងខាងពីកំណើត ជាហេតុធ្វើឲ្យរូបគេប្រើជើងខាងស្តាំជំនួស ដើម្បីសរសេរអក្សរផងដែរ។

បើតាមប្រភពបានឲ្យដឹងថា Jiang ជាក្មេងម្នាក់ ដែលតែងតែចូលចិត្តអង្គុយ នៅតុមុខគេក្នុងថ្នាក់រៀន ហើយព្យាយាមសម្របខ្លួនឯង ដោយផ្តោតទៅលើការសិក្សារៀនសូត្រយ៉ាងខ្លាំង រហូតក្លាយខ្លួនជាសិស្សពូកែម្នាក់ នៅក្នុងថ្នាក់ថែមទៀតផង។ អ្វីដែលពិបាកចិត្តបន្ថិចនោះ នៅពេលដែលគ្រូបង្រៀនរបស់គេ មានសំណួរដើម្បីចោទសួរឲ្យសិស្សឡើងឆ្លើយ មិត្តរួមថ្នាក់របស់ Jiang តែងនាំគ្នាលើកដៃដើម្បីជាសញ្ញា។ ប៉ុន្តែផ្ទុយស្រលះពី Jiang បានត្រឹមតែអង្គុយនៅថ្នាក់ យ៉ាងស្ងៀមស្ងាត់ម៉ង់ៗតែម្នាក់ឯង ដោយសុខចិត្តរង់ចាំឲ្យគ្រូរបស់គេ ចុចឈ្មោះហៅគេតែប៉ុណ្ណោះ។

ជាក់ស្តែង កាលពីពេលថ្មីៗកន្លងទៅនេះ គ្រូបង្រៀនរបស់ Jiang Tianjin បានបង្ហាញក្រដាសប្រលងធ្វើតេស្តមួយ ដើម្បីឲ្យគ្រប់គ្នាបានឃើញ ពីសមត្ថភាពរបស់ក្មេងប្រុសរូបនេះ ដែលជាលទ្ធផល Jiang បានទទួលពិន្ទុយ៉ាងល្អបំផុត ក្នុងការប្រលងរបស់គេ ដោយកើតចេញពីការខិតខំប្រឹងប្រែង ប្រើត្រឹមតែម្រាមជើងដើម្បីសរសេរអក្សរ និងខួរក្បាលដើម្បីគិតតែប៉ុណ្ណោះ។

ដោយឡែក បើងាកទៅមើលពីអតីតកាលរបស់កុមារ Jiang វិញ ជីវិតរបស់គេគឺពិតជាគួរឲ្យអាណិតខ្លាំងណាស់។ នៅពេលដែលម្តាយរបស់គេ ឆ្លងទន្លេបានរូបគេភ្លាម រួចបានដឹងថា Jiang ពិការដៃទាំងសងខាង បានធ្វើឲ្យម្តាយរបស់គេរន្ធត់ចិត្ត រហូតដល់ថ្នាក់សន្លប់បាត់បង់ស្មារតីតែម្តង។ នៅគ្រានោះដែរម្តាយរបស់ Jiang សន្លប់មិនដឹងខ្លួន គ្រួសារសាច់ញាតិក៏បានលួចយក Jiang ចេញទៅឆ្ងាយ ដោយបានយកគេទៅទម្លាក់ឲ្យ អ្នករត់ស៊ីក្លូម្នាក់ដើម្បីយកទៅចិញ្ចឹម។ បន្ទាប់ពីម្តាយ Jiang ភ្ញាក់ដឹងខ្លួនមិនឃើញកូនខ្លួនឯង គាត់ក៏បានស្រែកយំយ៉ាងខ្លាំង។

ចំណែកឯ អ្នករត់ស៊ីក្លូវិញ ក្រោយបានដឹងថា ក្មេងប្រុសតូច (Jiang) ដែលគេទម្លាក់យកមកឲ្យគាត់នោះ កើតមកគ្មានដៃ គាត់ក៏បានយកគេទៅទម្លាក់បន្តចោល នៅក្បែរចិញ្ចើមផ្លូវវិញផងដែរ។ ប៉ុន្តែជាសំណាងល្អហើយ ដែលត្រូវបានក្រុមមន្រ្តីប៉ូលិស ប្រទះឃើញរួចក៏ប្រកាសទាក់ទង បញ្ជូនកុមារាអភ័ព្វរូបនេះ ទៅកាន់មន្ទីរពេទ្យបានជួបមុខម្តាយរបស់គេវិញ រហូតមកដល់សព្វថ្ងៃតែម្តង។

ម្តាយរបស់ Jiang បាននិយាយថា ថ្វីត្បិតតែកូនប្រុសរបស់គាត់ កើតមកគ្មានដៃក៏ពិតមែន តែរូបគាត់សន្យាថា នឹងមើលថែទាំកូនរបស់ខ្លួនឲ្យដល់ទីបំផុត និងមិនឲ្យរូបគេរបូតចេញទៅណា ឆ្ងាយពីដៃដូចមុនទៀតឡើយ។

ដោយសារតែរឿងរ៉ាវដ៏គួរឲ្យកំសត់ បូករួមជាមួយនឹងការខិតខំ តស៊ូព្យាយាមរៀនសូត្រ យ៉ាងយកចិត្តទុកដាក់របស់ Jiang នេះហើយ ទើបធ្វើឲ្យអ្នកនិយមលេងបណ្តាញសង្គមជាច្រើន រំជួលចិត្ត និងកោតសរសើរដល់ Jiang យ៉ាងខ្លាំង មិនបាក់ទឹកចិត្តតស៊ូក្នុងជីវិត រហូតក្លាយខ្លួនជាសិស្សឆ្នើម ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]