ចិន៖ កាលពីថ្មីៗនេះ កុមារាជនជាតិចិនម្នាក់បានធ្វើឲ្យគ្រប់គ្នា មានការកោតសរសើរយ៉ាងខ្លាំង ចំពោះទឹកចិត្តនៃការខិតខំតស៊ូរៀនសូត្ររបស់គេ រហូតទទួលបានលទ្ធផលប្រលងដ៏ល្អមួយ ថ្វីបើរូបគេត្រឹមតែជាមនុស្សពិការដៃទាំងសងខាងក្តី។ នេះបើយោងតាមប្រភពសារព័ត៌មាន សៀងហៃ បានចុះផ្សាយ។

កុមារា Jiang Tianjin មានអាយុ៨ឆ្នាំ ជាកូនសិស្សម្នាក់ សិក្សានៅសាលាបឋមសិក្សាមួយកន្លែង ក្នុងស្រុក Shehong ខេត្ត Sichuan ប្រទេសចិន។ Jiang ជាកូនសិស្សម្នាក់ ដែលមានសភាពខុសប្លែក ពីមិត្តរួមថ្នាក់របស់គេដទៃទៀតផងដែរ។ នោះក៏ដោយសារតែ Jiang គេគឺជាកុមារាអភ័ព្វ ពិការដៃទាំងសងខាងពីកំណើត ជាហេតុធ្វើឲ្យរូបគេប្រើជើងខាងស្តាំជំនួស ដើម្បីសរសេរអក្សរផងដែរ។

បើតាមប្រភពបានឲ្យដឹងថា Jiang ជាក្មេងម្នាក់ ដែលតែងតែចូលចិត្តអង្គុយ នៅតុមុខគេក្នុងថ្នាក់រៀន ហើយព្យាយាមសម្របខ្លួនឯង ដោយផ្តោតទៅលើការសិក្សារៀនសូត្រយ៉ាងខ្លាំង រហូតក្លាយខ្លួនជាសិស្សពូកែម្នាក់ នៅក្នុងថ្នាក់ថែមទៀតផង។ អ្វីដែលពិបាកចិត្តបន្ថិចនោះ នៅពេលដែលគ្រូបង្រៀនរបស់គេ មានសំណួរដើម្បីចោទសួរឲ្យសិស្សឡើងឆ្លើយ មិត្តរួមថ្នាក់របស់ Jiang តែងនាំគ្នាលើកដៃដើម្បីជាសញ្ញា។ ប៉ុន្តែផ្ទុយស្រលះពី Jiang បានត្រឹមតែអង្គុយនៅថ្នាក់ យ៉ាងស្ងៀមស្ងាត់ម៉ង់ៗតែម្នាក់ឯង ដោយសុខចិត្តរង់ចាំឲ្យគ្រូរបស់គេ ចុចឈ្មោះហៅគេតែប៉ុណ្ណោះ។

ជាក់ស្តែង កាលពីពេលថ្មីៗកន្លងទៅនេះ គ្រូបង្រៀនរបស់ Jiang Tianjin បានបង្ហាញក្រដាសប្រលងធ្វើតេស្តមួយ ដើម្បីឲ្យគ្រប់គ្នាបានឃើញ ពីសមត្ថភាពរបស់ក្មេងប្រុសរូបនេះ ដែលជាលទ្ធផល Jiang បានទទួលពិន្ទុយ៉ាងល្អបំផុត ក្នុងការប្រលងរបស់គេ ដោយកើតចេញពីការខិតខំប្រឹងប្រែង ប្រើត្រឹមតែម្រាមជើងដើម្បីសរសេរអក្សរ និងខួរក្បាលដើម្បីគិតតែប៉ុណ្ណោះ។

ដោយឡែក បើងាកទៅមើលពីអតីតកាលរបស់កុមារ Jiang វិញ ជីវិតរបស់គេគឺពិតជាគួរឲ្យអាណិតខ្លាំងណាស់។ នៅពេលដែលម្តាយរបស់គេ ឆ្លងទន្លេបានរូបគេភ្លាម រួចបានដឹងថា Jiang ពិការដៃទាំងសងខាង បានធ្វើឲ្យម្តាយរបស់គេរន្ធត់ចិត្ត រហូតដល់ថ្នាក់សន្លប់បាត់បង់ស្មារតីតែម្តង។ នៅគ្រានោះដែរម្តាយរបស់ Jiang សន្លប់មិនដឹងខ្លួន គ្រួសារសាច់ញាតិក៏បានលួចយក Jiang ចេញទៅឆ្ងាយ ដោយបានយកគេទៅទម្លាក់ឲ្យ អ្នករត់ស៊ីក្លូម្នាក់ដើម្បីយកទៅចិញ្ចឹម។ បន្ទាប់ពីម្តាយ Jiang ភ្ញាក់ដឹងខ្លួនមិនឃើញកូនខ្លួនឯង គាត់ក៏បានស្រែកយំយ៉ាងខ្លាំង។

ចំណែកឯ អ្នករត់ស៊ីក្លូវិញ ក្រោយបានដឹងថា ក្មេងប្រុសតូច  (Jiang) ដែលគេទម្លាក់យកមកឲ្យគាត់នោះ  កើតមកគ្មានដៃ គាត់ក៏បានយកគេទៅទម្លាក់បន្តចោល នៅក្បែរចិញ្ចើមផ្លូវវិញផងដែរ។ ប៉ុន្តែជាសំណាងល្អហើយ ដែលត្រូវបានក្រុមមន្រ្តីប៉ូលិស ប្រទះឃើញរួចក៏ប្រកាសទាក់ទង បញ្ជូនកុមារាអភ័ព្វរូបនេះ ទៅកាន់មន្ទីរពេទ្យបានជួបមុខម្តាយរបស់គេវិញ រហូតមកដល់សព្វថ្ងៃតែម្តង។

ម្តាយរបស់ Jiang បាននិយាយថា ថ្វីត្បិតតែកូនប្រុសរបស់គាត់ កើតមកគ្មានដៃក៏ពិតមែន តែរូបគាត់សន្យាថា នឹងមើលថែទាំកូនរបស់ខ្លួនឲ្យដល់ទីបំផុត និងមិនឲ្យរូបគេរបូតចេញទៅណា ឆ្ងាយពីដៃដូចមុនទៀតឡើយ។

ដោយសារតែរឿងរ៉ាវដ៏គួរឲ្យកំសត់ បូករួមជាមួយនឹងការខិតខំ តស៊ូព្យាយាមរៀនសូត្រ យ៉ាងយកចិត្តទុកដាក់របស់ Jiang នេះហើយ ទើបធ្វើឲ្យអ្នកនិយមលេងបណ្តាញសង្គមជាច្រើន រំជួលចិត្ត និងកោតសរសើរដល់ Jiang យ៉ាងខ្លាំង មិនបាក់ទឹកចិត្តតស៊ូក្នុងជីវិត រហូតក្លាយខ្លួនជាសិស្សឆ្នើម ៕ 

ប្រភព៖ Shanghaiist

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

ឪពុកខឹងកូនប្រុសមិនព្រមធ្វើ កិច្ចការសាលា ដាក់ទណ្ឌកម្មចងផ្អោបនឹងឈើឆ្កាង កំពុងរងការរិះគន់ពីភ្នែកមហាជន

ចិន៖ តើវាសមហេតុផលដែរទេ ដែលឪពុកម្តាយគ្រប់រូប គួរណាស់ត្រូវតែដាក់ទណ្ឌកម្មលើកូនខ្លួនឯង ស្ថិតក្នុងរូបភាពដែលសង្គមមិនអាចទទួលយកបាន ដោយសារតែកំហុសតូចតាចមួយ?

ជាក់ស្តែង កាលពីពេលថ្មីៗនេះ កុមារាជនជាតិចិនអាយុ១០ឆ្នាំម្នាក់ ត្រូវបានឪពុករបស់គេដាក់ពិន័យ ដោយចងផ្អោបនឹងឈើឆ្កាង ព្រោះខឹងកូនខ្លួនឯងមិនព្រមធ្វើកិច្ចការសាលា។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងក្នុងស្រុក Yongchuan ទីក្រុង Chongqing ភាគនិរតីនៃប្រទេសចិន។

តាមរយៈរូបភាពមួយសន្លឹក ដែលត្រូវបានគេយកមក បង្ហោះចែកចាយនៅលើបណ្តាញសង្គម គេឃើញថា កុមារារងគ្រោះបានលត់ជង្គង់ នៅលើកញ្ជើជ័រមួយ រីឯដៃរបស់គេវិញ ត្រូវបានត្រដាងទាំងសងខាង ដោយចងផ្អោបទៅនឹងឈើឆ្កាង អស់រយៈពេលជាច្រើនម៉ោង នៅចិញ្ចើមផ្លូវមួយកន្លែងក្នុងទីក្រុង។

បើតាមប្រភពពីអ្នកជិតខាងរស់នៅតំបន់ខាងលើបានឲ្យដឹងថា បុរសជាឪពុកកុមាររងគ្រោះ មានកូនប្រុស២នាក់ ហើយគាត់គឺជាម្ចាស់ហាងលក់ផ្លែឈើ ដ៏ល្បីឈ្មោះមួយនៅក្នុងតំបន់។ សម្រាប់មូលហេតុកើតមានរឿងរ៉ាវយ៉ាងដូច្នេះ ក៏ដោយសារតែ គ្រូបង្រៀនរបស់កូនប្រុសគាត់ បានរាយការណ៍ប្រាប់គាត់ដែលជាឪពុកថា កូនប្រុសរបស់គាត់មិនបានធ្វើកិច្ចការសាលាជាច្រើនលើកច្រើនសាមកហើយ ទើបធ្វើឲ្យឪពុករបស់គេខឹង ហើយក៏ដាក់ពិន័យបែបនេះតែម្តងទៅ។

ទោះបីជាយ៉ាងណាក្តី បន្ទាប់ពីរូបភាពមួយសន្លឹកនេះ ត្រូវបានសាយភាយពេញអ៊ីនធើណែតមក បុរសជាឪពុកបាននិយាយថា អ្នកជិតខាងរបស់គាត់ គឺពិតជាមនុស្សអាក្រក់មែន ដែលហ៊ានលួចថតរូបកូនប្រុសរបស់គាត់ ទាំងសភាពបែបនេះ ហើយយកទៅបង្ហោះចែកចាយ នៅលើបណ្តាញសង្គម ដោយគ្មានការអនុញ្ញាតពីគាត់។

បុរសជាឪពុកបានលើកឡើងទៀតថា វាមិនមែនជាបញ្ហាអ្វីធ្ងន់ធ្ងរឡើយ ចំពោះរឿងមួយនេះ ហើយគាត់ធ្វើវាឡើង ក៏ដើម្បីគម្រាមកូនរបស់គាត់លេងតែប៉ុណ្ណោះ ដើម្បីឲ្យគេរាងចាលនៅថ្ងៃក្រោយ។ បន្ថែមលើនេះ បុរសជាឪពុកសង្ឃឹមជឿជាក់ថា អតិថិជននឹងនៅតែបន្តការគាំទ្រលើហាងលក់ផ្លែឈើរបស់គាត់ ដោយមិនប្រកាន់ចំពោះរឿងតូចតាច ដែលបានកើតឡើងនោះទេ។

យ៉ាងណាមិញ គេមិនទាន់ច្បាស់ទេថា តើករណីខាងលើនេះ ត្រូវបានស៊ើបអង្កេតបន្ថែម ពីសំណាក់មន្រ្តីប៉ូលិសនៅឡើយឬយ៉ាងណា ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]