អាមេរិក៖ ដោយសារតែត្រូវសន្សំប្រាក់បន្តិចបន្តួច សម្រាប់រ៉ាប់រងបន្ទុកគ្រួសារ ចិញ្ចឹមម្តាយមានជំងឺនៅផ្ទះ មិនហ៊ានចាយវាយផ្តេសផ្តាស សុខចិត្តទៅ និងមកធ្វើការទាំងថ្មើរជើង ទីបំផុតយុវជនម្នាក់ រំភើបចិត្តស្ទើរស្រក់ទឹកភ្នែក បន្ទាប់ពីមិត្តរួមការងារចិត្តបុណ្យ បានប្រមែប្រមូលប្រាក់ដើម្បីទិញឡានទុកឲ្យជិះ។ 

រឿងរ៉ាវនេះកើតឡើងនៅក្នុងទីក្រុង Oxford រដ្ឋ Alabama សហរដ្ឋអាមេរិក ដោយយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា បុគ្គលិកធ្វើការនៅក្រុមហ៊ុនដឹកជញ្ជូន UPS ម្នាក់ឈ្មោះ James William មានក្តីអាណិតអាសូរចំពោះមិត្តរួមការងារ ដែលតែងតែដើរមកធ្វើការរាល់ថ្ងៃ ទីបំផុតក៏បានដាច់ចិត្តប្រមែប្រមូលប្រាក់ពីអ្នករួមការងារផ្សេងទៀត ទៅទិញរថយន្តមួយគ្រឿងម៉ាក Jeep ឲ្យយុវជន ម្នាក់ឈ្មោះ Derrick Taylor អាយុ១៩ឆ្នាំ ជាមិត្តរួមការងារជាមួយគ្នា ដើម្បីបានជិះមកធ្វើការដូចគេដូចឯង ធ្វើឲ្យយុវជនរូបនេះមានក្តីរំជើបរំជួលចិត្តយ៉ាងខ្លាំងចំពោះសន្តានចិត្តដ៏ប្រពៃមួយនេះ។

គួរឲ្យដឹងថា យុវជនឈ្មោះ Derrick អាយុ១៩ឆ្នាំរូបនេះ ចាប់ផ្តើមចេញធ្វើការ ដើម្បីចិញ្ចឹមម្តាយតាំងពីអាយុ១៤ឆ្នាំមកម្ល៉េះ។ Derrick បានធ្វើការនៅក្នុងក្រុមហ៊ុនដឹកជញ្ជូននេះអស់រយៈពេលជាង១ឆ្នាំកន្លះហើយ គេដឹកជញ្ជូនឥវ៉ាន់ម្តងៗបានតែ ១១.៩០ដុល្លារប៉ុណ្ណោះក្នុងមួយជើង។

ដោយសារតែគ្មានប្រាក់គ្រប់គ្រាន់ដើម្បីទិញឡានជិះ Derick ក៏សុខចិត្តដើរពីផ្ទះមកកន្លែងធ្វើការ ពីកន្លែងធ្វើការមកផ្ទះ ដែលមានចម្ងាយផ្លូវជាង១៦គីឡូម៉ែត្រស្ទើរជារៀងរាល់ថ្ងៃ ប៉ុន្តែពេលខ្លះក៏មានអ្នកធ្វើការជាមួយ ជួយជូនទៅផ្ទះម្តងម្កាលផងដែរ។

បុគ្គលិកធ្វើការនៅក្រុមហ៊ុនដឹកជញ្ជូនឈ្មោះ James William ដែលជាអ្នកផ្តើមគំនិតសប្បុរស និងជាមិត្តរួមការងាររបស់ Derrick បានបញ្ជាក់ថា តាមពិត Derrick មានប័ណ្ណបើកបរស្របច្បាប់ត្រឹមត្រូវ ប៉ុន្តែគេគ្មានលទ្ធភាពទិញឡាន ដោយសុខចិត្តដើរ ហើយយកប្រាក់ដែលរកបាននោះ ទៅសន្សំសម្រាប់ផ្គត់ផ្គង់ម្តាយនៅផ្ទះ បូកផ្សំនឹង Derrick គឺជាមនុស្សដែលប្រឹងប្រែងធ្វើការខ្លាំងផងនោះ ទើបដូច្នេះហើយ ពួកយើងក៏បាននឹកឃើញនូវវិធីនេះឡើង ដោយបានប្រមូលប្រាក់ពីបុគ្គលិកដ៏ទៃទៀត ទៅទិញឡានមួយគ្រឿងឲ្យគេ ដើម្បីជាមធ្យោបាយធ្វើដំណើរ។

ចំពោះ Derrick ផ្ទាល់វិញបានបញ្ជាក់ឲ្យដឹងផងដែរថា «ខ្ញុំពិតជារំភើបភ្ញាក់ផ្អើលខ្លាំងណាស់។ កន្លងមកគ្មាននរណាម្នាក់ធ្លាប់ធ្វើចឹងដាក់ខ្ញុំនោះទេ រហូតធ្វើឲ្យខ្ញុំទប់ទឹកភ្នែកសឹងពុំបាន»

Derrick បានបន្ថែមឲ្យដឹងទៀតថា «នៅពេលដែលខ្ញុំរកលុយបានច្រើន ពីការងារបើកឡានដឹកជញ្ជូននេះ ខ្ញុំនឹងវិនិយោគទៅលើអ្វីដែលអាចឲ្យខ្ញុំចំនេញ។ មួយវិញទៀត ខ្ញុំពិតជាចង់ចូលរៀននៅសាលាណាស់ មុខវិជ្ជាដែលខ្ញុំចង់រៀនជាងគេ គឺខាងធ្វើជំនួញ និងផ្នែកវិស្វកម្មតន្រ្តី» ៕  

ប្រភព៖ Dailymail

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ នរណាថាមិនរំភើប! កូនប្រុសលុតជង្គង់ សំពះឪពុកពិការដល់បាតជើង បង្ហាញពីភាពដឹងគុណ ដែលលោកបានតស៊ូចិញ្ចឹម រហូតកូនបានរៀនចប់

បរទេស៖ ឪពុកម្តាយគ្រប់រូបតែងតែ សុខចិត្តលះបង់នូវសេចក្តីសុខខ្លួនឯង ដើម្បីជំនះនូវរាល់គ្រប់ឧបសគ្គ ធ្វើការងារសព្វគ្រប់បែបយ៉ាង ទោះបីស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក្តី ធ្វើយ៉ាងណាឲ្យតែខ្លួនឯងមានលទ្ធភាព អាចបញ្ជូនកូនជាទីស្រលាញ់ បានសិក្សារៀនសូត្រ ដើម្បីទទួលបាននូវចំនេះដឹង និងអនាគតភ្លឺស្វាងនៅថ្ងៃអនាគត។

ជាក់ស្តែង កាលពីថ្មីៗនេះ រូបភាពដ៏មានអត្តន័យមួយសន្លឹក របស់និស្សិតប្រុសវ័យជំទង់ មិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានចែកចាយនៅលើបណ្តាញសង្គម ធ្វើឲ្យមហាជនជាច្រើនរំជួលចិត្តយ៉ាងខ្លាំង ដែលបង្ហាញទិដ្ឋភាព របស់និស្សិតប្រុសរូបនោះ បានលុតជង្គង់ក្រាបសំពះ ដល់បាតជើងរបស់ឪពុកខ្លួន ដែលជាជនពិការដៃម្នាក់ ដើម្បីបង្ហាញពីការគោរព និងការដឹងគុណ ចំពោះអ្នកមានគុណ ដែលបានខិតខំចិញ្ចឹមបីបាច់ថែរក្សា តាំងពីតូចរហូតដល់ធំ ដោយជាលទ្ធផលរូបគេ អាចបញ្ចប់ការសិក្សាបានដោយជោគជ័យ។ ខណៈនិស្សិតប្រុសរូបនោះ បានយល់ឃើញថា វាគឺជាពេលវេលាដ៏សមគួរជាទីបំផុត ដែលត្រូវដល់វេនខ្លួនគេ ជាអ្នកមើលថែទាំលោកអ្នកមានគុណវិញផងដែរ។

បើតាមប្រភបានឲ្យដឹងថា គ្រួសារមួយនេះស្ថិតក្នុងស្ថានភាពលំបាក រីឯបុរសជាឪពុក គឺជាជនពិការដៃមួយចំហៀង (ដៃស្តាំ) ថែមទៀតផង។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី រូបគាត់នៅតែខិតខំរកប្រាក់ ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅក្នុងគ្រូសារ និងដើម្បីមានលទ្ធភាពបញ្ជូនកូនរបស់គាត់ បានសិក្សារៀនសូត្រផងដែរ។ ជាក់ស្តែង វាមិនមែនជារឿងងាយស្រួលឡើយ ដែលខ្លួនជាមនុស្សជាពិការ តែនៅតែជំនះខំធ្វើការងារបន្ថែមជាច្រើន រហូតទីបំផុតកូនប្រុសសំណព្វចិត្តរបស់គាត់ អាចរៀនបញ្ចប់ការសិក្សាបាន។

ដោយសារតែ ទង្វើដ៏ប្រពៃនេះហើយ ទើបធ្វើឲ្យអ្នកនិយមលេងអ៊ីនធើណែតជាច្រើន មានក្តីរំជួលចិត្ត និងកោតសរសើរយ៉ាងខ្លាំង ចំពោះទឹកចិត្តនិងក្តីស្រលាញ់ របស់និស្សិតប្រុសរូបនោះ ដែលបានបំពេញកាតព្វកិច្ចជាកូនដ៏ល្អ បានដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះអ្នកមានគុណរបស់គេផងដែរ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]