ចិន៖ បុរសម្នាក់បានដាក់ពិន័យកូនប្រុសរបស់ខ្លួនដោយវិធីសាស្រ្តដ៏ភ្ញាក់ផ្អើលមួយ គឺចងព្យួរកូនប្រុសជាមួយនឹងមែកឈើនៅជាប់មាត់ទឹក។

វីដេអូមួយនោះត្រូវបានចែករំលែកពេញក្នុងបណ្តាញសង្គមរបស់ចិន ដែលគេឃើញមានបុរសជាឪពុកកំពុងកាន់ចុងម្ខាងនៃខ្សែពួរ  និងចុងម្ខាងទៀតត្រូវបានចងជាប់នឹងចង្កេះកូនប្រុសរបស់ខ្លួន យើងរយោងនៅនឹងមែកឈើពីលើទឹកទន្លេ។ នៅខណៈពេលដែលឪពុកនោះកំពុងទាញខ្សែពួរចុះឡើងៗ ក្មេងប្រុសអាយុ៧ឆ្នាំនោះ ក៏ព្យាយាមយំអង្វរឪពុករបស់គេឲ្យឈប់ធ្វើបែបនេះដែរ។

តាមពិតទៅមូលហេតុដែលឪពុកធ្វើបែបនេះ គឺដោយសារតែកូនប្រុសម្នាក់នោះមិនព្រមធ្វើកិច្ចការសាលាមុខវិជ្ជាគណិតវិទ្យាដែលគ្រូដាក់ឲ្យ។

យោងទៅតាមសារព័ត៌មាន The Paper បានឲ្យដឹងថា ហេតុការណ៍មួយនេះ បានកើតឡើងនៅក្នុងទីក្រុង Meishan ប្រទេសចិន កាលពីថ្ងៃច័ន្ទកន្លងទៅ ដែលមានមនុស្សម្នាជាច្រើនចោមរោមមើលសកម្មភាពរបស់ពួកគេ។ នៅខណៈពេលដែលមនុស្សមួយចំនួនមានការបារម្ភអំពីសុវត្ថិភាពរបស់កុមារនោះ ក៏មានអ្នកខ្លះទៀតអស់សំណើចជាមួយនឹងហេតុការណ៍នេះផងដែរ។

ទោះជាយ៉ាងណា មានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានចោទប្រកាន់ឪពុកម្នាក់នេះថា បានរំលោភបំពានលើកុមារ។ ផ្ទុយទៅវិញ អ្នកលេងបណ្តាញសង្គម Weibo ម្នាក់បានបញ្ចេញយោបល់ទៅលើវីដេអូនោះថា “ឥឡូវនេះ ឲ្យតែពេលដែលក្មេងប្រុសនោះឮអំពីគណិតវិទ្យា គេនឹងភ័យស្លន់ស្លោរតែម្តង។ ឪពុកម្នាក់នេះ ធ្វើបានល្អណាស់”។

តែយ៉ាងណាក៏ដោយ នេះជាការយកអាយុជីវិតកូនខ្លួនឯងមកប្រថុយប្រថាណផងដែរ ព្រោះបើចៃដន្យដាច់ខ្សែ ឬថ្លោះធ្លោយអ្វីមួយនោះ ក្មេងនោះច្បាស់ជាលង់ទឹកស្លាប់មិនខាន៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ បរទេស

ក្រឡេកមកមើលព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ ប្រពៃណីចម្លែក! ឪពុកម្ដាយនឹងមានសំណាងល្អ ប្រសិនបើចាប់កូនកោរសក់ ហើយកូននោះស្រែកយំខ្លាំង

ចិន៖ ប្រទេសចិន ជាប្រទេសដែលមានអរិយធម៌ចាស់ជាងគេមួយ ក្នុងចំណោមប្រទេសដែលមានអរិយធម៌ចាស់ៗផ្សេងទៀតក្នុងពិភពលោក។ បើទោះសម័យកាលចេះតែវិវឌ្ឍទៅមុខពីមួយថ្ងៃទៅមួយថ្ងៃ ក៏ពិធីបុណ្យសាសនា និងអបិយជំនឿផ្សេងៗ នៅតែត្រូវបានមនុស្សមួយចំនួន បន្តអនុវត្តរហូតមកដល់សព្វថ្ងៃ។

ជាក់ស្តែងពិធីបុណ្យមួយត្រូវបានប្រារព្ធធ្វើឡើងនៅរៀងរាល់ថ្ងៃទី២ នៃខែទី២ ក្នុងប្រតិទិនចន្ទគតិរបស់ចិន ដែលពិធីបុណ្យនេះមានឈ្មោះថា Longtaitou ឬមានន័យថា “ថ្ងៃដែលសត្វនាគងើបក្បាល”។

ជារឿងដែលចម្លែកក្នុងថ្ងៃពិធីបុណ្យនេះដែរ ដែលឪពុកម្ដាយគ្រប់រូបបាននាំកូនប្រុសតូចៗរបស់ពួកគេ ទៅហាងកាត់សក់ដើម្បីធ្វើការកោរសក់ ថ្វាយដល់សត្វនាគ ដែលពួកគេមានជំនឿថាកូនប្រុសប្រៀបដូចជាសត្វនាគ ហើយនៅពេលដែលពួកគេយំក្នុងពេលកោរសក់ វាប្រៀបបានដូចជាសត្វនាគកំពុងតែនាំទឹកភ្លៀងមកឲ្យពួកគេ ដូច្នោះដែរ។ អ្វីដែលពិសេសនោះ កូនណាដែលយំខ្លាំងក្នុងពេលកោរសក់នេះ នោះឪពុកម្ដាយរបស់គេ នឹងមានលាភសំណាងកាន់តែច្រើនក្នុងឆ្នាំថ្មីនេះ។

យ៉ាងណាមិញ ពិធីបុណ្យនេះជាពិធីបុណ្យប្រពៃណី បែបកសិកម្មរបស់ចិន ដែលប្រជាជនចិនមានជំនឿទៅលើសត្វនាគថា សត្វនាគជាអ្នកនាំខ្យល់ និងទឹកភ្លៀងមកស្រោចស្រពលើដំណាំកសិកម្មរបស់ពួកគេ ដែលក្នុងកំឡុងខែទី២ ក្នុងប្រតិទិនចន្ទគតិរបស់ចិន ជាខែដែលប្រជាជនចិនបានចាប់ផ្ដើមធ្វើការបង្កបង្កើនផលកសិកម្មរបស់ពួកគេ។

ជាការបំពេញចិត្តសត្វនាគ ឬជាការថ្វាយដង្វាយដល់សត្វនាគ ប្រជាជនចិនបាននាំគ្នាសែនមី និងនំពងទាដែលជាសំណែនដែលស្ដេចនាគចូលចិត្ត។ លើសពីនោះ ពួកគេត្រូវបានហាមឃាត់មិនឲ្យធ្វើការដេរប៉ាក់ ក្នុងកំឡុងពេលពិធីបុណ្យដោយគេមានជំនឿថា ការដេរប៉ាក់នេះប្រៀបដូចជាយកម្ជុលទៅចាក់ភ្នែកនាគ។ មួយវិញទៀត ការបោសសំអាតផ្ទះក៏ត្រូវបានហាមឃាត់ដូចគ្នា ព្រោះពួកគេចង់ឲ្យមានធូលីនៅពាសពេញបរិវេណផ្ទះ ដើម្បីឲ្យស្ដេចនាគមើលឃើញដូចជាមានភាពរាំងស្ងួត និងនាំទឹកភ្លៀងមកឲ្យពួកគេ។

ជាចុងក្រោយពិធីបុណ្យនេះ នៅតែជាពិធីបុណ្យចម្លែកសម្រាប់ជនបរទេស ដែលវាបានធ្វើឲ្យអ្នកថតរូបជាច្រើនជុំវិញពិភពលោកមានការចាប់អារម្មណ៍ និងតែងតែត្រៀមរង់ចាំថតសកម្មភាពក្មេងៗទាំងនោះ ជាមួយការកោរសក់ ជាម៉ូតប្លែកៗផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]