ចិន៖ ប្រទេសចិន ជាប្រទេសដែលមានអរិយធម៌ចាស់ជាងគេមួយ ក្នុងចំណោមប្រទេសដែលមានអរិយធម៌ចាស់ៗផ្សេងទៀតក្នុងពិភពលោក។ បើទោះសម័យកាលចេះតែវិវឌ្ឍទៅមុខពីមួយថ្ងៃទៅមួយថ្ងៃ ក៏ពិធីបុណ្យសាសនា និងអបិយជំនឿផ្សេងៗ នៅតែត្រូវបានមនុស្សមួយចំនួន បន្តអនុវត្តរហូតមកដល់សព្វថ្ងៃ។

ជាក់ស្តែងពិធីបុណ្យមួយត្រូវបានប្រារព្ធធ្វើឡើងនៅរៀងរាល់ថ្ងៃទី២ នៃខែទី២ ក្នុងប្រតិទិនចន្ទគតិរបស់ចិន ដែលពិធីបុណ្យនេះមានឈ្មោះថា Longtaitou ឬមានន័យថា “ថ្ងៃដែលសត្វនាគងើបក្បាល”។

ជារឿងដែលចម្លែកក្នុងថ្ងៃពិធីបុណ្យនេះដែរ ដែលឪពុកម្ដាយគ្រប់រូបបាននាំកូនប្រុសតូចៗរបស់ពួកគេ ទៅហាងកាត់សក់ដើម្បីធ្វើការកោរសក់ ថ្វាយដល់សត្វនាគ ដែលពួកគេមានជំនឿថាកូនប្រុសប្រៀបដូចជាសត្វនាគ ហើយនៅពេលដែលពួកគេយំក្នុងពេលកោរសក់ វាប្រៀបបានដូចជាសត្វនាគកំពុងតែនាំទឹកភ្លៀងមកឲ្យពួកគេ ដូច្នោះដែរ។ អ្វីដែលពិសេសនោះ កូនណាដែលយំខ្លាំងក្នុងពេលកោរសក់នេះ នោះឪពុកម្ដាយរបស់គេ នឹងមានលាភសំណាងកាន់តែច្រើនក្នុងឆ្នាំថ្មីនេះ។

យ៉ាងណាមិញ ពិធីបុណ្យនេះជាពិធីបុណ្យប្រពៃណី បែបកសិកម្មរបស់ចិន ដែលប្រជាជនចិនមានជំនឿទៅលើសត្វនាគថា សត្វនាគជាអ្នកនាំខ្យល់ និងទឹកភ្លៀងមកស្រោចស្រពលើដំណាំកសិកម្មរបស់ពួកគេ ដែលក្នុងកំឡុងខែទី២ ក្នុងប្រតិទិនចន្ទគតិរបស់ចិន ជាខែដែលប្រជាជនចិនបានចាប់ផ្ដើមធ្វើការបង្កបង្កើនផលកសិកម្មរបស់ពួកគេ។

ជាការបំពេញចិត្តសត្វនាគ ឬជាការថ្វាយដង្វាយដល់សត្វនាគ ប្រជាជនចិនបាននាំគ្នាសែនមី និងនំពងទាដែលជាសំណែនដែលស្ដេចនាគចូលចិត្ត។ លើសពីនោះ ពួកគេត្រូវបានហាមឃាត់មិនឲ្យធ្វើការដេរប៉ាក់ ក្នុងកំឡុងពេលពិធីបុណ្យដោយគេមានជំនឿថា ការដេរប៉ាក់នេះប្រៀបដូចជាយកម្ជុលទៅចាក់ភ្នែកនាគ។ មួយវិញទៀត ការបោសសំអាតផ្ទះក៏ត្រូវបានហាមឃាត់ដូចគ្នា ព្រោះពួកគេចង់ឲ្យមានធូលីនៅពាសពេញបរិវេណផ្ទះ ដើម្បីឲ្យស្ដេចនាគមើលឃើញដូចជាមានភាពរាំងស្ងួត និងនាំទឹកភ្លៀងមកឲ្យពួកគេ។

ជាចុងក្រោយពិធីបុណ្យនេះ នៅតែជាពិធីបុណ្យចម្លែកសម្រាប់ជនបរទេស ដែលវាបានធ្វើឲ្យអ្នកថតរូបជាច្រើនជុំវិញពិភពលោកមានការចាប់អារម្មណ៍ និងតែងតែត្រៀមរង់ចាំថតសកម្មភាពក្មេងៗទាំងនោះ ជាមួយការកោរសក់ ជាម៉ូតប្លែកៗផងដែរ៕

ប្រភព៖ បរទេស

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖

ឃោរឃៅពេកទេដឹង! ម្តាយខឹងកូនស្រីតូចយំមិនបាត់ ទាត់គ្នាយ៉ាងព្រៃផ្សៃខ្ទប់នឹងកាំជណ្តើរ កំពុងទទួលរងការរិះគន់ខ្លាំង (មានវីដេអូ)

ចិន៖ ស្ត្រីជាម្តាយម្នាក់មកពីខេត្តក្វាងទុង ភាគខាងត្បូងប្រទេសចិន កំពុងទទួលរងការរិះគន់យ៉ាងខ្លាំងពីមហាជនក្នុងបណ្តាញសង្គម បន្ទាប់ពីបានប្រើអំពើហិង្សា ទាត់កូនស្រីរបស់ខ្លួន ខ្ទប់នឹងកាំជណ្តើរ។

បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីជាម្តាយត្រូវគេដឹងថាមានត្រកូល Chen អាយុ២៧ឆ្នាំ នៅតំបន់ Hubei។ ចំណែកមូលហេតុដែលបណ្តាលឲ្យនាងប្រើហិង្សាលើកូនស្រី ដោយសារខឹងកូនស្រែកយំខ្លាំងពេក លួងមិនបាត់ ក៏ឆេវឆាវមួយពេលបង្ករឿងនេះឡើងតែម្តង។

គួរបញ្ជាក់ថា សកម្មភាពរបស់ស្រ្តីជាម្តាយ ទាត់កូនស្រីយ៉ាងព្រៃផ្សៃនេះ ត្រូវគេថតបានជាវីដេអូហើយបង្ហោះចូលទៅក្នុងបណ្តាញសង្គម ដោយគិតត្រឹមរយៈពេលជិត៣ថ្ងៃប៉ុណ្ណោះ វីដេអូនេះមានអ្នកចូលមើលចំនួនជិត៨លានដង ខណៈស្ត្រីជាម្តាយទទួលរងការជេរប្រទិច និងរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន។

បើទោះជាយ៉ាងណាក៏ដោយ ស្ត្រីជាម្តាយរូបនេះ ក៏ត្រូវបានសមត្ថកិច្ចធ្វើការស៊ើបអង្កេត និងឃាត់ខ្លួនយកមកណែនាំផងដែរ ប៉ុន្តែមិនបានផន្ទាទោសអ្វីនោះទេ ខណៈកូនស្រីរបស់នាងវិញ ក៏មិនមានរបួសធ្ងន់ធ្ងន់ណាមួយកើតឡើងដែរ។

បើយោងតាមចម្លើយសារភាពរបស់ស្ត្រីជាម្តាយទៅកាន់សមត្ថកិច្ច បានឲ្យដឹងថា ប៉ុន្មានថ្ងៃចុងក្រោយនេះ នាងមានអារម្មណ៍មួរម៉ៅ ពិបាកគ្រប់គ្រងអារម្មណ៍ខ្លួន ហើយនៅពេលដែលកូនស្រីស្រែកយំបែបនេះផង ធ្វើឲ្យនាងទ្រាំមិនបាន ក៏បញ្ចេញកំហឹងរបស់ខ្លួនលើកូនស្រីតែម្តង។ យ៉ាងណាមិញ ស្ត្រីជាម្តាយបានបន្ថែមឲ្យដឹងទៀតថា រូបនាងក៏មានការសោកស្តាយផងដែរ ចំពោះទង្វើដែលនាងបានធ្វើលើកូនស្រី។ ចំពោះក្មេងស្រីរងគ្រោះវិញ បច្ចុប្បន្នកំពុងស្ថិតក្រោមការមើលថែពីជីតារបស់ខ្លួន៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]