លីប៊ី៖ សារព័ត៌មាន CNN បានចុះផ្សាយកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ថា សាកសពជនអន្តោប្រវេសន៍ ចំនួន ៧៤នាក់ ត្រូវបានក្រុមអឌ្ឍច័ន្ទក្រហមលីប៊ី ស្រង់ចេញពីសមុទ្រ បន្ទាប់ពីបានរសាត់មកទើរលើឆ្នេរសមុទ្រភាគខាងជើង ក្បែរទីក្រុង Zawiya ប្រទេសលីប៊ី។

ប្រភពព័ត៌មានបានឲ្យដឹងថា ជុំវិញមូលហេតុនៃការស្លាប់នេះនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែគេបានប្រទះឃើញទូកកៅស៊ូមួយគ្រឿង នៅក្បែរកន្លែងកើតហេតុនោះ ដោយមានសភាពរហែកដាច់ចេញពីគ្នា។ ក្រុមអ្នកស្ម័គ្រចិត្តអឌ្ឍច័ន្ទក្រហមលីប៊ី បានសន្និដ្ឋានថា ជនរងគ្រោះទាំងអស់ទំនងជាត្រូវលង់ទឹកស្លាប់ ក្រោយទូកលិច ខណៈព្យាយាមធ្វើដំណើរឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ ទៅកាន់ទឹកដីអឺរ៉ុប។ 

មន្រ្តីទំនាក់ទំនងអន្តរជាតិ សម្រាប់អឌ្ឍចន្ទក្រហមលីប៊ី លោក Taha K. Sultan Elbarghathi បានថ្លែងថា «នៅមានសាកសពច្រើនទៀត ក្នុងទឹកសមុទ្រ ប៉ុន្តែក្រុមការងារពួកយើងមិនអាចរកសាកសពឃើញទេ ព្រោះសមុទ្រមានរលកធំ  ហើយយើងក៏មិនមានទូក ដើម្បីចេញទៅស្វែងរកសពផងដែរ»។ លោកបន្តថា “សាកសពទាំង ៧៤នាក់នេះ ត្រូវបានគេប្រមូលដាក់ក្នុងថង់ប្លាស្ទិកសម្រាប់ដាក់សាកសព ខណៈសាកសពផ្សេងទៀត ត្រូវគេរំពឹងថា នឹងរសាត់មកទើរលើឆ្នេរក្នុងពេលឆាប់ៗខាងមុខ”។

លោក Elbarghathi បានបន្ថែមថា “សាកសពទាំងអស់ជាបុរសអាហ្វ្រិកក្នុងវ័យផ្សេងៗគ្នា ហើយទូករបស់ពួកគេទំនងជាមានបញ្ហានៅពេលកំពុងធ្វើដំណើរឆ្លងកាត់សមុទ្រដែលមានរលកធំៗ។ ពួកយើងមិនដឹងថា មានជនអន្តោប្រវេសន៍ប៉ុន្មានអ្នកនោះទេ ប៉ុន្តែបើមើលតាមទំហំទូកដែលរកឃើញនោះ គឺអ្នកធ្វើដំណើរទាំងអស់អាចមានរហូតដល់ ១៥០នាក់ឯណោះ”។

គួរបញ្ជាក់ថា មិនមាននរណាម្នាក់ដឹងពីពេលវេលាជាក់លាក់ដែលហេតុការណ៍នេះបានកើតឡើងឡើយ ប៉ុន្តែទូកនោះមិនបានលិចទាំងស្រុងទេ  គឺនៅមានខ្យល់ ក្នុងពោងមួយចំហៀង។

ទោះយ៉ាងណា ក្រុមអ្នកស្ម័គ្រចិត្តអឌ្ឍច័ន្ទក្រហមលីប៊ី នឹងព្យាយាមស្វែងរកសពជាបន្តទៀត៕ 

ប្រភព៖ CNN

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖កុមារាអាយុ១៣ឆ្នាំ ពត់ខ្លួនបំបែកឯតទគ្គកម្ម រហ័សនាមកុមារពីងពាង

កុមារា Mohammed Alsheikh បានជាប់ឈ្មោះនៅក្នុងសៀវភៅកំណត់ត្រាពិភពលោកដោយសារតែរៀងកាយដ៏ទន់ល្មើយរបស់គេ។

ក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ ត្រូវបានគេដាក់រហ័សនាមឲ្យថា «កុមារពីងពាង» ឬ Spider Boy ដោយសារសមត្ថភាពរបស់គេអាចបង្វិលខ្លូនជុំវិញក្បាលបានជាច្រើនជុំ ស្របពេលដែលដើមទ្រូងរបស់គេកំពុងតែផ្អឹបទៅនឹងដី។

គួរឲ្យដឹងដែរថា កំណត់ត្រាចាស់របស់នាង Leilani Franco អាចបង្វិលបានតែ២៩ជុំប៉ុណ្ណោះ ចំនែកឯកំណត់ត្រាថ្មី កុមារា Alsheikh ជនជាតិប៉ាឡេស្ទីនរូបនេះ អាចបង្វិលបាន ៣៨ជុំឯណោះក្នុងមួយនាទី។

យ៉ាងណាមិញ ក្រុមការងាររបស់ កំណត់ត្រាឯតទគ្គកម្មពិភពលោក ឬ Guinness World Records ក៏មានបំណងចង់ធ្វើដំណើរទៅកាន់តំបន់ Gaza Strip ដើម្បីមើលការសម្តែងនោះផ្ទាល់ដែរ ប៉ុន្តែតំបន់នោះត្រូវបានបិទដោយអ៉ីស្រាអែល អស់រយៈពេលជាង១០ឆ្នាំមកហើយ។ ដូច្នេះ Alsheikh ចាំបាច់ត្រួវធ្វើដំណើរទៅកាន់ទីក្រុង Amman ប្រទេសហ៊្សកដានី (Jordan) វិញ ដើម្បីធ្វើការសម្តែងសមត្ថភាពពិសេសនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]