ចិន៖ បន្ទាប់ពីបានដឹកជញ្ជូនម្ហូបឲ្យភ្ញៀវរួចរាល់ សិស្សវិទ្យាល័យវ័យ១៧ឆ្នាំម្នាក់ បានធ្វើដំណើរត្រលប់ទៅហាងវិញ ដែលជាកន្លែងធ្វើការរបស់គេវិញ។  នៅខណៈពេលដែលគេកំពុងធ្វើដំណើរ គេក៏បានទទួលទូរស័ព្ទមួយខ្សែ ដើម្បីទទួលការកម្ម៉ង់ម្ហូបពីអតិថិជនផ្សេងទៀត។ ប៉ុន្តែ នៅពេលដែលគេកំពុងតែនិយាយទូរស័ព្ទនោះ គេបានជ្រុលទៅបុក និងធ្វើឲ្យឆ្កូតឡានទំនើប BMW មួយគ្រឿងដោយចៃដន្យ។

ភ្លាមៗនោះ ក្មេងប្រុសជំទង់រូបនោះមិនបានឈប់ទេ។ គេបានបន្តដំណើរទៅមុខទៀតដើម្បីធ្វើការដឹកជញ្ជូនម្ហូបអាហារតាមការកម្ម៉ង់របស់ភ្ញៀវ។ ប៉ុន្តែបន្ទាប់ពីបានបញ្ចប់កាតព្វកិច្ចរបស់គេរួចមក គេក៏បានត្រលប់ទៅកាន់កន្លែងកើតហេតុវីញ ដែលស្ថិតនៅក្នុងតំបន់ Zhengzhou   ដើម្បីទូទាត់ទៅលើការខូចខាតដែលគេបានបង្កឡើង។

ក្មេងប្រុសជំទង់រូបនោះឈ្មោះថា Chen បានប្រាប់ទៅកាន់សារព័ត៌មាន CCTV ថា “ដំបូងខ្ញុំជិះទៅហាងសិន ដើម្បីធ្វើការដឹកជញ្ជូនម្ហូបឲ្យភ្ញៀវរបស់ខ្ញុំឲ្យបានរួចរាល់។ បន្ទាប់មក ខ្ញុំក៏បានសរសេរសំបុត្រសុំអភ័យទោសមួយ រួចក៏ធ្វើដំណើរត្រលប់ទៅកាន់កន្លែងកើតហេតុនោះវិញ”។

លុះដល់ព្រឹកឡើងពេលដែលបុរសដែលជាម្ចាស់ឡាន BMW ឈ្មោះថា Xue Zhanmin កំពុងតែពិនិត្យមើលឡានដែលមានស្នាមឆ្កូតរបស់គាត់នោះ គាត់ក៏បានឃើញសំបុត្រមួយដែលក្មេងប្រុសជំទង់រូបនោះបានបិទជាប់នឹងទ្វារឡាន អមជាមួយប្រាក់សំណងចំនួន ៣១១យ័ន (ប្រហែល ៤៥ដុល្លារ)។

សំបុត្រនោះមានអត្ថន័យដូចតទៅ “លោកពូ ខ្ញុំសុំទោស។ ខ្ញុំបានជ្រុលទៅបុកឡានរបស់លោកពូដោយចៃដន្យកាលពីយប់មិញ នៅខណៈពេលដែលខ្ញុំកំពុងតែបើករទេះកង់បីអគ្គីសនីរបស់ខ្ញុំ។ ខ្ញុំមានប្រាក់សរុបទាំងអស់ចំនួនប្រមាណ ៣០០យ័ន (ប្រហែល៤៤ដុល្លារ) ហើយប្រាក់នេះខ្ញុំឲ្យទៅលោកពូជាសំណងនៃការខូចខាត។ ខ្ញុំដឹងថា ប្រាក់ទាំងនេះមិនគ្រប់គ្រាន់សម្រាប់លោកពូទេ ប៉ុន្តែវាជាប្រាក់ទាំងអស់ដែលខ្ញុំមានហើយ។ ខ្ញុំមានអារម្មណ៍ថាសោកស្តាយខ្លាំងណាស់ ចំពោះឧប្បត្តិហេតុមួយនេះ”។

ដោយសារតែក្តីរំភើបជាមួយនឹងភាពស្មោះត្រង់ ក៏ដូចជាភាពក្រីក្ររបស់ក្មេងប្រុសជំទង់ជាអ្នកដឹកជញ្ជូនម្ហូបឲ្យគេនេះ លោក Xue បានស្នើសុំឲ្យមន្ត្រីប៉ូលិសនៅក្នុងតំបន់នោះជួយធ្វើការស្វែងរកយុវជន Chen

ព្រោះតែរឿងហេតុមួយនេះត្រូវបានផ្សព្វផ្សាយពាសពេញបណ្តាញសារព័ត៌មានក្នុងតំបន់នោះ គេអាចរកឃើញក្មេងប្រុសនោះពិតមែន។

ចុងក្រោយលោក Xue មិនត្រឹមតែឲ្យប្រាក់របស់ Chen ត្រលប់ទៅគេវិញទេ លោកថែមទាំងឲ្យប្រាក់រង្វាន់ទៅគេបន្ថែមទៀតចំនួន ១០ ០០០យ័ន (ប្រហែល ១៤៥៣ ដុល្លារ) ព្រោះតែភាពស្មោះត្រង់របស់គេ។

លោក Xue ផ្ទាល់បាននិយាយថា “ខ្ញុំចង់ឲ្យប្រាក់ ៣១១យ័ននោះទៅគេវិញ ហើយខ្ញុំក៏ចង់ឲ្យប្រាក់មួយចំនួនទៀតទៅគេដែរ ដើម្បីផ្គត់ផ្គង់ជីវភាពរបស់គេ”៕

ក្រឡេកមកមើលព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ កុមារាអាយុ១៣ឆ្នាំ ពត់ខ្លួនបំបែកឯតទគ្គកម្ម រហ័សនាមកុមារពីងពាង (មានវីដេអូ)

អ៉ីស្រាអែល៖ កុមារា Mohammed Alsheikh បានជាប់ឈ្មោះនៅក្នុងសៀវភៅកំណត់ត្រាពិភពលោកដោយសារតែរៀងកាយដ៏ទន់ល្មើយរបស់គេ។

ក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ ត្រូវបានគេដាក់រហ័សនាមឲ្យថា «កុមារពីងពាង» ឬ Spider Boy ដោយសារសមត្ថភាពរបស់គេអាចបង្វិលខ្លូនជុំវិញក្បាលបានជាច្រើនជុំ ស្របពេលដែលដើមទ្រូងរបស់គេកំពុងតែផ្អឹបទៅនឹងដី។

គួរឲ្យដឹងដែរថា កំណត់ត្រាចាស់របស់នាង Leilani Franco អាចបង្វិលបានតែ២៩ជុំប៉ុណ្ណោះ ចំនែកឯកំណត់ត្រាថ្មី កុមារា Alsheikh ជនជាតិប៉ាឡេស្ទីនរូបនេះ អាចបង្វិលបាន ៣៨ជុំឯណោះក្នុងមួយនាទី។

យ៉ាងណាមិញ ក្រុមការងាររបស់ កំណត់ត្រាឯតទគ្គកម្មពិភពលោក ឬ Guinness World Records ក៏មានបំណងចង់ធ្វើដំណើរទៅកាន់តំបន់ Gaza Strip ដើម្បីមើលការសម្តែងនោះផ្ទាល់ដែរ ប៉ុន្តែតំបន់នោះត្រូវបានបិទដោយអ៉ីស្រាអែល អស់រយៈពេលជាង១០ឆ្នាំមកហើយ។ ដូច្នេះ Alsheikh ចាំបាច់ត្រួវធ្វើដំណើរទៅកាន់ទីក្រុង Amman ប្រទេសហ៊្សកដានី (Jordan) វិញ ដើម្បីធ្វើការសម្តែងសមត្ថភាពពិសេសនេះ៕

សូមទស្សនាវីដេអូខាងក្រោមដែលបង្ហាញពីសមត្ថភាពរបស់កុមារពីងពាង៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]