រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី ២០ ខែកុម្ភៈ ឆ្នាំ​២០១៧ ស្ត្រី​ម្នាក់​បាន​ជិះ​​ម៉ូតូឌុប​ទៅ​សម្រាលកូន​ នៅ​មន្ទីរពេទ្យ​បង្អែក​មាន​ជ័យ ប៉ុន្តែ​ដោយសារ​ស្ទះ​ចរាចរណ៍​ខ្លាំង​ពេក ស្រាប់តែ​ស្ត្រី​រូប​នោះ​ចុះ​ពី​លើ​ម៉ូតូ​ឆ្លងទន្លេ​ បាន​កូនស្រី​មួយនៅ​លើ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី ត្រើយ​ខាងកើត ស្ថិត​ក្នុង​សង្កាត់​ច្បារ​អំពៅ​ទី​១ ខណ្ឌ​ច្បារ​អំពៅ បង្ក​ឲ្យ​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ។

ស្ត្រី​រូប​នេះ​ឈ្មោះ ស្រី​ចិន អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ បច្ចុប្បន្ន​សុំ​ផ្ទះ​ប្រជាពលរដ្ឋ​ស្នាក់​នៅ​បណ្តោះអាសន្ន នៅ​ភូមិ​ព្រែក​តា​នូ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

ប្រភព​ព័ត៌មាន​ពី​ក្រុម​អ្នក​ភូមិ​ ដែល​រស់នៅ​ជាមួយ​នាង​ បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ព្រឹក​ថ្ងៃ​២០ ខែ​កុ​ម្ភះ នាង​ថ្ងូរ​ថា​ឈឺពោះ​ ខ្លាំង​ណាស់ ម្យ៉ាងទៀត​កូន​ដែល​នៅ​ក្នុង​ផ្ទៃ​របស់​នាង​ក៏​គ្រប់​ខែ​នឹង​ត្រូវ​កើត​ទៀត ។ ដោយ​ឃើញ​ការ​ខ្វះខាត អ្នកស្រុក​បាន​រៃ​អង្គាស​លុយ​គ្នា​ម្នាក់​បន្តិច​ ជួល​ម៉ូតូឌុប​ឲ្យ​ឌុ​ប​នាង​ទៅ​សម្រាក​កូន​ នៅ​មន្ទីរពេទ្យ​បង្អែក​មាន​ជ័យ ស្ថិត​ក្នុង​សង្កាត់​ច្បារ​អំពៅ​១ ខណ្ឌ​ច្បារ​អំពៅ ។

លុះ​ធ្វើ​ដំណើរ​មក​ដល់​ លើ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី​ ត្រើយ​ខាងកើត ដោយសារ​ស្ថានភាព​ចរាចរណ៍​មាន​ភាព​ណែនណាន់ តាន់តាប់​ខ្លាំង​ពេក ស្ត្រី​ខាងលើ​ក៏​បាន​ចុះ​ពីលើ​ម៉ូតូ ហើយ​សម្រាលកូន​ នៅ​លើ​ស្ពាន​ដោយ​ខ្លួនឯង​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកដំណើរ​ពាសពេញ​ស្ពាន នាំ​គ្នា​ចោមរោម​មើល ខណៈ​ចរាចរណ៍​នៅ​ចំណុច​ខាងលើ​កំពុង​មានការ​កកកុញ​ស្ទះ​យ៉ាង​ខ្លាំង ។

ភ្លាម​ៗ​នោះ គេ​សង្កេត​ឃើញ​កម្លាំង​ អាជ្ញាធរ​មូលដ្ឋាន​ចុះ​អន្តរាគមន៍ និង​ជួយ​ទំនាក់ទំនង​ទៅ​កាន់​រថយន្ត​ សា​មុ​យ​របស់​មន្ទីរពេទ្យ​បង្អែក​ មាន​ជ័យ​ឲ្យ​មក​ជួយ​សង្គ្រោះ​ផង​ដែរ ។ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ មុន​ពេល​រថយន្ត​ សា​មុ​យមក​ដល់ ស្ត្រី​រូប​នេះ​បាន​ប្រសូត​បានកូន​ស្រី​ម្នាក់​ហើយ ព្រមទាំង​មាន​ឈាម​ស្រោច​ ពេញ​ថ្នល់​លាយឡំ​នឹង​សម្រែក​ស្រែកថ្ងូរ​គួរ​ឲ្យ​អាណិត​ជាទី​បំផុត ។

យ៉ាងណាមិញ គិត​មក​ត្រឹម​ម៉ោង​១​រសៀល​ ថ្ងៃ​ដដែល​នេះ ស្ត្រី​ខាងលើ និង​កូនស្រី កំពុង​សម្រាក​ព្យាបាល​ នៅ​មន្ទីរពេទ្យ​បង្អែក​មាន​ជ័យ ដោយ​មានការ​យកចិត្តទុកដាក់​ពី​ក្រុម​គ្រូពេទ្យ​ផង​ដែរ ៕

ប្រភព៖ កោះសន្តិភាព

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

អាណិត​ខ្លាំង​ណាស់ ! អុស​ធ្លាក់​ត្រូវ​ក្បាល​រង​របួសធ្ងន់ ជីដូន​ជីតា​គ្មាន​ប្រាក់​ព្យាបាល

ខេត្តកំពង់ស្ពឺ ៖ ក្មេង​ប្រុស​ម្នាក់​ ត្រូវ​អុស​ធ្លាក់​ចំ​ក្បាល​ ហូរ​ឈាម​ស្រោច​ខ្លួន​កាលពី​ថ្ងៃ​១៨ ខែកុម្ភៈ ឆ្នាំ​២០១៧ តែ​ជីដូន​ជីតា​គ្មាន​ប្រាក់​ ដើម្បី​យក​ចៅ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឡើយ ។

ប្រភព​ពី​អ្នក​ភូមិ​ជ័យ​មាន​ល័​ក្ខ ឃុំ​ក្រាំង​ដី​វ៉ា​យ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែល​ជា​អ្នក​ភូមិ​ផង​របង​ជាមួយ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ឪពុក​ម្តាយ​របស់​គេ​លែងលះ​គ្នា​ជា​ច្រើន​ឆ្នាំ​មក​ហើយ និង​មិន​ដែល​មក​មើល​កូន​នោះ​ទេ ដោយ​បាន​ទុក​ក្មេង​ប្រុស​រូប​នេះ​បាន​រស់នៅ​ជាមួយ​ជីតា​ដែល​មាន​ជីវភាព​ខ្វះខាត រក​ព្រឹក​ខ្វះ​ល្ងាច ចិញ្ចឹម​បីបាច់​ចៅ​ទាំង​លំបាក​វេទនា ដោយ​ប្រកបរ​បរជា​អ្នក​កាប់​អុស​លក់​ ដើម្បី​បាន​ប្រាក់​កម្រៃ​ចិញ្ចឹម​ចៅ ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ ជីតា​បាន​ទុក​ចៅ​នៅផ្ទះ ហើយ​ទៅ​កាប់​អុស​រហូត​ដល់​ល្ងាច​ទើប​ត្រឡប់​មក​វិញ ដោយ​អស់កម្លាំង​គាត់​មិន​បាន​ទម្លាក់​អុស​ពី​រទេះ​នោះ​ទេ លុះ​ព្រឹក​ឡើង​ក្មេង​ប្រុស​រង​គ្រោះ​បាន​រត់​លេង​នៅ​ជិត​រទេះ ចៃដន្យរ​ត់ទៅ​ប៉ះ​រទេះ ស្រាប់តែ​អុស​ធ្លាក់​មក​ចំ​ក្បាល​បណ្តាល​ឲ្យ​បែកក្បាល​ហូរ​ឈាម​ជោក​ខ្លួន​រង​របួសធ្ងន់​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ ជីតា​បាន​យក​ទៅ​ពេទ្យ​ឃុំ​ដែរ តែ​គ្រូពេទ្យ​នៅ​តំបន់​នោះ​ប្រាប់​ថា ក្មេង​ប្រុស​រង​គ្រោះ​បាក់ឆ្អឹង ចិញ្ចើម ឬ​ផុង​លលាដ៍ក្បាល​ក៏​មិនដឹង ពេទ្យ​នៅ​តំបន់​នោះ​មិន​ហ៊ាន​ព្យាបាល​ទេ ដោយ​ប្រាប់​ថា ត្រូវ​បញ្ជូន​ទៅ​ពេទ្យ​ខេត្ត ដើម្បី​ធ្វើការ​សង្គ្រោះ ។ ដោយ​មានការ​អាណិតអាសូរ​ខ្លាំង អ្នក​ជិតខាង​បាន​រៃ​លុយ​គ្នា​ដើម្បី​ឲ្យ​ជីតា​យក​ចៅ​ទៅ​កាន់​ពេទ្យ​ខេត្ត ។ រហូត​មក​ដល់​ព្រឹក ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ អាកា​រៈ​ក្មេង​ប្រុស​រង​គ្រោះ​ យ៉ាងម៉េច​ក៏​អ្នក​ភូមិ​ មិន​ទាន់​ដឹង​នៅឡើយ​ដែរ ។

អ្នក​ភូមិ​បាន​សំដែង​ នូវ​ទឹកចិត្ត​អាណិត​ក្មេង​ម្នាក់​នេះ​ ជា​ពន់ពេក​ណាស់ ដោយ​អ្នកខ្លះ​លើក​ឡើង​ថា ឪពុក​ម្ដាយ​បាន​លែងលះ​គ្នា​ ជា​យូរ​មក​ហើយ រាល់ថ្ងៃ​រស់នៅ​ជាមួយ​យាយ​តា​ដែល​ពួក​គាត់​ កំពុង​មាន​ជីវភាព​ខ្វះខាត បែរជា​ជួប​គ្រោះ​អកុសល​បែប​នេះ​ទៀត ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]