កាហ្សាក់ស្ថាន៖ យើងធ្លាប់តែឃើញ និងជួបប្រទះអ្នកធ្វើដំណើរតាមដងផ្លូវ ដោយរថយន្ត ឬម៉ូតូឈប់សួរពីទិសតំបន់ នៅពេលដែលពួកគេជិះវង្វេងផ្លូវជាដើម ប៉ុន្តែអ្វីដែលកើតឡើងពេលនេះវិញ គឺជាហេតុការណ៍គួរឲ្យហួសចិត្ត និងភ្ញាក់ផ្អើលមួយ ដោយសារតែអ្នកបើកឧទ្ធម្ភាគចក្រចម្បាំង បានចុះចតឧទ្ធម្ភាគចក្ររបស់ខ្លួន កណ្តាលផ្លូវថ្នល់ និងរត់ទៅសួរនាំផ្លូវអ្នកបើករថយន្ត។

យោងតាមរយៈការចុះផ្សាយរបស់សារព័ត៌មាន មីរ័រ កាលពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ បានឲ្យដឹងថា វីដេអូមួយបានបង្ហាញពីសកម្មភាពកម្រនឹងកើតមានបំផុត ដោយគេឃើញឧទ្ធម្ភាគចក្រយោធា ធុន Mi-8 មួយគ្រឿង បានចុះចតនៅលើផ្លូវហាយវ៉េមួយខ្សែ ដែលមានព្រិលធ្លាក់គ្របដណ្តប់ពីលើ និងត្រូវគេដឹងថាស្ថិតនៅក្នុងប្រទេសកាហ្សាក់ស្ថាន។

ការចុះចតនោះបានធ្វើឲ្យកាត់ផ្តាច់ចរាចណ៍ និងបង្កជាការកកស្ទះក្នុងរយៈពេលខ្លី ខណៈមនុស្សមួយចំនួនមានការងឿងឆ្ងល់ ដោយបន្តិចក្រោយមកពីឡុតឧទ្ធម្ភាគចក្រយោធាម្នាក់នោះ ក៏បានចុះមក ហើយរត់សំដៅទៅកាន់រថយន្តដឹកទំនិញមួយគ្រឿងដែលនៅជិតនោះ។ នៅពេលទៅដល់រថយន្តខាងលើ គាត់និយាយជាមួយអ្នកបើករថយន្ត ទើបគេដឹងថាពីឡុតរូបនោះចុះមកសួររកទិសដៅទៅកាន់គោលដៅសោះ។

ក្រោយពេលវីដេអូត្រូវបានបង្ហោះលើបណ្តាញអ៊ិនធើណេត ក្រសួងការពារជាតិរបស់ប្រទេសកាហ្សាក់ស្ថាន ក៏បានចេញមកថ្លែងថា «នៅពេលនោះកងយោធាកំពុងធ្វើការហាត់សមយុទ្ធការហោះហើរ និងចុះចតឧទ្ធម្ភាគចក្រ ស្ថិតក្នុងលក្ខខណ្ឌអាកាសធាតុលំបាកមួយតែប៉ុណ្ណោះ»

ដោយឡែកអ្នកនាំពាក្យ ក៏បានថ្លែងប្រាប់ កាសែតរុស្ស៊ី Moscow Times ដែរថា «ក្រុមអាកាសយានិក បានបញ្ចប់ការហ្វឹកហាត់ដោយជោគជ័យលើការចុះចតលើផ្លូវហាយវ៉េ, កំណត់ទីតាំងទីប្រជុំជនដែលនៅជិតបំផុត, រួចហោះឡើងទៅវិញ និងបានបញ្ចប់ភារកិច្ចដែលបានផ្ដល់ឲ្យ»

ចង់ដឹងឧទ្ធម្ភាគចក្រចម្បាំង ដ៏មានឥទ្ធិពល ចុះចតលើផ្លូវហាយវ៉េ យ៉ាងណានោះ ទៅទស្សនាវីដេអូទាំអអស់គ្នា! 

ប្រភព៖ Mirror

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ ផ្សារទំនើបមួយ បំពាក់ប្រដាប់រំអិលចុះក្រោមកម្ពស់៤ជាន់ សម្រាប់អ្នកទិញអីវ៉ាន់ ដែលខ្ជិលចុះជណ្ដើរ

ការដើរទិញអីវ៉ាន់ បានក្លាយទៅជាចំណង់ចំណូលចិត្តថ្មីមួយ សម្រាប់មនុស្សជំនាន់ថ្មី ជាពិសេសស្រីៗតែម្ដង ដោយសារតែទំនិញក្នុងពេលបច្ចុប្បន្នមានភាពសម្បូរបែប ដែលធ្វើឲ្យអ្នកដើរទិញទប់ចិត្តមិនទិញមិនបាន។

យ៉ាងណាមិញ អ្នករាល់គ្នាប្រាកដជាធុញទ្រាន់ នៅពេលដែលអ្នកទៅទិញទំនិញក្នុងផ្សារទំនើបនីមួយៗ ហើយត្រូវរង់ចាំជិះជណ្ដើរយន្តយ៉ាងយូរ ជាមួយអីវ៉ាន់សំពីងសំពោងរបស់អ្នក ដោយសារតែមានមនុស្សយ៉ាងច្រើនកកកុញ រង់ចាំជិះជណ្ដើរយន្ត។ 

ដោយឡែកផ្សារទំនើបមួយក្នុងតំបន់ Chongqing ប្រទេសចិនបានបំពាក់នូវឧបករណ៍ជិះរំអិលសម្រាប់ផ្ដល់ភាពងាយស្រួលដល់អតិថិជន ពីជាន់ទី៤ មកជាន់ដីក្នុងផ្សារនេះ ដើម្បីដោះស្រាយបញ្ហាកកកុញនៅមុខជណ្ដើរយន្ត និងសម្រាប់អ្នកដែលប្រញាប់ចុះទៅជាន់ផ្ទាល់ដី។

ផ្សារទំនើបនេះ បានបំពាក់នូវឧបករណ៍រំអិលប្រវែង ១៦ម៉ែត្រដែលអាចឲ្យអ្នកទិញអីវ៉ាន់ សំរូតខ្លួនពីជាន់ទី៤ មកជាន់ផ្ទាល់ដីដោយចំណាយពេលតែ ១២វិនាទី។ ជាមួយនឹងឧបករណ៍នេះ អ្នកទិញអីវ៉ាន់ ឬអតិថិជនអាចកាត់បន្ថយពេលវេលារង់ចាំជណ្ដើរយន្តបាន ហើយថែមទាំងផ្ដល់ភាពសប្បាយរីករាយថែមទៀតផង។

គួរបញ្ចាក់ផងដែរថា ផ្សារនេះជាផ្សារទី២ហើយក្នុងប្រទេសចិន ដែលមានបំពាក់នូវឧបករណ៍ជិះសំរូតនេះ ដែលកាលពីឆ្នាំមុនផ្សារទំនើបមួយក្នុងទីក្រុងសៀងហៃ ក៏បានបំពាក់នូវឧបករណ៍នេះដូចគ្នាដែលមានកម្ពស់៥ជាន់។

ឧបករណ៍នេះ ត្រូវបានរំពឹងទុកថានឹងអាចត្រូវបានយកមកប្រើប្រាស់បន្ថែមទៀតនៅតាមផ្សារទំនើបនានាក្នុងប្រទេសចិន ខណៈដែលវាមានសុវត្ថិភាពជាជណ្ដើរយន្តធម្មតាដែលតែងតែមានបញ្ហាកន្លងមក លើសពីនេះវាបានជួយឲ្យអតិថិជន រីករាយថែមមួយកម្រិតទៀតផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]