បរទេស៖ ច្បាស់ណាស់ថា គ្រប់គ្នាប្រាកដជាស្គាល់ទូរស័ព្ទម៉ាក Nokia ស៊េរី 3310 ដែលធ្លាប់ត្រូវបានគេនិយមប្រើកាលពីជាង១០ឆ្នាំមុន ហើយអ្នកទាំងអស់គ្នាក៏ប្រាកដជាពេញចិត្តនឹងគុណភាពរបស់វាណាស់ដែរ។

ជាក់ស្តែងបច្ចេកវិទ្យាកាន់តែទំនើបពីមួយឆ្នាំទៅមួយឆ្នាំ ដូច្នេះ Nokia 3310 ក៏នឹងវិវឌ្ឍន៍ខ្លួនឲ្យស្របទៅតាមសម័យកាលផងដែរ ប៉ុន្តែពួកគេនឹងរក្សា Nokia 3310 ឲ្យស្ថិតនៅក្នុងទម្រង់រូបរាងដដែល។ 

បើយោងទៅតាមប្រភពព័ត៌មានបានឲ្យដឹងថា ទូរស័ព្ទដៃដែលធន់នឹងភាពបាក់បែកមួយនេះ នឹងត្រូវបានដាក់លក់ដំណាលគ្នាជាមួយទូរស័ព្ទប្រភេទថ្មីផ្សេងទៀតរបស់ Nokia ឈ្មោះថា Nokia 6 ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 7.0 ចុងក្រោយបង្អស់នៅថ្ងៃទី ២៦កុម្ភៈ ខាងមុខនេះ។

សេចក្តីរាយការណ៍នោះក៏បានបង្ហាញដែរថា Nokia 6 នឹងត្រូវបានដាក់លក់នៅក្នុងតម្លៃប្រហែល ២៦០ ដុល្លារ។ លើសពីនេះ ម៉ូដែលទូរស័ព្ទផ្សេងៗទៀតរបស់​ Nokia ដូចជា Nokia 5 និង Nokia 3 នឹងត្រូវបានដាក់លក់នៅក្នុងតម្លៃប្រហែល ២០៩ដុល្លារ និង ១៥៦ដុល្លារប៉ុណ្ណោះ។

តើអ្នកឆ្ងល់ទេថា ទូរស័ព្ទដៃដែលអ្នកធ្លាប់ចូលចិត្ត និងត្រូវបានវិវឌ្ឍថ្មីនេះមានតម្លៃប៉ុន្មានដែរ? គឺវានឹងមានតម្លៃប្រហែល ៦១ដុល្លារប៉ុណ្ណោះ។

អ្នកគាំទ្រ Nokia 3310 ម្នាក់បាននិយាយបែបកំប្លែងថា “ខ្ញុំនឹងទិញទូរស័ព្ទ Nokia 3310ថ្មីនេះ ហើយខ្ញុំនឹងប្រើវាជាឧបករណ៍ដើម្បីការពារខ្លួន។ មានន័យថា ប៉ះទង្គិចខ្លាំងយ៉ាងណា នៅតែអាចប្រើវាសម្រាប់តេបានដដែល”៕

នៅខណៈពេលដែលមិត្តអ្នកអានកំពុងរង់ចាំការមកដល់ នៃទូរស័ព្ទប្រភេទថ្មីនេះ សូមរីករាយជាមួយរូបភាពកំប្លែងmeme ទាំងនេះសិន៖ 

ក្រឡេកមកមើលព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ អាវឆ្លាតវៃ! អាចផ្ទុកអីវ៉ាន់បាន ១៥គីឡូក្រាម ត្រូវចិត្តអ្នកធ្វើដំណើរតាមយន្ដហោះ (មានវីដេអូ)

បរទេស៖ អ្នករាល់គ្នាប្រាកដជា ជួបការលំបាករាល់ពេលធ្វើដំណើរកំសាន្ត ទៅក្រៅប្រទេស ដោយសារតែបរិមាណអីវ៉ាន់ របស់អស់លោកអ្នកមានចំនួនច្រើន និងសំពីងសំពោងពេលឡើងយន្តហោះម្ដងៗ ដែលវាបង្កការរំខានយ៉ាងខ្លាំង។

អ្វីដែលសំខាន់ជាងនេះទៅទៀត សម្រាប់អ្នកដែលចូលចិត្តទិញអីវ៉ាន់ ពីប្រទេសក្រៅ យកមកប្រើប្រាស់ ប្រាកដជាជួបការលំបាកដូចគ្នា ខណៈដែលក្រុមហ៊ុនហោះហើរមួយចំនួន បានកំណត់ពីទម្ងន់អីវ៉ាន់ ដែលដាក់ក្នុងវ៉ាលី រីឯក្រុមហ៊ុនខ្លះតម្រូវឲ្យអ្នកដំណើរបង់ថ្លៃអីវ៉ាន់គិតជាគីឡូ ថែមទៀតផង។

យ៉ាងណាមិញ អាវមួយប្រភេទ ត្រូវបានអ្នករចនាម៉ូតជនជាតិអូស្ត្រាលី និងត្រូវបានបង្កើតឡើង ដើម្បីដោះស្រាយបញ្ហាទាំងនេះ។ អាវថ្មីនេះជាប្រភេទអាវក្រៅ ដែលលក្ខណៈពិសេសរបស់វា គឺអ្នករាល់គ្នាអាចយកអីវ៉ាន់មានតម្លៃរបស់អ្នក ទៅទុកក្នុងហោប៉ៅអាវនេះ ដែលអាវនេះអាចផ្ទុកទំនិញដល់ទៅ ១៥គីឡូក្រាមឯណោះ។

អាវពិសេសនេះ មានហោប៉ៅជុំវិញចំនួន ១៤ ដែលលោកអ្នកអាចដាក់អីវ៉ាន់ជុំវិញខ្លួនបានដោយសេរី លើសពីនេះអាវនេះអាចពាក់បានដល់ទៅ ៣របៀប វែង ខ្លី និងល្មម។ លោកអ្នកអាច ដាក់កុំព្យូទ័រយួរដៃបានមួយគ្រឿង iPad ស្បែកជើង២គូ ខោខូវប៊យ២ អាវយឺត៥ អាវរងា និងកាមេរ៉ានៅក្នុងអាវនេះ បានជាមួយគ្នា។

ដូចនេះ លោកអ្នកមិនចាំបាច់បារម្ភថា ឥវ៉ាន់លោកអ្នកត្រូវបានបាត់បង់ ឬខូចខាតទៀតឡើយ ដោយសារតែវា នឹងនៅជាប់ខ្លួនលោកអ្នកជានិច្ច អ្វីដែលពិសេសនោះលោកអ្នកមិនចាំបាច់ខាតថ្លៃ ដាក់ឥវ៉ាន់តាមយន្តហោះទៀតឡើយ។

យ៉ាងណាមិញ អាវនេះកំពុងស្ថិតក្នុងដំណាក់កាលស្វែងរកអ្នកឧបត្ថម្ភ ដើម្បីផលិតវាឲ្យចេញជារូបរាង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]