បរទេស៖ អ្នករាល់គ្នាប្រាកដជា ជួបការលំបាករាល់ពេលធ្វើដំណើរកំសាន្ត ទៅក្រៅប្រទេស ដោយសារតែបរិមាណអីវ៉ាន់ របស់អស់លោកអ្នកមានចំនួនច្រើន និងសំពីងសំពោងពេលឡើងយន្តហោះម្ដងៗ ដែលវាបង្កការរំខានយ៉ាងខ្លាំង។

អ្វីដែលសំខាន់ជាងនេះទៅទៀត សម្រាប់អ្នកដែលចូលចិត្តទិញអីវ៉ាន់ ពីប្រទេសក្រៅ យកមកប្រើប្រាស់ ប្រាកដជាជួបការលំបាកដូចគ្នា ខណៈដែលក្រុមហ៊ុនហោះហើរមួយចំនួន បានកំណត់ពីទម្ងន់អីវ៉ាន់ ដែលដាក់ក្នុងវ៉ាលី រីឯក្រុមហ៊ុនខ្លះតម្រូវឲ្យអ្នកដំណើរបង់ថ្លៃអីវ៉ាន់គិតជាគីឡូ ថែមទៀតផង។

យ៉ាងណាមិញ អាវមួយប្រភេទ ត្រូវបានអ្នករចនាម៉ូតជនជាតិអូស្ត្រាលី និងត្រូវបានបង្កើតឡើង ដើម្បីដោះស្រាយបញ្ហាទាំងនេះ។ អាវថ្មីនេះជាប្រភេទអាវក្រៅ ដែលលក្ខណៈពិសេសរបស់វា គឺអ្នករាល់គ្នាអាចយកអីវ៉ាន់មានតម្លៃរបស់អ្នក ទៅទុកក្នុងហោប៉ៅអាវនេះ ដែលអាវនេះអាចផ្ទុកទំនិញដល់ទៅ ១៥គីឡូក្រាមឯណោះ។

អាវពិសេសនេះ មានហោប៉ៅជុំវិញចំនួន ១៤ ដែលលោកអ្នកអាចដាក់អីវ៉ាន់ជុំវិញខ្លួនបានដោយសេរី លើសពីនេះអាវនេះអាចពាក់បានដល់ទៅ ៣របៀប វែង ខ្លី និងល្មម។ លោកអ្នកអាច ដាក់កុំព្យូទ័រយួរដៃបានមួយគ្រឿង iPad ស្បែកជើង២គូ ខោខូវប៊យ២ អាវយឺត៥ អាវរងា និងកាមេរ៉ានៅក្នុងអាវនេះ បានជាមួយគ្នា។

ដូចនេះ លោកអ្នកមិនចាំបាច់បារម្ភថា ឥវ៉ាន់លោកអ្នកត្រូវបានបាត់បង់ ឬខូចខាតទៀតឡើយ ដោយសារតែវា នឹងនៅជាប់ខ្លួនលោកអ្នកជានិច្ច អ្វីដែលពិសេសនោះលោកអ្នកមិនចាំបាច់ខាតថ្លៃ ដាក់ឥវ៉ាន់តាមយន្តហោះទៀតឡើយ។

យ៉ាងណាមិញ អាវនេះកំពុងស្ថិតក្នុងដំណាក់កាលស្វែងរកអ្នកឧបត្ថម្ភ ដើម្បីផលិតវាឲ្យចេញជារូបរាង៕

ប្រភព៖ បរទេស

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖

ធ្លាប់តែញាំមីធ្វើពីម្សៅគ្រប់រសជាតិ រាល់ចុងខែ! ឥឡូវមកសាកធ្វើមីពី ចាហួយម្ដងទៅមើល..

បរទេស៖ មីត្រូវបានក្លាយជាអាហារមួយ សម្រាប់អ្នកដែលរស់នៅបែកផ្ទះពីក្រុមគ្រួសារ ឬក៏អ្នកដែលគ្មានពេលវេលាគ្រប់គ្រាន់ ដើម្បីធ្វើម្ហូប ដោយសារតែវាងាយស្រួលចំអិន និងមានតម្លៃថោកសមរម្យ។ អ្វីដែលកាន់តែពិសេសនោះ គឺមីបានក្លាយជាអាហារមួយនៅរៀងរាល់ចុងខែ សម្រាប់អ្នកដែលមានបញ្ហាហិរញ្ញវត្ថុជាដើម ដែលពួកគាត់ទទួលទានមីគ្រប់រសជាតិ គ្រប់សណ្ឋាន និងមីដែលនាំចូលពីគ្រប់ប្រទេសអស់ទៅហើយ។

ផ្ទុយទៅវិញ ថ្ងៃនេះខ្មែរឡូតនឹងនាំអារម្មណ៍ប្រិយមិត្ត ជាពិសេសអ្នកដែលចូលចិត្តទទួលទានមីឲ្យបានស្គាល់ពីប្រភេទមីថ្មីមួយ ដែលវាមានលក្ខណៈជាបង្អែមទៅវិញ។ មីនេះត្រូវបានបង្កើតឡើង ដោយហាងលក់បង្អែមមួយ នៅក្នុងទីក្រូងញូវយ៉ក ដោយហាងបង្អែមនោះ បានយកសារាយសមុទ្រ ដើម្បីផលិតជាសរសៃមី។

មីនេះត្រូវបានលាយបញ្ចូលដោយ សារាយសមុទ្ររបស់ជប៉ុនមួយប្រភេទ លាយជាមួយតែបៃតង ទឹកដោះគោ ទឹកឃ្មុំ ស្ករត្នោត...។

ក្រោយលាយគ្រឿងផ្សំទាំងនេះជាមួយគ្នា រួចយើងដាក់ទឹកបន្តិច ហើយវានឹងក្លាយជាល្បាយខាប់ៗដែលមានសភាពដូចចៅហួយ។ ក្រោយពីលាយចប់សព្វគ្រប់ហើយ យកយកចាហួយនោះ មកកាត់ជាសរសៃៗឲ្យក្លាយជាសរសៃមី ដោយប្រើកាំបិតធម្មតា។

ក្រោយពេលដែលយើងធ្វើសរសៃមីនេះរួចរាល់ យើងអាចយកវាទៅដាក់ក្នុងចាន លាយជាមួយនឹងខ្ទះដូង ទឹកដោះគោ ឬក៍ទឹកសេរ៉ូផ្សេងៗដើម្បីធ្វើឲ្យរសជាតិវាកាន់តែឆ្ងាញ់ឡើងថែមមួយកម្រិតទៀត។ លើសពីនេះ យើងក៏អាចដាក់ផ្លែឈើផ្សេងៗទៅតាមចំណង់ចំណូលចិត្តយើងផងដែរ ដោយយើងអាចដាក់ផ្លែស្វាយ ផ្លែអាវ៉ូកាដូជាដើម។

យ៉ាងណាមិញ មីនេះមិនទាន់មាននៅកម្ពុជានៅឡើយទេ ប៉ុន្តែវាអាចធ្វើឲ្យអ្នកចូលចិត្តញាំមី អាចមិនធុញទ្រាន់នឹងរសជាតិមីដដែលៗ ហើយអាចសាកល្បងធ្វើតាមវិធីនេះបាន៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]