ភ្នំពេញ៖ កីឡាករឆ្នើម និងល្បីឈ្មោះរបស់កម្ពុជា ចាន់ វឌ្ឍនាកា បានឡើងយន្ដហោះធ្វើដំណើរទៅប្រទេសជប៉ុនហើយកាលពីយប់មិញនេះ ដើម្បីចូលរួមជាមួយក្លឹបថ្មី Fujieda MYFC លីកលំដាប់ទី៣នៅជប៉ុន។

ដោយឡែកកាលពីល្ងាចម្សិលមិញនេះដែរ មិត្តរួមក្រុមរបស់ វឌ្ឍនាកា ពោលគឺ សមាជិកក្រុមបឹងកេតអង្គរ បានផ្តល់អនុស្សាវរីយ៍ចងចាំមិនភ្លេចមួយដល់កីឡាកររូបនេះ មុននឹងចាកចេញទៅ ដោយបាននាំគ្នាពាក់អាវ ដែលមានឆ្លាក់ជាអក្សរថា «អរគុណ CV11»

មិនត្រឹមប៉ុណ្ណោះ បឹងកេតថែមទាំងឈ្នះការប្រកួតទៅលើ ក្រុមក្រសួងការពារជាតិ ក្នុងលទ្ធផល ៣-០ ដណ្តើមបានពានរង្វាន់សប្បុរសធម៌ CNCC ទៀតផង។ ក្រោយបញ្ចប់ការប្រកួត យើងសង្កេតឃើញមានកីឡាកររបស់បឹងកេតអង្គរដូចជា ឃួន ឡាបូរ៉ាវី និងកីឡាមួយចំនួនផ្សេងទៀត បានបង្ហាញអារម្មណ៍របស់ខ្លួនតាមបណ្តាញសង្គម និងលាគ្នាលើកចុងក្រោយផងដែរ ខណៈអ្នកចាំទី ស៊ូ យ៉ាទី និងខ្សែការពារស្លាប រស់ សំអឿន បានទៅដល់ព្រលានយន្តហោះ ដើម្បីជូនដំណើរ វឌ្ឍនាកា មុនចាកចេញទៅប្រទេសជប៉ុន។

គួរបញ្ជាក់ថា ចាន់ វឌ្ឍនាកា ត្រូវបានក្លឹបបឹងកេតអង្គរ ព្រមព្រៀងផ្ទេរទៅលេងឲ្យក្លឹបលីកលំដាប់ទី៣ របស់ជប៉ុន Fujieda MYFC ក្នុងលក្ខខ័ណ្ឌខ្ចីជើងមួយរដូវកាល (ឆ្នាំ២០១៧) ហើយ ចាន់ វឌ្ឍនាកា ក៏ជាកីឡាករកម្ពុជាទី១ ដែលត្រូវបានក្លឹបជប៉ុននាំយកទៅលេងនៅទីនោះផងដែរ។ ប៉ុន្ដែចំពោះតម្លៃខ្លួននៃការផ្ទេរ ក៏ដូចជាប្រាក់ខែទទួលបានពីការទៅលេងឲ្យក្លឹប Fujieda MYFC មិនបានភាគីពាក់ព័ន្ធទម្លាយឲ្យដឹងនោះទេ៕ 

ក្លិបបឹងកេតអង្គរ ជាមួយពុម្ពអក្សរ «អរគុណ CV11» នៅលើអាវ
ជម្រើស១១នាក់ដំបូងរបស់ក្លិបបឹងកេតអង្គរ ជាមួយពុម្ពអក្សរ «អរគុណ CV11» នៅលើអាវ
បឹងកេតអង្គរ លើកពានសប្បុរសធម៍ CNCC ក្រោយឈ្នះក្រសួងការពារជាតិ
សាររបស់ ឃួន ឡាបូរ៉ាវី ទៅកាន់ វឌ្ឍនាកា
អ្នកចាំទី ស៊ូ យ៉ាទី និងភរិយា ជាមួយនឹង កីឡាករ ចាន់ វឌ្ឍនាកា
កីឡាករ រស់ សំអឿន និង ចាន់ វឌ្ឍនាកា

គួររំលឹកព័ត៌មានចាស់ពាក់ព័ន្ធ នឹងរឿងនេះផងដែរថា៖ កីឡាករឆ្នើម ចាន់ វឌ្ឍនាការ បានចាកចេញពីកម្ពុជាទៅជប៉ុនហើយ, លោក ចាន់ ចេស្ដា ទម្លាយរឿងរ៉ាវក្នុងការសម្រេចឲ្យកូនទៅបន្តអាជីពបាល់ទាត់នៅជប៉ុន

(ភ្នំពេញ)៖ នៅក្នុងឱកាសជូនដំណើរកូនប្រុស ដែលជាកីឡាករដ៏ល្បីរបស់កម្ពុជា ចាន់ វឌ្ឍនាកា ឡើងយន្ដហោះធ្វើដំណើរទៅប្រទេសជប៉ុន ដើម្បីចូលរួមជាមួយក្លឹបថ្មី Fujieda MYFC នាយប់ថ្ងៃទី១២ ខែកុម្ភៈ លោក ចាន់ ចេស្ដា អភិបាលខេត្តកំពត បានទម្លាយឲ្យដឹងនូវរឿងរ៉ាវមួយចំនួន មុននឹងសម្រេចចិត្តឲ្យកូនប្រុសបង្កើតរបស់ខ្លួនចាកចេញពីកម្ពុជា ទៅបន្ដអាជីពបាល់ទាត់នៅប្រទេសជប៉ុន ក្នុងឆ្នាំ២០១៧នេះ។

លោក ចាន់ ចេស្ដា បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅអាកាសយន្ដដ្ឋានអន្ដរជាតិភ្នំពេញថា «មុនមានការទាក់ទងពីក្លឹបជប៉ុន គាត់(វឌ្ឍនាកា)ប្រាប់ថា មានប្រទេសជាច្រើនចង់បានគាត់ រួមមានថៃ និងម៉ាឡេស៊ីជាដើម ដែលហ៊ានឲ្យប្រាក់ខែខ្ពស់ជាងជប៉ុន។ តែអ្វីដែលខ្ញុំសម្រេចក្នុងនាមឪពុកម្ដាយ ឲ្យទៅលេងនៅជប៉ុន គឺមិនសម្លឹងឃើញប្រាក់ខែទេ ដោយគិតថាបទពិសោធន៍ក្នុងទ្វីបអាស៊ី ជប៉ុនគឺជាប្រទេសរីកចម្រើនលើវិស័យបាល់ទាត់ខ្ពស់ជាងគេ»

«ដោយហេតុនេះយើងអាចប្រើពាក្យសាមញ្ញមួយថា គាត់(វឌ្ឍនាកា) អាចស្ថិតក្នុងចំណោមអ្នកខ្សោយ នៅប្រទេសខ្លាំង ប្រសើរជាងគាត់ស្ថិតក្នុងចំណោម អ្នកខ្លាំង នៅប្រទេសខ្សោយ។ ហេតុផលនេះហើយ ដែលខ្ញុំសម្រេចឲ្យ ចាន់ វឌ្ឍនាកា ទៅលេងនៅជប៉ុន»។ លើសពីនេះក៏មានការជំរុញពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលលើកទឹកចិត្តឲ្យ ចាន់ វឌ្ឍនាកា ទៅលេងនៅជប៉ុនផងដែរ។ នេះបើតាមសម្ដីបញ្ជាក់បន្ថែមរបស់លោក ចាន់ ចេស្ដា។

អភិបាលខេត្តកំពតដដែលរូបនោះរំពឹងថា ការចាកចេញរបស់ ចាន់ វឌ្ឍនាកា លើកនេះនឹងនាំមកវិញនូវបទពិសោធន៍ល្អៗ សម្រាប់ជំរុញការអភិវឌ្ឍន៍វិស័យ កីឡាបាល់ទាត់កម្ពុជាឲ្យកាន់តែរីកចម្រើននាពេលអនាគត ហើយក៏ជាគំរូដ៏ល្អមួយ សម្រាប់យុវជនជំនាន់ក្រោយឲ្យខិតខំហ្វឹកហាត់ និងលេងកីឡា ដើម្បីសម្រេចក្ដីសុបិនក្លាយជាកីឡាករអាជីព និងមានឱកាសបានទៅលេងឲ្យក្លឹបល្បីៗលើឆាកអន្ដរជាតិដូចកីឡាករ ចាន់ វឌ្ឍនាកា ផងដែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]