(ភ្នំពេញ)៖ នៅក្នុងឱកាសជូនដំណើរកូនប្រុស ដែលជាកីឡាករដ៏ល្បីរបស់កម្ពុជា ចាន់ វឌ្ឍនាកា ឡើងយន្ដហោះធ្វើដំណើរទៅប្រទេសជប៉ុន ដើម្បីចូលរួមជាមួយក្លឹបថ្មី Fujieda MYFC នាយប់ថ្ងៃទី១២ ខែកុម្ភៈ លោក ចាន់ ចេស្ដា អភិបាលខេត្តកំពត បានទម្លាយឲ្យដឹងនូវរឿងរ៉ាវមួយចំនួន មុននឹងសម្រេចចិត្តឲ្យកូនប្រុសបង្កើតរបស់ខ្លួនចាកចេញពីកម្ពុជា ទៅបន្ដអាជីពបាល់ទាត់នៅប្រទេសជប៉ុន ក្នុងឆ្នាំ២០១៧នេះ។

លោក ចាន់ ចេស្ដា បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅអាកាសយន្ដដ្ឋានអន្ដរជាតិភ្នំពេញថា «មុនមានការទាក់ទងពីក្លឹបជប៉ុន គាត់(វឌ្ឍនាកា)ប្រាប់ថា មានប្រទេសជាច្រើនចង់បានគាត់ រួមមានថៃ និងម៉ាឡេស៊ីជាដើម ដែលហ៊ានឲ្យប្រាក់ខែខ្ពស់ជាងជប៉ុន។ តែអ្វីដែលខ្ញុំសម្រេចក្នុងនាមឪពុកម្ដាយ ឲ្យទៅលេងនៅជប៉ុន គឺមិនសម្លឹងឃើញប្រាក់ខែទេ ដោយគិតថាបទពិសោធន៍ក្នុងទ្វីបអាស៊ី ជប៉ុនគឺជាប្រទេសរីកចម្រើនលើវិស័យបាល់ទាត់ខ្ពស់ជាងគេ» ។

«ដោយហេតុនេះយើងអាចប្រើពាក្យសាមញ្ញមួយថា គាត់(វឌ្ឍនាកា) អាចស្ថិតក្នុងចំណោមអ្នកខ្សោយ នៅប្រទេសខ្លាំង ប្រសើរជាងគាត់ស្ថិតក្នុងចំណោម អ្នកខ្លាំង នៅប្រទេសខ្សោយ។ ហេតុផលនេះហើយ ដែលខ្ញុំសម្រេចឲ្យ ចាន់ វឌ្ឍនាកា ទៅលេងនៅជប៉ុន»។ លើសពីនេះក៏មានការជំរុញពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលលើកទឹកចិត្តឲ្យ ចាន់ វឌ្ឍនាកា ទៅលេងនៅជប៉ុនផងដែរ។ នេះបើតាមសម្ដីបញ្ជាក់បន្ថែមរបស់លោក ចាន់ ចេស្ដា។

អភិបាលខេត្តកំពតដដែលរូបនោះរំពឹងថា ការចាកចេញរបស់ ចាន់ វឌ្ឍនាកា លើកនេះនឹងនាំមកវិញនូវបទពិសោធន៍ល្អៗ សម្រាប់ជំរុញការអភិវឌ្ឍន៍វិស័យ កីឡាបាល់ទាត់កម្ពុជាឲ្យកាន់តែរីកចម្រើននាពេលអនាគត ហើយក៏ជាគំរូដ៏ល្អមួយ សម្រាប់យុវជនជំនាន់ក្រោយឲ្យខិតខំហ្វឹកហាត់ និងលេងកីឡា ដើម្បីសម្រេចក្ដីសុបិនក្លាយជាកីឡាករអាជីព និងមានឱកាសបានទៅលេងឲ្យក្លឹបល្បីៗលើឆាកអន្ដរជាតិដូចកីឡាករ ចាន់ វឌ្ឍនាកា ផងដែរ។

គួរបញ្ជាក់ថា ចាន់ វឌ្ឍនាកា ត្រូវបានក្លឹបបឹងកេតអង្គរ ព្រមព្រៀងផ្ទេរទៅលេងឲ្យក្លឹបលីគលំដាប់ទី៣ របស់ជប៉ុន Fujieda MYFC ក្នុងលក្ខខណ្ឌខ្ជីជើងមួយ រដូវកាល(ឆ្នាំ២០១៧) ហើយ ចាន់ វឌ្ឍនាកា ក៏ជាកីឡាករកម្ពុជាទី១ ដែលត្រូវបានក្លឹបជប៉ុននាំយកទៅលេងនៅទីនោះផងដែរ។ ប៉ុន្ដែចំពោះតម្លៃខ្លួននៃការផ្ទេរ ក៏ដូចជាប្រាក់ខែទទួលបានពីការទៅលេងឲ្យក្លឹប Fujieda MYFC មិនបានភាគីពាក់ព័ន្ធទម្លាយឲ្យដឹងនោះទេ៕

ប្រភព៖ Fresh News

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា៖ ឯកអគ្គ​រាជ​ទូតជប៉ុន ស្នើ​ឲ្យ ចាន់ វឌ្ឍនាកា ខិត​ខំ​ប្រឹង​លេង និង​បញ្ចេញ​បច្ចេក​ទេស​ដែល​ខ្លួន​មាន ដើម្បី​ឲ្យ​ប្រជា​ជន​ជប៉ុន​បាន​ស្គាល់

(ភ្នំពេញ)៖ លោក Hidehisa HORINOUCHI ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា បានធ្វើការស្នើសុំឲ្យកីឡាករល្បីលំដាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជា ចាន់ វឌ្ឍនាកា ខិតខំប្រឹងប្រែងលេងឲ្យពីសមត្ថភាព ក៏ដូចជាបច្ចេកទេស ដែលខ្លួនធ្លាប់បានប្រើដើម្បីរកគ្រាប់នាពេលកន្លងមកឲ្យប្រជាជនជប៉ុនបានដឹង នៅក្នុងឱកាសកីឡាកររបស់ក្លឹបបឹងកេត អង្គររូបនេះ ទៅចូលរួមលេងក្នុងក្លឹប Fujieda MYFC សមាជិកលីគលំដាប់ទី៣ របស់ជប៉ុន។

ការស្នើសុំបែបនេះ ត្រូវបានធ្វើឡើងគ្រាដែលឯកអគ្គរាជទូតខាងលើនេះ បានអនុញ្ញាតឲ្យកីឡាករជំនាញជើងឆ្វេងចូល ជួបសំដែងការគួរសមនាព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ នៅការិយាល័យទូតជប៉ុនតែម្តង មុនពេល ចាន់ វឌ្ឍនាកា ឡើងយន្តទៅជប៉ុននៅថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈចុងសប្តាហ៍នេះ។

លើសពីនេះទៀត ឯកអគ្គរាជទូតខាងលើនេះក៏បានសង្កត់ធ្ងន់ថា ការខំប្រឹងលេងឲ្យអស់ពីសមត្ថភាពក៏ដើម្បីបង្ហាញពី មោទនភាពរបស់កម្ពុជាផងដែរនៅលើទឹកដីនៃប្រទេសដែលរីកចំរើនខាងវិស័យបាល់ទាត់ប្រចាំទ្វីបអាស៊ីមួយនេះ ក្នុងនាមជាកីឡាករកម្ពុជាដំបូងដែលបានទៅលេងនៅទឹកដីនៃប្រទេសជប៉ុន។ លោកថា ចាន់ វឌ្ឍនាកា ត្រូវមានទំនាក់ ទំនងល្អជាមួយនឹងកីឡាករបរទេសដទៃទៀត និងសហការគ្នាដើម្បីទទួលជ័យជំនះនៅក្នុងការប្រកួតនីមួយៗផងដែរ។

ឯកអគ្គរាជទូត HORINOUCHI បានបញ្ជាក់ថា «វត្តមានរបស់ ចាន់ វឌ្ឍនាកា នៅទឹកដីជប៉ុនក្នុងរយៈពេល ១ឆ្នាំពេញ នេះ ក៏បានធ្វើឲ្យប្រជាជនយល់ដឹងពីភាពរីកចម្រើននៃវិស័យកីឡាបាល់ទាត់កម្ពុជា និងរឹតចំណងការទូតរវាងប្រទេស កម្ពុជា និងជប៉ុងផងដែរ»។

ទន្ទឹមគ្នានោះ កីឡាករដែលជំនាញស៊ុតជើងឆ្វេង ចាន់ វឌ្ឍនាកា ក៏បានធ្វើការសន្យាក្នុងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដើម្បីសម្រេចបំណងពីការលេងក្នុងលីគលំដាប់ទី២ ឬលីគកំពូលជប៉ុននាថ្ងៃអនាគត ដោយបានលើកឡើងថា «ការទៅលេងនៅទឹកដីថ្មីនៃប្រទេសជប៉ុន គឺពិតជាផលលំបាកខ្លះៗសម្រាប់ខ្ញុំ តែយ៉ាងក៏ដោយ ខ្ញុំត្រូវតែខិតខំប្រឹងលេង ដើម្បីក្លឹប និងក្រុមជម្រើសជាតិផងដែរ»។

សូមបញ្ជាក់ផងដែរ កាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ ចាន់ វឌ្ឍនាកា ត្រូវបានក្លឹប Fujieda MYFC ចុះកិច្ចសន្យារយៈពេល ១ឆ្នាំពីក្លឹបបឹងកេតអង្គររបស់កម្ពុជា ក្នុងលក្ខខណ្ឌខ្ចីជើង ក្រោមតម្លៃខ្លួបបិទជាតិ តែយ៉ាងណាមិញបើតាមប្រភពជិតស្និទ្ធរបស់ វឌ្ឍនាកា បានទម្លាយថា បានប្រហែលខ្ទង់ ១ម៉ឺនដុល្លារក្នុង ១ខែ ព្រមទាំងរថយន្តសម្រាប់ប្រើប្រាស់ក្នុងប្រទេសជប៉ុន រួមទាំងខុនដូ ក៏ដូចជាអ្នកបកប្រែផ្ទាល់ខ្លួនផងដែរ៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]