ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០កុម្ភៈនេះ សពរបស់ លោក ម៉ា សេរី ប្រធានផ្នែកផលិតកម្មវិធីកីឡារបស់ស្ថានីយទូរទស្សន៍ CTN CNC និង MY TV បានបូជាទៅតាមប្រពៃណីខ្មែររួចរាល់ហើយ នៅឈាបនដ្ឋានក្នុងបរិវេណវត្តវង្គតបុរី ហៅវត្តទួលក្រសាំង ដែលមានទីតាំងស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្នុងទិដ្ឋភាពនៃពិធីបូជាសពលោក ម៉ា សេរី ទាំងមូលពោរពេញទៅដោយភាពសោកសង្រែង ក្រៃលែង ពីសំណាក់ក្រុមគ្រួសាររបស់លោក និងប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនកុះករ ក៏ដូចជាមិត្តរួមអាជីពរបស់លោក ម៉ា សេរី ជាច្រើននាក់ទៀតផងដែរ។

នៅក្នុងនោះយើងឃើញលោក សុវណ្ណ រិទ្ធី ហៅលោកតា វិចទ័រ ដែលជាអ្នកដឹកនាំ និងជាអ្នកនិពន្ធរឿងកំប្លែង ឱ្យក្រុមតារាកំប្លែងនាយ ពែកមី បានសម្តែងការសោកស្តាយយ៉ាងខ្លាំងនៅក្នុងពិធីបូជាសព រហូតដល់ស្រក់ទឹកភ្នែកចេញមកដោយមិនដឹងខ្លួនផងដែរ សម្រាប់ការចាកចេញជារៀងរហូតគ្មានថ្ងៃត្រលប់មកវិញរបស់លោក ម៉ា សេរី។

លោក សុវណ្ណ រិទ្ធី កាលពីព្រឹកមិញក៏បានរៀបរាប់នៅលើហ្វេសប៊ុករបស់ខ្លួនយ៉ាងក្តុកក្តួលដូច្នេះថា៖ «បងម៉ាសេរី លាហើយបង លារៀងរហូត!!! សូមបងបានទៅកាន់ឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ!»៕

គួរឱ្យដឹងដែរថា ការស្លាប់របស់លោក ម៉ា សេរី បានធ្វើមហាជនកើតទុក្ខ យ៉ាងក្រៀមក្រំ ដោយសារតែបាត់បង់ ធនធានមនុស្សដ៏ចម្បងនៅក្នុងសង្គមជាតិ។ សូមជូនពរឱ្យវិញ្ញាណក្ខន្ធលោកបាន ទៅកាន់ឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕

ទស្សនាកម្រងរូបភាពខាងក្រោម៖

កំណត់ហេតុខ្មែរឡូត៖

សពលោក ម៉ា សេរី បានបូជារួចរាល់ហើយ នៅវត្តវង្គតបុរី ក្នុងខណ្ឌសែនសុខ ក្រោមសំរែក​ទួញយំ​របស់សាច់ញាតិ

សពរបស់លោក ម៉ា សេរី ប្រធានផ្នែកកម្មវិធីកីឡារបស់ស្ថានីយ៍ទូរទស្សន៍ CTN CNC MyTV បានរំកិល​ទៅដល់ឈាបនដ្ឋាន ក្នុងបរិវេណវត្តវង្គតបុរី ហៅវត្តទួលក្រសាំង និងបានបូជាសពរួចរាល់ហើយនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្រោមសំរែកទួញយំយ៉ាងខ្លាំង របស់សាច់ និងមិត្តរួមអាជីព។

លោក ហ៊ុយ វណ្ណៈ នាយកគ្រប់គ្រងព័ត៌មាននៅទូរទស្សន៍ CNC CTN និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានឲ្យដឹងថា សពរបស់លោក ម៉ា សេរី ត្រូវបានបូជាដោយការប្រទានភ្លើង ពីព្រះចៅអធិការវត្តវង្គតបុរី ហៅវត្ត​ទួលក្រសាំង ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នៅក្នុងពិធីបូជាសព លោក ម៉ា សេរី នាពេលនេះ ក៏មានការចូលរួមពី ថ្នាក់ដឹកនាំ និងសហការីនៅស្ថានីយ៍ទូរទស្សន៍ CTN CNC MyTV និងសាច់ញាតិ រួមនឹងប្រជាពលរដ្ឋ​យ៉ាងច្រើនកុះករ​ទៀតផងដែរ។

សូមជំរាបថា លោក ម៉ា សេរី ប្រធានផ្នែកកម្មវិធីកីឡារបស់ស្ថានីយ៍ទូរទស្សន៍ CTN CNC MyTV បានទទួលមរណភាព នៅវេលា​ម៉ោង​​៥៖៥៤នាទី ព្រឹកថ្ងៃទី៨ ខែកុម្ភ:​ ឆ្នាំ២០១៧នេះ នៅមន្ទីរពេទ្យរុស្ស៊ី៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]