(ភ្នំពេញ)៖ សពរបស់លោក ម៉ា សេរី ប្រធានផ្នែកកម្មវិធីកីឡារបស់ស្ថានីយ៍ទូរទស្សន៍ CTN CNC MyTV បានរំកិល​ទៅដល់ឈាបនដ្ឋាន ក្នុងបរិវេណវត្តវង្គតបុរី ហៅវត្តទួលក្រសាំង និងបានបូជាសពរួចរាល់ហើយនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្រោមសំរែកទួញយំយ៉ាងខ្លាំង របស់សាច់ និងមិត្តរួមអាជីព។

លោក ហ៊ុយ វណ្ណៈ នាយកគ្រប់គ្រងព័ត៌មាននៅទូរទស្សន៍ CNC CTN និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានឲ្យដឹងថា សពរបស់លោក ម៉ា សេរី ត្រូវបានបូជាដោយការប្រទានភ្លើង ពីព្រះចៅអធិការវត្តវង្គតបុរី ហៅវត្ត​ទួលក្រសាំង ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នៅក្នុងពិធីបូជាសព លោក ម៉ា សេរី នាពេលនេះ ក៏មានការចូលរួមពី ថ្នាក់ដឹកនាំ និងសហការីនៅស្ថានីយ៍ទូរទស្សន៍ CTN CNC MyTV និងសាច់ញាតិ រួមនឹងប្រជាពលរដ្ឋ​យ៉ាងច្រើនកុះករ​ទៀតផងដែរ។

សូមជំរាបថា លោក ម៉ា សេរី ប្រធានផ្នែកកម្មវិធីកីឡារបស់ស្ថានីយ៍ទូរទស្សន៍ CTN CNC MyTV បានទទួលមរណភាព នៅវេលា​ម៉ោង​​៥៖៥៤នាទី ព្រឹកថ្ងៃទី៨ ខែកុម្ភ:​ ឆ្នាំ២០១៧នេះ នៅមន្ទីរពេទ្យរុស្ស៊ី៕

ប្រភព៖ Fresh News

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា៖ យុគ ចិន្តា ពិតជារន្ធត់ចិត្ត ពេលដឹង ម៉ា សេរី បាត់បង់ជីវិត តែបែរជាចូលរួមបុណ្យសពមិនបាន ដោយសារ....

ភ្នំពេញ៖ ក្រោយពីបានដឹងរឿងទុក្ខក្រៀមក្រំថា អ្នកអត្ថាធិប្បាយ ព័ត៌មានកីឡាដ៏ឆ្នើមមួយរូប នៅប្រទេសកម្ពុជា លោក ម៉ា សេរី បានបាត់បង់ជីវិត បានធ្វើឲ្យ អ្នកនាង យុគ ចិន្តា រន្ធត់ចិត្តយ៉ាងខ្លាំង ព្រោះចាប់ពីពេលនេះទៅ រូបនាង លែងបានឃើញមុខ មិត្តរួមការងារតទៅទៀតហើយ។

នៅក្នុងខណៈពេលនេះ អ្នកនាង យុគ ចិន្តា កំពុងបំពេញការងារតាមខេត្ត ជាមួយនឹងក្រុមការងារ ដែលធ្វើឲ្យខកខាន មិនបានចូលរួមបុណ្យសព លោក ម៉ា សេរី ដោយផ្ទាល់ ហើយនាងពិតជាមានការសោកស្តាយយ៉ាងខ្លាំង។

នៅក្នុងនោះដែរ រូបនាង ក៏បានបង្ហាញអារម្មណ៍ តាមរយៈបណ្តាញសង្គមហ្វេសបុកផងដែរថា "នាងខ្ញុំ យុគ ចិន្តា និងក្រុមការងារ មានក្តីក្រៀមក្រំ និងក្តុកក្តួលចិត្តយ៉ាងខ្លាំង នៅពេលដែលបានទទួលដំណឹងដ៏ក្រៀមក្រំ អំពីការទទួលមរណភាពរបស់លោក ម៉ា សេរី ដែលជាប្រធានផ្នែកកម្មវិធីកីឡា របស់បណ្តាញស្ថានីយទូរទស្សន៏ CTN MYTV CNC ក្នុងនាមនាងខ្ញុំជាបុគ្គលិកបំពេញការងារក្នុងស្ថាប័នទូរទស្សន៏ជាមួយគ្នា បើទោះបីជាជាប់បំពេញបេសកម្មការងារនៅខេត្តហើយ មិនបានចូលរួមក្នុងពិធីបុណ្យសព ប៉ុន្តែពួកខ្ញុំ និងក្រុមការងារមានក្តីសោកស្តាយ នៅពេលដែលបានទទួលដំណឹងដ៏សែនក្រៀមក្រំនេះ ឆ្លៀតក្នុងឱកាសដ៏សែនក្រៀមក្រំនេះនាងខ្ញុំសូមចូលរួមរំលែកទុក្ខ និងមានការសោកស្តាយជាមួយនឹងក្រុមគ្រួសារនៃសព លោក ម៉ា សេរី នឹងសូមឧទ្ទិស និងបួងសួងដល់ដួងវិញ្ញាណក្ខ័នសពលោក ម៉ា សេរី សូមឆាប់បានកើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ"៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]