ភ្នំពេញ៖ ក្រោយពីបានដឹងរឿងទុក្ខក្រៀមក្រំថា អ្នកអត្ថាធិប្បាយ ព័ត៌មានកីឡាដ៏ឆ្នើមមួយរូប នៅប្រទេសកម្ពុជា លោក ម៉ា សេរី បានបាត់បង់ជីវិត បានធ្វើឲ្យ អ្នកនាង យុគ ចិន្តា រន្ធត់ចិត្តយ៉ាងខ្លាំង ព្រោះចាប់ពីពេលនេះទៅ រូបនាង លែងបានឃើញមុខ មិត្តរួមការងារតទៅទៀតហើយ។

នៅក្នុងខណៈពេលនេះ អ្នកនាង យុគ ចិន្តា កំពុងបំពេញការងារតាមខេត្ត ជាមួយនឹងក្រុមការងារ ដែលធ្វើឲ្យខកខាន មិនបានចូលរួមបុណ្យសព លោក ម៉ា សេរី ដោយផ្ទាល់ ហើយនាងពិតជាមានការសោកស្តាយយ៉ាងខ្លាំង។

នៅក្នុងនោះដែរ រូបនាង ក៏បានបង្ហាញអារម្មណ៍ តាមរយៈបណ្តាញសង្គមហ្វេសបុកផងដែរថា "នាងខ្ញុំ យុគ ចិន្តា និងក្រុមការងារ មានក្តីក្រៀមក្រំ និងក្តុកក្តួលចិត្តយ៉ាងខ្លាំង នៅពេលដែលបានទទួលដំណឹងដ៏ក្រៀមក្រំ អំពីការទទួលមរណភាពរបស់លោក ម៉ា សេរី ដែលជាប្រធានផ្នែកកម្មវិធីកីឡា របស់បណ្តាញស្ថានីយទូរទស្សន៏ CTN MYTV CNC ក្នុងនាមនាងខ្ញុំជាបុគ្គលិកបំពេញការងារក្នុងស្ថាប័នទូរទស្សន៏ជាមួយគ្នា បើទោះបីជាជាប់បំពេញបេសកម្មការងារនៅខេត្តហើយ មិនបានចូលរួមក្នុងពិធីបុណ្យសព ប៉ុន្តែពួកខ្ញុំ និងក្រុមការងារមានក្តីសោកស្តាយ នៅពេលដែលបានទទួលដំណឹងដ៏សែនក្រៀមក្រំនេះ ឆ្លៀតក្នុងឱកាសដ៏សែនក្រៀមក្រំនេះនាងខ្ញុំសូមចូលរួមរំលែកទុក្ខ និងមានការសោកស្តាយជាមួយនឹងក្រុមគ្រួសារនៃសព លោក ម៉ា សេរី នឹងសូមឧទ្ទិស និងបួងសួងដល់ដួងវិញ្ញាណក្ខ័នសពលោក ម៉ា សេរី សូមឆាប់បានកើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ"៕ 

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងការស្លាប់របស់លោក ម៉ា សេរី បានធ្វើឲ្យ កញ្ញា សុគន្ធ និសា បង្ហាញទុក្ខសោកយ៉ាងខ្លាំង ពេលទទួលដំណឹងនេះ។

លោកម៉ា សេរី ដែលប្រិយមិត្ដ ធ្លាប់បានឃើញគាត់ជាពិធីករក្នុងស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកមួយ បានស្លាប់បាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យរុស្ស៊ីដោយជំងឺ។

យ៉ាងណាមិញ តារាចម្រៀងស្រីល្បីខាងសម្រស់មិនផ្លាស់ប្ដូរ សុគន្ធ និសា ក៏បានទៅចូលរួមពិធីបុណ្យសពរបស់លោកភ្លាមៗតែម្ដង ដោយសារតែលោកជារៀមច្បងរបស់កញ្ញា ហើយក៏មានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នា អ្វីដែលពិសេស លោកម៉ាសេរី ក៏ធ្លាប់ជាកវីនិពន្ធបទចម្រៀងឲ្យកញ្ញា សុគន្ធ និសា ច្រៀងផ្ទាល់តែម្ដង ដែលបទនោះមានចំណងជើងថា “អរគុណភាពក្រ”។

ដោយឡែក កញ្ញា សុគន្ធ និសា ក៏បានទៅដល់គេហដ្ឋានរបស់លោក ម៉ាសេរី ដើម្បីអុជធូបជូនដំណើរលោកទៅកាន់សុគតិភព លើសពីនេះកញ្ញាក៏បានបង្ហោះសារមួយ លើហ្វេសប៊ុករបស់កញ្ញាថា”ថ្ងៃនេះទើបត្រលប់មកពីពិធីបុណ្យសពលោកពូម៉ាសេរីនាងខ្ញុំពិតជាសោកស្តាយ និងតក់ស្លុតចំពោះការបាត់បង់មនុស្សដ៏ល្អ និងគួរអោយគោរពដូចជាលោកពូ លោកពូ ម៉ាសេរី បានលាចាកលោកកាលពីព្រឹកមិញនេះដោយរោគាពាធ គឺជម្ងឺមហារីក ហើយនាងខ្ញុំក៏សូមអោយបងប្អូនគ្រប់រូបមានការប្រុងប្រយ័ត្នអោយបានខ្ពស់ចំពោះសុខភាពខ្លួនឯង ព្រោះជម្ងឺមហារីកនេះពិតជាកាចសាហាវណាស់វាបានឆក់យកជីវិតមនុស្សជាច្រើន ហើយនាងខ្ញុំបានជួបប្រទះការបាត់បង់មនុស្សដ៏គួរអោយគោរពជុំវិញខ្លួនច្រើននាក់មកហើយដោយសារជម្ងឺនេះ ដូចជាម្តាយរបស់កញ្ញាឈិតសុវណ្ណបញ្ញា និងលោកជុំប៊ុនធឿនជាដើម នាងខ្ញុំសូមអោយបងប្អូនថែរក្សាសុខភាពខ្លួន និងធ្វើការពិនិត្យសុខភាពអោយបានទៀងទាត់ ទើបអាចព្យាបាលបានទាន់ពេលវេលា”

ជាចុងក្រោយ សារនេះជាសារផ្ដាំផ្ញើ ដល់អ្នកគាំទ្រទាំងអស់គ្នាឲ្យថែរក្សាសុខភាព គិតគូរពីសុខភាពជាធំ ព្រោះជំងឺអាចធ្វើឲ្យយើងទាំងអស់គ្នា ឃ្លាតចាកពីមនុស្សដែលយើងស្រលាញ់ ហើយអ្វីដែលនៅសល់គឺត្រឹមតែជាអនុស្សាវរីយ៍ដែលធ្លាប់បានឆ្លងកាត់ជាមួយគ្នាប៉ុណ្ណោះ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យុគ ចិន្តា