(ភ្នំពេញ)៖ លោក Hidehisa HORINOUCHI ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា បានធ្វើការស្នើសុំឲ្យកីឡាករល្បីលំដាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជា ចាន់ វឌ្ឍនាកា ខិតខំប្រឹងប្រែងលេងឲ្យពីសមត្ថភាព ក៏ដូចជាបច្ចេកទេស ដែលខ្លួនធ្លាប់បានប្រើដើម្បីរកគ្រាប់នាពេលកន្លងមកឲ្យប្រជាជនជប៉ុនបានដឹង នៅក្នុងឱកាសកីឡាកររបស់ក្លឹបបឹងកេត អង្គររូបនេះ ទៅចូលរួមលេងក្នុងក្លឹប Fujieda MYFC សមាជិកលីគលំដាប់ទី៣ របស់ជប៉ុន។

ការស្នើសុំបែបនេះ ត្រូវបានធ្វើឡើងគ្រាដែលឯកអគ្គរាជទូតខាងលើនេះ បានអនុញ្ញាតឲ្យកីឡាករជំនាញជើងឆ្វេងចូល ជួបសំដែងការគួរសមនាព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ នៅការិយាល័យទូតជប៉ុនតែម្តង មុនពេល ចាន់ វឌ្ឍនាកា ឡើងយន្តទៅជប៉ុននៅថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈចុងសប្តាហ៍នេះ។

លើសពីនេះទៀត ឯកអគ្គរាជទូតខាងលើនេះក៏បានសង្កត់ធ្ងន់ថា ការខំប្រឹងលេងឲ្យអស់ពីសមត្ថភាពក៏ដើម្បីបង្ហាញពី មោទនភាពរបស់កម្ពុជាផងដែរនៅលើទឹកដីនៃប្រទេសដែលរីកចំរើនខាងវិស័យបាល់ទាត់ប្រចាំទ្វីបអាស៊ីមួយនេះ ក្នុងនាមជាកីឡាករកម្ពុជាដំបូងដែលបានទៅលេងនៅទឹកដីនៃប្រទេសជប៉ុន។ លោកថា ចាន់ វឌ្ឍនាកា ត្រូវមានទំនាក់ ទំនងល្អជាមួយនឹងកីឡាករបរទេសដទៃទៀត និងសហការគ្នាដើម្បីទទួលជ័យជំនះនៅក្នុងការប្រកួតនីមួយៗផងដែរ។

ឯកអគ្គរាជទូត HORINOUCHI បានបញ្ជាក់ថា «វត្តមានរបស់ ចាន់ វឌ្ឍនាកា នៅទឹកដីជប៉ុនក្នុងរយៈពេល ១ឆ្នាំពេញ នេះ ក៏បានធ្វើឲ្យប្រជាជនយល់ដឹងពីភាពរីកចម្រើននៃវិស័យកីឡាបាល់ទាត់កម្ពុជា និងរឹតចំណងការទូតរវាងប្រទេស កម្ពុជា និងជប៉ុងផងដែរ»។

ទន្ទឹមគ្នានោះ កីឡាករដែលជំនាញស៊ុតជើងឆ្វេង ចាន់ វឌ្ឍនាកា ក៏បានធ្វើការសន្យាក្នុងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដើម្បីសម្រេចបំណងពីការលេងក្នុងលីគលំដាប់ទី២ ឬលីគកំពូលជប៉ុននាថ្ងៃអនាគត ដោយបានលើកឡើងថា «ការទៅលេងនៅទឹកដីថ្មីនៃប្រទេសជប៉ុន គឺពិតជាផលលំបាកខ្លះៗសម្រាប់ខ្ញុំ តែយ៉ាងក៏ដោយ ខ្ញុំត្រូវតែខិតខំប្រឹងលេង ដើម្បីក្លឹប និងក្រុមជម្រើសជាតិផងដែរ»។

សូមបញ្ជាក់ផងដែរ កាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ ចាន់ វឌ្ឍនាកា ត្រូវបានក្លឹប Fujieda MYFC ចុះកិច្ចសន្យារយៈពេល ១ឆ្នាំពីក្លឹបបឹងកេតអង្គររបស់កម្ពុជា ក្នុងលក្ខខណ្ឌខ្ចីជើង ក្រោមតម្លៃខ្លួបបិទជាតិ តែយ៉ាងណាមិញបើតាមប្រភពជិតស្និទ្ធរបស់ វឌ្ឍនាកា បានទម្លាយថា បានប្រហែលខ្ទង់ ១ម៉ឺនដុល្លារក្នុង ១ខែ ព្រមទាំងរថយន្តសម្រាប់ប្រើប្រាស់ក្នុងប្រទេសជប៉ុន រួមទាំងខុនដូ ក៏ដូចជាអ្នកបកប្រែផ្ទាល់ខ្លួនផងដែរ៕

ប្រភព៖ Khmertalking

ដោយឡែករំលឹកព័ត៌មានកីឡាមួយផ្សេងទៀត៖ បឹងកេតអង្គរ ឡើងទៅលេងពាន AFC Cup ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ខណៈ ចាន់ វឌ្ឍនាកា លាមិត្តរួមក្រុមជាលើកចុងក្រោយ

ឡាវ៖ ទីបំផុត ក្លិបបឹងកេតអង្គររបស់កម្ពុជា បានឡើងទៅលេងវគ្គចែកពូលក្នុងពានរង្វាន់ AFC Cup ជាផ្លូវការហើយ ក្រោយពីឈ្នះក្លិបឡាវតូយ៉ូតា ក្នុងលទ្ធផល ១-០ សរុបលទ្ធផលទាំងពីរជើង បឹងកេត ឈ្នះ ២-១ ។

១គ្រាប់របស់បឹងកេតអង្គរ ក៏ដូចជាគ្រាប់បាល់ជ័យជំនះនេះ ស៊ុតដោយកីឡាករ Tomoki នៅនាទី៤៣ ជិតបញ្ចប់តង់ទីមួយ ខណៈតង់ទី២ ក្លិបឡាវតូយ៉ូតា កាន់តែយ៉ាប់យឺន ដោយសារសមាជិកក្រុមម្នាក់ទទួលបានកាតលឿង២ដង ស្មើនឹងកាតក្រហម ត្រូវបណ្តេញចេញពីការប្រកួត។

ដោយឡែក ក្រលេកមកចាប់អារម្មណ៍ ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា វិញម្តង គួរបញ្ជាក់ថា ការប្រកួតនេះ វឌ្ឍនាកា ក៏បានចូលលេងមួយប្រកួតទៀតដែរ ដោយប្តូរចូលក្នុងតង់ទី២ ដែលនេះគឺជាការប្រកួតចុងក្រោយ និងជាការបង្ហាញខ្លួនលើកទី៩១ ឲ្យក្លិបបឹងកេតអង្គរ មុននឹងចាកចេញទៅប្រទេសជប៉ុន នៅថ្ងៃទី១២ ខែកុម្ភៈ ខាងមុខនេះ។

ក្រោយបញ្ចប់ការប្រកួតយប់មិញ ខ្សែប្រយុទ្ធ វ័យ២៣ឆ្នាំ ចាន់ វឌ្ឍនាកា បានសរសេរសារលើកចុងក្រោយមួយ ដែលការជាការលាមិត្តរួមក្រុម នៅក្នុងបណ្តាញសង្គមរបស់ខ្លួនថា «អគុណបងប្អូនប្អូនមិត្តរួមក្រុមទាំងអស់គ្នា ពេលយើងធ្វើបានហើយ ត្រូវព្យាយាមថែមទៀត ហើយក៏ជំរាបលាបងប្អូនទាំងអស់គ្នាសិនដែរ សង្ឃឹមថាយើងនឹងអាចជួបគ្នានិងរួមកាងាជាមួយគ្នាម្ដងទៀតពេលក្រោយៗ» ៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]