ឡាវ៖ ទីបំផុត ក្លិបបឹងកេតអង្គររបស់កម្ពុជា បានឡើងទៅលេងវគ្គចែកពូលក្នុងពានរង្វាន់ AFC Cup ជាផ្លូវការហើយ ក្រោយពីឈ្នះក្លិបឡាវតូយ៉ូតា យប់មិញក្នុងលទ្ធផល ១-០ សរុបលទ្ធផលទាំងពីរជើង បឹងកេត ឈ្នះ ២-១ ។

១គ្រាប់របស់បឹងកេតអង្គរ ក៏ដូចជាគ្រាប់បាល់ជ័យជំនះនេះ ស៊ុតដោយកីឡាករ Tomoki នៅនាទី៤៣ ជិតបញ្ចប់តង់ទីមួយ ខណៈតង់ទី២ ក្លិបឡាវតូយ៉ូតា កាន់តែយ៉ាប់យឺន ដោយសារសមាជិកក្រុមម្នាក់ទទួលបានកាតលឿង២ដង ស្មើនឹងកាតក្រហម ត្រូវបណ្តេញចេញពីការប្រកួត។

ដោយឡែក ក្រលេកមកចាប់អារម្មណ៍ ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា វិញម្តង គួរបញ្ជាក់ថា ការប្រកួតយប់មិញនេះ វឌ្ឍនាកា ក៏បានចូលលេងមួយប្រកួតទៀតដែរ ដោយប្តូរចូលក្នុងតង់ទី២ ដែលនេះគឺជាការប្រកួតចុងក្រោយ និងជាការបង្ហាញខ្លួនលើកទី៩១ ឲ្យក្លិបបឹងកេតអង្គរ មុននឹងចាកចេញទៅប្រទេសជប៉ុន នៅថ្ងៃទី១២ ខែកុម្ភៈ ខាងមុខនេះ។

ក្រោយបញ្ចប់ការប្រកួតយប់មិញ ខ្សែប្រយុទ្ធ វ័យ២៣ឆ្នាំ ចាន់ វឌ្ឍនាកា បានសរសេរសារលើកចុងក្រោយមួយ ដែលការជាការលាមិត្តរួមក្រុម នៅក្នុងបណ្តាញសង្គមរបស់ខ្លួនថា «អគុណបងប្អូនប្អូនមិត្តរួមក្រុមទាំងអស់គ្នា ពេលយើងធ្វើបានហើយ ត្រូវព្យាយាមថែមទៀត ហើយក៏ជំរាបលាបងប្អូនទាំងអស់គ្នាសិនដែរ សង្ឃឹមថាយើងនឹងអាចជួបគ្នានិងរួមកាងាជាមួយគ្នាម្ដងទៀតពេលក្រោយៗ» ៕  

ដោយឡែករំលឹកព័ត៌មានកីឡាមួយផ្សេងទៀត៖  យុវតីរូបស្រស់អាយុ១៤ឆ្នាំ ជាប់ឈ្មោះជា កីឡាការិនីហោះក្នុងអាកាស លឿនជាងគេ លើពិភពលោក

អេស្ប៉ាញ៖ យុវតីជនជាតិសិង្ហបុរី វ័យក្មេងរូបស្រស់ អាយុ១៤ឆ្នាំម្នាក់ ដែលជាកីឡាការិនីផ្នែកល្បែង បណ្តែតខ្លួនលើអាកាស សិប្បនិមិត្ត បានជាប់ឈ្មោះជា កីឡាការិនីហោះក្នុងអាកាស លឿនជាងគេបំផុត លើពិភពលោក បន្ទាប់ពីបានចូលរួមប្រកួតនៅក្នុងកម្មវិធី Wind Games ដែលជាប្រភេទកីឡាដ៏ធំមួយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧។

ស្ថិតក្នុងម៉ាស៊ីនបាញ់ខ្យល់ដ៏ធំ ដែលមានកញ្ចក់ពណ៌សថ្លាស្រអាប់ព័ទ្ធជុំវិញ យើងអាចមើលឃើញថា យុវតីរូបស្រស់ Kyra Poh បានហោះបណ្តែតខ្លូនក្នុងល្បឿនដល់ទៅ ២៣០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយបានត្រឡប់ និងបង្វិលខ្លួនជាច្រើនជុំថែមទៀតផង។ យុវតីជនជាតិសិង្ហបុរីរូបនេះ បានបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យ រួមជាមួយការរាំ និងបណ្តែតខ្លួនក្នុងខ្យល់ ដែលមើលទៅរស់រវើក ហាក់ដូចជាគ្មានខំប្រឹងបញ្ចេញកម្លាំងអ្វីបន្តិចសោះ ប៉ុន្តែធាតុពិតគឺវាពិបាកខ្លាំងណាស់។

ប្រភពព័ត៌មានបានឲ្យដឹងថា កីឡាករចំនួន ២០០នាក់ បានចូលរួមក្នុងការប្រកួតរបស់កម្មវិធី The Wind Games ដែលធ្វើឡើងនៅក្នុង សហគមន៍ស្វយ័ត Catalonia នៃប្រទេសអេស្ប៉ាញ កាលពីចុងសប្តាហ៍កន្លងទៅនេះ។ ហើយ Kyra Poh គឺជាកីឡាការិនីវ័យក្មេងជាងគេ ក្នុងចំណោមកីឡាការិនីផ្សេងទៀត ដែលចូលរួមក្នុងការប្រកួតនេះ ហើយវាជាព្រឹត្តិការណ៍ដំបូង ដែលនាងត្រូវប្រកួតប្រជែងជាមួយកីឡាករជាច្រើនដែលមានវ័យបងនាង។

បើទោះជាស្ថិតនៅក្នុងវ័យក្មេងជាងគេយ៉ាងណាក៏ដោយ ប៉ុន្តែ Kyra Poh បានយកឈ្នះអ្នកផ្សេងទៀតយ៉ាងងាយស្រួលបំផុត និងឈ្នះមេដាយមាស លើវិញ្ញាសារ ប្រភេទ “ល្បឿនទោល” ឬការបណ្តែតខ្លួនតែឯង។

ថ្លែងប្រាប់ភ្នាក់ងារ BBC ពីប្រទេសអេស្ប៉ាញ យុវតី Kyra Poh បានឲ្យដឹងថា “អ្នកត្រូវប្រើសាច់ដុំទាំងអស់នៅក្នុងកីឡាមួយនេះ សូម្បីតែសាច់ដុំខ្លះដែលអ្នកមិនដែលដឹងថា វាមានក៏ដោយ។ សាច់ដុំទាំងអស់នោះនឹងចាប់ផ្តើមធ្វើឲ្យអ្នកឈឺចាប់ ហើយសូម្បីតែ.កដៃរបស់អ្នក ក៏ឈឺដែរ”។

យុវតីរូបនេះបន្តថា “ការដែលមានរូបរាងតូច និងស្រាលជាងដៃគូប្រកួត មិនបានផ្តល់ផលប្រយោជន៍អ្វីដល់នាងឡើយ។ ធាតុពិត វាកាន់តែធ្វើឲ្យយើងពិបាកទៅវិញទេ”។ នាងបញ្ជាក់ថា “មនុស្សជាច្រើនបានគិតថា នៅពេលដែលយើងមានខ្លួនស្រាល គឺអាចធ្វើឲ្យយើងលឿនជាងមុន។ ប៉ុន្តែខ្ញុំមិនគិតអ៊ីចឹងទេ ព្រោះថានៅពេលដែលយើងមានខ្លួនតូច ផ្ទៃរាងកាយដែលប៉ះនឹងខ្យល់ក៏តូចដែរ ប៉ុន្តែប្រសិនបើមានរាងខ្ពស់ នោះយើងអាចប៉ះខ្យល់បានច្រើន ហើយជម្រុញកម្លាំងបានកាន់តែខ្លាំង”។

គួរបញ្ជាក់ថា Kyra Poh មិនត្រឹមហោះបណ្តែតខ្លួនក្នុងម៉ាស៊ីនសិប្បនិមិត្តនោះទេ នាងក៏ធ្លាប់លោតពីលើអាកាសពិតៗផងដែរ។ នាងបាននិយាយថា “នៅពេលដែលនាងលោតចុះដំបូង នាងមានអារម្មណ៍ថា ភ័យតក់ស្លុតជាខ្លាំង ប៉ុន្តែពេលនេះនាងមានអារម្មណ៍ថាស៊ាំទៅហើយ ដោយពេលខ្លះនាងភ្លេចថាខ្លួនឯងកំពុងតែហោះថែមទៀតផង”៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]