ចិន៖ សារព័ត៌មាន RT របស់រុស្ស៊ី បានចុះផ្សាយនៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ថា មានហេតុការណ៍ផ្ទុះដ៏ធំមួយ នៅរោងចក្រគីមី ក្នុងទីក្រុង Tongling ភាគកណ្តាលខេត្ត Anhui កាលពីយប់ថ្ងៃពុធ ម្សិលមិញ និងបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ចំនួន២នាក់រងរបួស។

ប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍ផ្ទុះដ៏ធំមួយនេះ បានកើតឡើងនៅម៉ោងប្រមាណ ១០និង៥០នាទីយប់ ថ្ងៃពុធ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅជុំវិញតំបន់រោងចក្រឧស្សាហកម្មគីមី Tongling Hengxing Chemicals នេះបើយោងតាមការឲ្យដឹងរបស់អាជ្ញាធរក្នុងមូលដ្ឋានខាងលើ។ 

តាមរយៈវីដេអូដែលថតបាន ដោយសាក្សីនៅជិតកន្លែងកើតហេតុ បានបង្ហាញថា ការផ្ទុះនោះបានកើតឡើងត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ ដោយបង្កឲ្យមានដុំភ្លើងឆាបឆេះដ៏ធំ បង្កើតឲ្យមានផ្សែងពណ៌ខ្មៅ មានរាងជាផ្សិត ដូចគ្នាទៅនឹងការផ្ទុះរបស់គ្រាប់បែកនុយក្លេអ៊ែ អ៊ីចឹងដែរ។

ប្រភពព័ត៌មានបានបន្តថា បន្ទាប់ពីមានការផ្ទុះដ៏ធំនេះ វាបង្កឲ្យមានការរញ្ជួយយ៉ាងខ្លាំង នៅជុំវិញតំបន់នោះទាំងមូល ហើយក៏នៅមានការផ្ទុះតូចៗជាបន្តបន្ទាប់ទៀតផងដែរ ។ សារព័ត៌មានចិន ក៏បានបញ្ជាក់ដែរថា បច្ចុប្បន្នគេអាចគ្រប់គ្រងស្ថានការណ៍បានហើយ ចំណែកប្រតិបត្តិការនៃការស្វែងរក និងជួយសង្គ្រោះក៏បានចាប់ផ្តើមដែរ។

ចំពោះទំហំនៃការខូចខាត និងមូលហេតុនៃការផ្ទុះនេះ នៅមិនទាន់ត្រូវបានគេដឹងនៅឡើយទេ ខណៈការស៊ើបអង្កេតកំពុងតែត្រូវបានធ្វើឡើង។ គួរបញ្ជាក់ថា នៅក្នុងរយៈពេលចុងក្រោយនេះ សុវត្ថិភាពរោងចក្រគីមីរបស់ចិន ហាក់នៅមានកម្រិត ដោយមានហេតុការណ៍ផ្ទុះជាច្រើនបានកើតឡើង ហើយហេតុការណ៍ដ៏ធំបំផុតនោះ គឺការផ្ទុះនៅកំពង់ផែក្នុងទីក្រុង Tianjin កាលពីខែសីហា ឆ្នាំ២០១៥ ដោយបានសម្លាប់មនុស្សអស់ប្រមាណ១៦៥នាក់៕ 

ប្រភព៖ RT | South China Morning Post

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ គួរប្រុងប្រយ័ត្ន! ស្ងាត់ៗផ្ទុះជំងឺគ្រុនផ្តាសាយបក្សីជាថ្មីម្តងទៀត នៅក្នុងប្រទេសចិន។

ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី Channel News Asia បានចុះផ្សាយកាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា ក្រុមអាជ្ញាធរបានបញ្ឈប់ការធ្វើចរាចរណ៍លក់បក្សីរស់ នៅតាមទីក្រុងមួយចំនួនក្នុងប្រទេសចិន បន្ទាប់ពីមានការរកឃើញថា ជំងឺគ្រុនផ្តាសាយបក្សីផ្ទុះឡើងជាថ្មីម្តងទៀត នៅក្នុងខេត្តហ៊ូណានភាគកណ្តាលរបស់ប្រទេសចិន ដែលបានស្ងប់ស្ងាត់ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន ស៊ិនហួរ បានរាយការណ៍ថា មណ្ឌលគ្រប់គ្រងជំងឺឆ្លងប្រចាំខេត្តនេះ បាននិយាយកាលពីថ្ងៃអង្គារទី៧ កុម្ភៈ ២០១៧ថា មនុស្សចំនួន៥នាក់បានស្លាប់ដោយវីរុសនៃជំងឺគ្រុនផ្តាសាយបក្សី (H7N9) នៅក្នុងខេត្តហ៊ូណាន ចាប់តាំងពីដើមឆ្នាំនេះ ហើយមនុស្សចំនួន២០នាក់ផ្សេងទៀត បានឆ្លងជំងឺគ្រុនផ្តាសាយបក្សី។

ប្រភពព័ត៌មានបានឲ្យដឹងថា ទីផ្សារលក់សត្វមាន់ទាដែលនៅរស់ នៅតែមានជាធម្មតានៅតាមប្រជុំជន និងក្នុងទីក្រុងតូចៗ របស់ប្រទេសចិន លើកលែងតែទីក្រុងធំៗជាច្រើន ដែលមិនមានការអនុញ្ញាតឱ្យលក់ដូរសត្វបក្សីរស់តទៅទៀត ចាប់តាំងពីជំងឺគ្រុនផ្តាសាយបក្សីនេះ បានឆ្លងទៅមនុស្សជាលើកទីមួយនៅឆ្នាំ២០១៣មក។

ប្រភបន្តថា ទីផ្សារធំៗនៅក្នុងទីក្រុង ឆាងសា (Changsha) ខេត្តហ៊ូណាន (Hunan) និងទីក្រុងផ្សេងៗទៀត ដូចជា ទីក្រុង Yueyang គឺត្រូវបានបិទជាបណ្តោះអាសន្ន។

គួរបញ្ជាក់ថា ករណីថ្មីៗនៃការឆ្លងជំងឺគ្រុនផ្តាសាយបក្សី ជាង១០០ករណី ត្រូវបានគេរាយការណ៍នៅក្នុងប្រទេសចិន ចាប់តាំងពីចុងឆ្នាំមុន ខណៈក្រុមអ្នកជំនាញបានព្រមានថា ជំងឺនេះអាចនឹងបន្តរីករាលដាលជាថ្មីម្តងទៀត៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]