ចិន៖ ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី Channel News Asia បានចុះផ្សាយកាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា ក្រុមអាជ្ញាធរបានបញ្ឈប់ការធ្វើចរាចរណ៍លក់បក្សីរស់ នៅតាមទីក្រុងមួយចំនួនក្នុងប្រទេសចិន បន្ទាប់ពីមានការរកឃើញថា ជំងឺគ្រុនផ្តាសាយបក្សីផ្ទុះឡើងជាថ្មីម្តងទៀត នៅក្នុងខេត្តហ៊ូណានភាគកណ្តាលរបស់ប្រទេសចិន ដែលបានស្ងប់ស្ងាត់ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន ស៊ិនហួរ បានរាយការណ៍ថា មណ្ឌលគ្រប់គ្រងជំងឺឆ្លងប្រចាំខេត្តនេះ បាននិយាយកាលពីថ្ងៃអង្គារទី៧ កុម្ភៈ ២០១៧ថា មនុស្សចំនួន៥នាក់បានស្លាប់ដោយវីរុសនៃជំងឺគ្រុនផ្តាសាយបក្សី (H7N9) នៅក្នុងខេត្តហ៊ូណាន ចាប់តាំងពីដើមឆ្នាំនេះ ហើយមនុស្សចំនួន២០នាក់ផ្សេងទៀត បានឆ្លងជំងឺគ្រុនផ្តាសាយបក្សី។ 

ប្រភពព័ត៌មានបានឲ្យដឹងថា ទីផ្សារលក់សត្វមាន់ទាដែលនៅរស់ នៅតែមានជាធម្មតានៅតាមប្រជុំជន និងក្នុងទីក្រុងតូចៗ របស់ប្រទេសចិន លើកលែងតែទីក្រុងធំៗជាច្រើន ដែលមិនមានការអនុញ្ញាតឱ្យលក់ដូរសត្វបក្សីរស់តទៅទៀត ចាប់តាំងពីជំងឺគ្រុនផ្តាសាយបក្សីនេះ បានឆ្លងទៅមនុស្សជាលើកទីមួយនៅឆ្នាំ២០១៣មក។

ប្រភបន្តថា ទីផ្សារធំៗនៅក្នុងទីក្រុង ឆាងសា (Changsha) ខេត្តហ៊ូណាន (Hunan) និងទីក្រុងផ្សេងៗទៀត ដូចជា ទីក្រុង Yueyang គឺត្រូវបានបិទជាបណ្តោះអាសន្ន។

គួរបញ្ជាក់ថា ករណីថ្មីៗនៃការឆ្លងជំងឺគ្រុនផ្តាសាយបក្សី ជាង១០០ករណី ត្រូវបានគេរាយការណ៍នៅក្នុងប្រទេសចិន ចាប់តាំងពីចុងឆ្នាំមុន ខណៈក្រុមអ្នកជំនាញបានព្រមានថា ជំងឺនេះអាចនឹងបន្តរីករាលដាលជាថ្មីម្តងទៀត៕ 

ប្រភព៖ Channel News Asia

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ ដឹងអត់! ក្រោយចេញពីសេតវិមាន លោកអូបាម៉ា កំពុងធ្វើអ្វីខ្លះពេលនេះ?

ក្រោយឈានជើងចេញពីសេតវិមាន នៃតំណែងជាប្រធានាធិបតីរយៈពេល៨ឆ្នាំរួចមក អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ពេលនេះបាននិងកំពុងធ្វើដំណើរកម្សាន្តនៅតំបន់ Caribbean ជាមួយនឹងមិត្តភ័ក្ដិរបស់លោកឈ្មោះ Richard Branson ដែលជាមហាសេដ្ឋីមួយរូប។

ប្រភពព័ត៌មានបានឲ្យដឹងថា រូបថតជាច្រើនសន្លឹក បានបង្ហាញឲ្យឃើញថា លោកប្រធានាធិបតីអាមេរិក ដែលទើបតែចូលនិវត្តន៍ថ្មីៗរូបនេះ បានទៅកម្សាន្ត និងលំហែកាយ ជិះក្តារលើសមុទ្រយ៉ាងសប្បាយរីករាយ នៅលើកោះឯកជនរបស់មហាសេដ្ឋី Branson ផ្ទាល់ និងជាស្ថាបនិកក្រុមហ៊ុន Virgin ។

តាមរយៈទាំងអស់នោះ យើងអាចមើលឃើញយ៉ាងច្បាស់ថា ការព្រួយបារម្ភពីរឿងក្នុងសេតវិមាន បានឃ្លាតឆ្ងាយពីការគិតរបស់ លោក អូបាម៉ា ខណៈលោកបានជិះក្តារយ៉ាងសប្បាយជុំវិញនាវាកម្សាន្តរបស់លោក Branson និងបញ្ចេញស្នាមញញឹមយ៉ាងរីករាយបំផុត។

លោក Branson បាននិយាយថា រូបលោក និងលោក អូបាម៉ា បានមកលេងលើកោះនេះ មិនត្រឹមតែការកម្សាន្តនោះទេ ប៉ុន្តែជាការប្រកួតប្រជែងទៀតផង។ លោក អូបាម៉ា បានរៀនជិះក្តារលើសមុទ្រ រីឯលោក Branson ដែលចេះជិះស្រាប់ លោករៀនជិះក្តារលើសមុទ្រ ដែលមានជើង.ត វិញ ហើយពួកគេទាំង២នាក់ នឹងត្រូវប្រកួតគ្នា រកអ្នកណាដែលជិះបានយូរជាងគេ។

គួររំឮកថា បន្ទាប់ពីលោក ដូណាល់ ត្រាំ បានឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកថ្មី កាលពីខែមុន លោក អូបាម៉ា បានធ្វើដំណើរកម្សាន្តទៅកាន់ទីក្រុង Palm Springs រដ្ឋ California ប៉ុន្មានថ្ងៃ​​ដើម្បីធ្វើការលំហែកាយស្រូបយកខ្យល់អាកាស និងលេងកីឡាវាយកូនហ្គោល។ បន្ទាប់មកលោកក៏បានធ្វើដំណើរទៅសម្រាកលំហែកាយ អស់ជាង១សប្ដាហ៍ទៀត នៅកោះ British Virgin Islands ជាមួយមហាសេដ្ឋី Branson ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]