ថៃ៖ ក្រោយកើតមានរឿងរ៉ាវចម្រូងចម្រាស់ថា ស្វាមីមានជាប់ពាក់ព័ន្ធជាមួយករណីជួញដូរគ្រឿងញៀនជាមួយអ្នកជួញដូរដ៏ធំម្នាក់នៅក្នុងស្រុក អតីតតារាសម្តែងស្រីប្រជាប្រិយភាព នាង Pat Napapa រឹតតែទទួលបាននូវការចាប់អារម្មណ៍ខ្លាំងថែមទៀត ព្រោះថានៅសល់មិនប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នៅថ្ងៃទី១៣ខែកុម្ភៈនេះ នាងនឹងត្រូវសម្រាលកូនប្រុសហើយ ប៉ុន្តែបែរជាមានរឿងបែបនេះកើតមានឡើងមកលើគ្រួសាររបស់ខ្លួនទៅវិញ ជាហេតុធ្វើឱ្យមហាជននៅទូទាំងប្រទេស ពិតជារំជួលចិត្តអាណិតនាងជាខ្លាំង។

ស្របពេលជាមួយគ្នានេះដែរ ដោយសារតែជិតសម្រាលនាង Pat Napapa ក៏បានវិល ត្រលប់មកផ្ទះកំណើត ដែលជាផ្ទះម្តាយខ្លួនវិញដើម្បីត្រៀមសម្រាលកូន។

ឆ្លៀតពេលនេះ Pat Napapa ក៏មិនបាននៅស្ងៀម បំភ្លេចភារកិច្ចជាកូនស្រីកតញ្ញូចំពោះអ្នកមានគុណរបស់ខ្លួនដែរ ដោយនាងបានបញ្ចុកបាយ បញ្ចុកទឹក និងបញ្ចុកថ្នាំឱ្យម្តាយដែលមានជំងឺសម្រាកនៅគ្រែជាយូរមកហើយ។

ពេលនេះនាង Pat Napapa ត្រូវដើរតួនាទី២យ៉ាងគឺ ជាកូនផង និងជាម្តាយផង ដោយខ្លួនឯងតែម្នាក់ត្រូវថែរក្សាម្តាយ និងត្រូវថែរក្សាកូនប្រុសនៅក្នុងផ្ទៃផង ព្រោះកាន់តែជិតដល់ថ្ងៃឆ្លងទន្លេមែនទែនហើយ។

ទន្ទឹមនឹងនេះផងដែរ នាងក៏តែងទទួលបានការលើកទឹកចិត្ត និងផ្តល់ភាពកក់ក្តៅជានិច្ច ពីសំណាក់សាច់ញាតិ បងប្អូន មិត្តភក្តិ ព្រមទាំងបណ្តាអ្នកគាំទ្រជាច្រើននាក់ ដែលបានជូនពរឱ្យនាងមានភាពរឹងមាំ ឆាប់ឆ្លងកាត់រឿងរ៉ាវទាំងឡាយ ជាពិសេសគឺជូនពរឱ្យកូននៅក្នុងផ្ទៃមានសុខភាពល្អ៕ 

កំណត់ហេតុខ្មែរឡូត

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា តារាសម្តែងស្រីថៃ Pat Napapa ត្រូវបានអ្នកគាំទ្រ សរសើរមិនដាច់ពីមាត់ លើទង្វើដ៏ប្រពៃរបស់នាង ទៅលើអ្នកម្តាយ ដែលបានធ្លាក់ខ្លួនឈឺនៅលើគ្រែ។

តារាស្រីវ័យ២៩ឆ្នាំរូបនេះ តែងតែឆ្លៀតពេលពីការងារសិល្បៈ ទៅបម្រើអ្នកម្តាយចំណាស់ ហើយថែមពេលខ្លះ នាងបានសម្តែង និងរាំឲ្យអ្នកម្តាយមើលទៀតផង ដើម្បីបន្លប់ឲ្យគាត់ព្រមពិសាអាហារ។

សកម្មភាពរបស់ Pat Napapa បានធ្វើឲ្យអ្នកគាំទ្រពេញចិត្តយ៉ាងខ្លាំង ពេលឃើញនាង​ ស្រលាញ់ និងមើលថែអ្នកម្តាយចំណាស់បានយ៉ាងល្អដូច្នេះ។ ហើយពួកគេក៏បានផ្តល់កម្លាំងចិត្ត តាមបណ្តាញសង្គមជារឿយៗ ទៅកាន់នាងផងដែរ។

គួរបញ្ជាក់ផងដែរថា Pat Napapa ជាតារាស្រីមួយរូប ដែលលេចធ្លោខ្លាំង តាំងពីឆ្នាំ ២០០៣មកម្ល៉េះ ហើយបើគិតមកទល់សព្វថ្ងៃ នាងបានថតរឿងភាគមិនក្រោម ៣០រឿងនោះទេ ដែលជាអត្រាមួយដ៏ខ្ពស់បំផុត បើប្រៀបធៀបនឹងតារាស្រីផ្សេងៗទៀត៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]