ភ្នំពេញ៖ ថ្មីៗនេះ មានរឿងរ៉ាវនឹកស្មានមិនដល់មួយបានកើតឡើង ព្រោះតែមានមនុស្សគ្មានការគិតពិចារណាមួយចំនួនតូច បាននាំគ្នាទៅគូសវាស និងសរសេរអក្សរផ្តេសផ្តាស នាំឱ្យមានការខូចខាត និងបាត់បង់សោភ័ណភាព ដល់ជញ្ជាំងប្រាសាទបុរាណខ្មែរយើង។

មិនតែប៉ុណ្ណោះ ក៏មានអ្នកខ្លះទៀត បានយកឈើមុតស្រួចទៅគូសជារូប ផ្សេងៗជាច្រើនទៀត នៅលើជញ្ជាំងប្រាសាទបុរាណ ដែលដូនតាខ្មែរយើងបានបន្សល់ទុកឱ្យតាំងពីយូរលង់ណាស់មកហើយ។

ការគូសវាសទាំងនោះ ក្នុងគោលបំណងផ្សេងៗជាច្រើនខុសៗគ្នា ដែលរួមមានដូចជា ស្វែងរកមិត្ត បួងសួងសុំឱ្យប្រលងជាប់ ឬប្រាប់ថាស្រលាញ់អ្នកនេះ ស្អប់អ្នកនោះជាដើម-ល-។ ជាពិសេសគឺការផ្សងរកគូព្រេង និងការសរសេរពាក្យពេចន៍ ផ្តោះផ្តង ឆ្លងឆ្លើយស្នេហាគ្នាទៅវិញទៅមក ដែលជារឿងមួយអសីលធម៌ និងខ្វះការយល់ដឹងជាទីបំផុត។

ដោយមើលឃើញពីទង្វើមិនគប្បីទាំងនេះរបស់ជនមួយក្តាប់តូចនោះ បងប្រុសនៅក្នុងហ្វេសប៊ុកម្នាក់ ក៏បានបង្ហោះរូបភាពទាក់ទង នឹងរឿងនេះដើម្បីជាការចែករំលែកគ្នាឱ្យបានដឹង ព្រមទាំងបញ្ឈប់នូវសកម្មភាពថោកទាប មិនយល់ពីតម្លៃសម្បតិ្តវប្បធម៌របស់ជាតិតទៅទៀត។

ក្នុងនោះដែរ លោក ណុប បាយ៉ារិទ្ធ តារាចម្រៀងជើងចាស់ប្រចាំនៅក្នុងផលិតកម្មរស្មីហង្សមាសក៏បាន ដាក់ឈឺៗ ទៅកាន់អ្នកដែលសរសេរឈ្មោះផ្សងរកគូ នៅលើជញ្ជាំងប្រាសាទបុរាណខ្មែរយើងដូច្នេះថា៖ 

«សុំចិត្ត បើមិនបានជួយថែរក្សា មេត្តាកុំបំផ្លាញ អ្នកគ្មានអារម្មណ៍ថាសោកស្តាយ តែមនុស្សជាច្រើនទៀតគេស្តាយ បើផ្សងរកគូរ ឬចង់ប្រាប់ឈ្មោះ ប្រាប់លេខទូរស័ព្ទរបស់អ្នក សូមអ្នកសរសេរឲ្យធំៗដាក់លើក្តារហើយពាក់ជាប់នឹងក.អ្នកចុះ នោះគេឆាប់ឃើញជាង មេត្តាឈប់បំផ្លាញបើអ្នកគ្មានសតិនឹងចង់ថែ!»៕

ទស្សនាវីដេអូ និងកម្រងរូបភាពដូចខាងក្រោម៖

ណុប បាយ៉ារិទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណុប បាយ៉ារិទ្ធ