បរទេស៖ ថ្មីៗកន្លងទៅនេះ រថយន្តដែលមានលក្ខណៈជាផ្ទះចល័តដ៏ប្រណីតមួយគ្រឿង ត្រូវបានដាក់បង្ហាញ ដើម្បីទាក់ទាញចំនាប់អារម្មណ៍ពីមហាជនទូទៅ ជាពិសេសនោះគឺ អ្នកដែលចូលចិត្តបោះជំរុំនៅរដូវក្តៅ។ រថយន្តមួយគ្រឿងនោះ មានឈ្មោះថា “Elysium”

រថយន្ត Elysium  មានប្រវែងប្រហែល ១៣ម៉ែត្រ  កម្ពស់២.៤ម៉ែត្រ  វាមានលក្ខណៈប្រណីតជាមួយតម្លៃរហូតដល់ទៅ ២,៥ លានដុល្លារឯណោះ។

ផ្ទះចល័តប្រភេទនេះ គឺជាឋានសួគ៌ដ៏ពិសេសបំផុតសម្រាប់អ្នកដែលនិយមប្រើប្រាស់សម្ភារៈទំនើបៗ ដែលអាចឲ្យពួកគេកម្សាន្តជាមួយនឹងអាងទឹកក្តៅនៅលើដំបូលឡាន រួមផ្សំជាមួយនឹងឧទ្ធម្ភាគចក្រសម្រាប់មនុស្សពីរនាក់ថែមទៀតផង។

នៅក្នុងរថយន្តគេឃើញមានផ្ទះបាយដ៏ទំនើប ដែលបំពាក់ទៅដោយ ចង្ក្រានអគ្គីសនី ម៉ាស៊ីនកម្តៅ ម៉ាស៊ីនលាងចាន ទូរទឹកកក និងទូរដាក់ស្រាជាដើម។ ក្នុងនោះ ទូរទស្សន៍៧៥អ៉ីងចំនួន៣គ្រឿង ឡកម្តៅ និងប្រព័ន្ធកម្សាន្តផ្សេងៗទៀតជាច្រើន។

ចំនែកឯនៅក្នុងបន្ទប់ទឹកវិញ មានបំពាក់ទៅដោយ ទឹកផ្កាឈូកទំនើប និងបង្គន់ទំនើប ដែលអាចឲ្យអ្នកប្រើប្រាស់ចុចប៊ូតុង ដើម្បីជ្រើសរើសថា ចង់បានបង្គន់មួយ ឬបង្គន់ពីរបាន។

ក្រឡេកទៅមើលដំបូលរថយន្តវិញ  មានក្រាលដោយបន្ទះឈើដ៏ប្រណីត អាងទឹកក្តៅ ប្រព័ន្ធចាក់សម្លេង និង ឧទ្ធម្ភាគចក្រមួយគ្រឿងម៉ាក Robinson R22 នៅសំកាំងលើរថយន្តនោះថែមទៀតផង។ 

ដូច្នេះ វាពិតជាពិសេសបំផុតសម្រាប់អ្នកចូលចិត្តដើរលេង និងអ្នកដែលធុញថប់នឹងបញ្ហាស្ទះផ្លួវ។

គួរឲ្យដឹងដែរថា រថយន្តប្រភេទផ្ទះចល័តដ៏ប្រណីតមួយគ្រឿងនេះ បង្កើតដោយក្រុមហ៊ុន Furrion ដែលជាក្រុមហ៊ុនពហុបច្ចេកវិទ្យាសាកលរបស់សហរដ្ឋអាមេរិក។ 

ទោះជាយ៉ាងនេះក្តី រថយន្តប្រភេទនេះ នៅមិនទាន់បានដាក់លក់នៅលើទីផ្សារនៅឡើយទេ ហើយនេះគ្រាន់តែជាការដាក់តាំងបង្ហាញផលិតផលចុងក្រោយបង្អស់របស់ពួកគេតែប៉ុណ្ណោះ៕

ប្រភព៖ ដេលីម៊ែល

ក្រឡេកមកមើលព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ 

ចឹងផង! មេ Facebook មានបុគ្គលិកចំនួន១២នាក់ អង្គុយចាំលុប Comment មិនល្អលើ គណនី Facebook ផ្ទាល់ខ្លួន

សារព័ត៌មាន TheVerge បានចុះផ្សាយថា គណនី Facebook ផ្ទាល់ខ្លួនរបស់លោក Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Facebook ហាក់នៅតែមានសភាពស្អាតល្អ មិនមាន Comment មិនល្អលេចឡើងឡើយ បើទោះជាលោករវល់នឹងការងារយ៉ាងណាក៏ដោយ។

គណនី Facebook ផ្ទាល់ខ្លួនរបស់លោក Mark Zuckerberg តែងតែបានបង្ហោះរូបភាពគ្រួសារដ៏កក់ក្តៅ សារលើកទឹកចិត្ត ក៏ដូចជាវីដេអូដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ មិនតែប៉ុណ្ណោះ ពេលខ្លះលោកតែងតែឆ្លើយតបទៅនឹង Comment មួយចំនួនថែមទៀតផង។ 

ប៉ុន្តែការពិត តើលោក Mark Zuckerberg ជាអ្នកនៅអង្គុយពិនិត្យគណនី Facebook របស់លោកគ្រប់ពេលឬ ដើម្បីឲ្យវាមានសភាពល្អ មិនមានពាក្យប្រមាថ មើលងាយណាមួយនោះ? តាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg ឲ្យដឹងថា លោក Mark Zuckerberg ពឹងផ្អែកទៅលើក្រុមការងាររបស់លោកមួយក្រុម ដែលមានមនុស្សចំនួន ១២ នាក់ នៅអង្គុយចាំលុប Comment ដែលមានលក្ខណៈមិនល្អ បែបជេរប្រមាថ និង Spam (មេរោគ) ផ្សេងៗ។

ប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមការងារមួយក្រុមនេះមិនតែចាំលុប Comment នោះទេ ពួកគេថែមទាំងមានក្រុមសម្រាប់សរសេរសម្ដី និងការថ្លែងសន្ទរកថារបស់លោក Mark Zuckerberg ដើម្បីបង្ហោះលើគណនីផងដែរ។ មិនតែប៉ុណ្ណោះ នាយកប្រតិបត្តិ Facebook រូបនេះ ក៏បានជួលអ្នកថតរូបផ្ទាល់ខ្លួន ដើម្បីថតយកទិដ្ឋភាពប្រចាំថ្ងៃរបស់លោកផងដែរ។

ដោយសារតែមានក្រុមការងារទាំងនេះហើយ ទើបយើងមើលឃើញថា គណនី Facebook ផ្ទាល់ខ្លួនរបស់លោក Mark Zuckerberg តែងតែមានសភាពល្អស្អាត មិនមានពាក្យពេចន៍មិនសមរម្យណាមួយលេចឡើងនោះឡើយ ហើយរូបភាពនីមួយៗដែលត្រូវបានបង្ហោះសុទ្ធតែមានគុណភាពខ្ពស់ ខុសពីគណនី Facebook ធម្មតាៗផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]