សារព័ត៌មាន TheVerge បានចុះផ្សាយថា គណនី Facebook ផ្ទាល់ខ្លួនរបស់លោក Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Facebook ហាក់នៅតែមានសភាពស្អាតល្អ មិនមាន Comment មិនល្អលេចឡើងឡើយ បើទោះជាលោករវល់នឹងការងារយ៉ាងណាក៏ដោយ។

គណនី Facebook ផ្ទាល់ខ្លួនរបស់លោក Mark Zuckerberg តែងតែបានបង្ហោះរូបភាពគ្រួសារដ៏កក់ក្តៅ សារលើកទឹកចិត្ត ក៏ដូចជាវីដេអូដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ មិនតែប៉ុណ្ណោះ ពេលខ្លះលោកតែងតែឆ្លើយតបទៅនឹង Comment មួយចំនួនថែមទៀតផង។ 

ប៉ុន្តែការពិត តើលោក Mark Zuckerberg ជាអ្នកនៅអង្គុយពិនិត្យគណនី Facebook របស់លោកគ្រប់ពេលឬ ដើម្បីឲ្យវាមានសភាពល្អ មិនមានពាក្យប្រមាថ មើលងាយណាមួយនោះ?  តាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg ឲ្យដឹងថា លោក Mark Zuckerberg ពឹងផ្អែកទៅលើក្រុមការងាររបស់លោកមួយក្រុម ដែលមានមនុស្សចំនួន ១២ នាក់ នៅអង្គុយចាំលុប Comment ដែលមានលក្ខណៈមិនល្អ បែបជេរប្រមាថ និង Spam (មេរោគ) ផ្សេងៗ។

ប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមការងារមួយក្រុមនេះមិនតែចាំលុប Comment នោះទេ ពួកគេថែមទាំងមានក្រុមសម្រាប់សរសេរសម្ដី និងការថ្លែងសន្ទរកថារបស់លោក Mark Zuckerberg ដើម្បីបង្ហោះលើគណនីផងដែរ។ មិនតែប៉ុណ្ណោះ នាយកប្រតិបត្តិ Facebook រូបនេះ ក៏បានជួលអ្នកថតរូបផ្ទាល់ខ្លួន ដើម្បីថតយកទិដ្ឋភាពប្រចាំថ្ងៃរបស់លោកផងដែរ។

ដោយសារតែមានក្រុមការងារទាំងនេះហើយ ទើបយើងមើលឃើញថា គណនី Facebook ផ្ទាល់ខ្លួនរបស់លោក Mark Zuckerberg តែងតែមានសភាពល្អស្អាត មិនមានពាក្យពេចន៍មិនសមរម្យណាមួយលេចឡើងនោះឡើយ ហើយរូបភាពនីមួយៗដែលត្រូវបានបង្ហោះសុទ្ធតែមានគុណភាពខ្ពស់ ខុសពីគណនី Facebook ធម្មតាៗផងដែរ៕

ប្រភព៖ TheVerge

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]