រថយន្ត Rolls-Royce Dawn ត្រូវបានប្រកាសជា “រថយន្តប្រណីតបំផុត” ដោយអ្នកសារព័ត៌មានកំពូលៗ ដែលធ្វើជាក្រុមអ្នកវិនិច្ឆ័យឯករាជ្យ នៅក្នុងកម្មវិធី ពានរង្វាន់រថយន្តប្រចាំឆ្នាំនៅចក្រភពអង់គ្លេស ។ គណៈកម្មការវិនិច្ឆ័យ គឺជាអ្នកសារព័ត៌មានអាជីពល្បីៗចំនួន ២៧ រូប ហើយកម្មវិធីបានធ្វើការជ្រើសរើសរថយន្តល្អបំផុត ដែលចេញលក់ក្នុងរយៈកាល ១២ ខែចុងក្រោយ ចេញពីបញ្ជីរថយន្តចំនួន ៥៦ ម៉ូដែល ដែលទើបនឹងចេញលក់ថ្មីៗ ។

ក្នុងការកាត់សេចក្តី គណៈកម្មការវិនិច្ឆ័យ ដែលជាអ្នកអត្ថាធិប្បាយល្បីឈ្មោះបំផុតមួយចំនួននៅក្នុងពិភពរថយន្ត បានប្រកាសដូចនេះ៖

“ក្តីរីករាយក្នុងការបើកបរ និងជិះ គឺមានតែ Rolls-Royce ប៉ុណ្ណោះ” - លោក Ollie Marriage មកពីទស្សនាវដ្ដី Top Gear ។

“រថយន្តនេះពិតជាស្រស់ឆើតឆាយក្រៃលែង ដោយផ្សំគ្នារវាងភាពប្រណីតពីបុរាណ ជាមួយនឹងភាពទាន់សម័យ ហើយជារថយន្តដែលមានបច្ចេកវិទ្យាទាន់សម័យ និងមានបណ្ដាញតភ្ជាប់ទំនាក់ទំនងសម្បូរបែប ។ រថយន្តនេះប្រៀបបាននឹងតារាភាពយន្ត” - Nargess Banks ទស្សនាវដ្ដី Forbes Life, Wallpaper* ។

“បើនិយាយពីភាពប្រណីត និងភាពស្រស់ឆើតឆាយ ម៉ូដែល Dawn គឺមានទាំងពីរ ។ ដំណើរការស្ងាត់ ប្រព័ន្ធមេកានិករបស់ដំបូល ដែលមានដំណើរការស្មុគស្មាញ ប៉ុន្តែស្រស់ស្អាត និងភាពស្រស់ឆើតឆាយ ជាទូទៅធ្វើឲ្យរថយន្ត ដែលកើតចេញពីស្នាដៃសិប្បកម្មអង់គ្លេស ជាម្ចាស់ជ័យលាភី” - Tom Ford ទស្សនាវដ្ដី Top Gear Magazine ។

ចាប់តាំងពីការបង្ហាញខ្លួនលើទីផ្សារនៅខែមីនា ឆ្នាំ ២០១៦ ម៉ូដែល Dawn បានទទួលការកោតសរសើរទូទាំងពិភពលោក ដោយក្នុងនោះរាប់ទាំងពានរង្វាន់ពីស្ថាប័នព័ត៌មានល្បីៗបំផុតផ្នែកទំនិញប្រណីត និងរថយន្តមួយចំនួនថែមទៀតផង ។ នៅកម្រិតតំបន់ សារព័ត៌មានបោះពុម្ព និងគេហទំព័រមួយចំនួន ដូចជា Australian Financial Review, Robb Report India និង The Straits Times ក៏បានសរសើរស្រដៀងគ្នាចំពោះរថយន្តDawn ថាជាតឹកតាងចុងក្រោយ នៃការធ្វើដំណើរតាមរយន្តបើកដំបូល ប្រណីតពិតៗ ។

ការសាទរនេះ ត្រូវបានបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ តាមរយៈតម្រូវការច្រើនពីអតិថិជនទំនិញប្រណីត នៅក្នុងពិភពលោក ដែលបានជំរុញឲ្យក្រុមហ៊ុនទទួលបានលទ្ធផលពីការលក់បាន ចំនួនច្រើនបំផុតក្នុងលំដាប់ទីពីរ ក្នុងប្រវត្តិសាស្ត្រ ១១៣ ឆ្នាំរបស់ក្រុមហ៊ុន គឺបានកើនឡើង ៦% កាលពីឆ្នាំ ២០១៦ ។ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ការលក់របស់រថយន្ត Rolls-Royce ក៏មានកំណើនថេរផងដែរ ក្នុងកម្រិត ៥% ដោយសបញ្ចាក់ឲ្យឃើញពីភាពរឹងមាំ របស់ម៉ាកយីហោរថយន្តនេះ បើទោះបីជាស្ថិតនៅក្នុងឆ្នាំដ៏លំបាកក្តី សម្រាប់ទីផ្សារទំនិញ ប្រណីតទូទាំងពិភពលោក ។

អគ្គនាយកប្រតិបត្តិក្រុមហ៊ុនរថយន្ត Rolls-Royce លោក Torsten Müller-Ötvös បានមានប្រសាសន៍ថា៖ “ចាប់តាំងពីការបង្ហាញខ្លួននៅឆ្នាំ ២០១៦ ម៉ូដែល Dawn បានបង្ហាញដល់សុភាពបុរស និងសុភាពនារីជំនាន់ថ្មី ដែលមានភាពបត់បែនខ្ពស់ ឲ្យស្គាល់ពីរថយន្ត Rolls-Royce ។ អតិថិជននៃទំនិញប្រណីតពិតៗទាំងនេះ ត្រូវបានទាញចំណាប់អារម្មណ៍មក កាន់រថយន្ត Rolls-Royce ដ៏ប្រណីត និងស្រស់ឆើតឆាយអស្ចារ្យបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន” ។

លោកបានបន្តទៀតថា៖ “រាល់រថយន្ត Rolls-Royce នីមួយៗ ត្រូវបានផលិតដោយដៃយ៉ាងផ្ចិតផ្ចង់ នៅឯមជ្ឈមណ្ឌលប្រណីតភាព របស់យើងក្នុងក្រុង Goodwood នៃ West Sussex ។ ការកោតសរសើរបែបនេះ គឺជាតឹកតាងបញ្ជាក់ អំពីជំនាញដ៏អស្ចារ្យរបស់បុគ្គលិកប្រុសស្រី ដែលមានចំនួន ១៧០០ នាក់ ដែលរួមចំណែកក្នុងការបង្កើត រថយន្តល្អបំផុតក្នុងលោក” ។

កម្មវិធីពានរង្វាន់រថយន្តប្រចាំឆ្នាំរបស់ចក្រភពអង់គ្លេស (UKCOTY) គឺជារង្វាន់ឯករាជ្យដែលត្រូវបានរៀបចំឡើង ដើម្បីបញ្ជាក់ ក៏ដូចជាផ្ដល់ដំណឹងស្តីពីរថយន្តថ្មីដែលល្អបំផុតនៅលើទីផ្សារ ។

ចាប់តាំងពីឆ្នាំ ២០១៤ កម្មវិធីពានរង្វាន់រថយន្តប្រចាំឆ្នាំ របស់ចក្រភពអង់គ្លេស បានរៀបចំការធ្វើតេស្តសាកល្បងលើដងផ្លូវ ដោយចៅក្រម ដែលត្រូវអនុវត្តលើដងផ្លូវដែលប្រើប្រាស់ដូចគ្នា ដោយសាធារណជន ដែលទិញរថយន្តដូច្នោះដែរ ។

អ្នកវិនិច្ឆ័យជាអ្នកសារព័ត៌មានអាជីពចំនួន ២៧ រូប ស្ថិតក្នុងចំណោមគណៈកម្មការកាត់សេចក្តីរបស់ UKCOTY ។ អ្នកវិនិច្ឆ័យភាគ ច្រើនបើកបររថយន្តរហូតដល់ទៅ ៣០០ គ្រឿងក្នុងមួយឆ្នាំ ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]