រាជធានីភ្នំពេញ ៖ តារាចម្រៀងរាងតូចច្រឡឹងរបស់ផលិតកម្មសាន់ដេនាង អីុ វ៉ា បានបដិសេធជុំវិញព័ត៌មានដែលចោទរូបនាងថា ដណ្តើមស្វាមីបងស្រីរបស់ខ្លួន ។អីុ វ៉ា អះអាងបញ្ជាក់ប្រាប់ទស្សនិកជនតាម ទូរទស្សន៍កាលពីរាត្រីថ្ងៃទី១៩ កញ្ញា ថា ការចុះផ្សាយរបស់ទស្សនាវដ្តីក្នុងស្រុកមួយថា នាងដណ្តើមប្តីបងស្រីខ្លួននោះមិនមាន មូលដ្ឋានច្បាស់លាស់ឡើយ គឺយោងតាមពាក្យចចាមអារ៉ាមប៉ុណ្ណោះ ហើយពាក្យចចាមអារ៉ាមនោះ ចេញពីមាត់របស់អ្នកសរសេរនោះតែម្តង ។

តារាចម្រៀងរូបនេះបន្តថា គ្រាន់តែព័ត៌មាននេះចេញផ្សាយធ្វើឱ្យអ្នកភូមិរបស់នាងអស់សំណើច ដោយហេតុថា ពួកគាត់សុទ្ធតែបានដឹងច្បាស់ថា ទាំងនាងនិងបងស្រីសុទ្ធតែនៅលីវមានរឿងអ្វីត្រូវដណ្តើមប្តីគ្នានោះ ។អ្នកសរសេរច្រើនសំអាងថា ព័ត៌មានទាំងនោះគឺចេញមកពីពាក្យចចាមអារ៉ាម តែនាងយល់ថា ពាក្យចចាមអារ៉ាមទាំងនោះអាចចេញមកពីពួកគេផ្ទាល់តែម្តង ។ ព័ត៌មាននោះធ្វើឱ្យនាងអន់ចិត្តយ៉ាងខ្លាំងព្រោះបានធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់នាង តែទោះបីជាយ៉ាងណាក្តីក្នុងនាមជាអ្នកសិល្បៈមួយរូបមិនអាចគេចផុតបានទេពីបញ្ហានេះ ។

ទោះជាយ៉ាងណាក្តីអ្នកសារព័ត៌មានមួយចំនួនលើកឡើងថា រាល់ព័ត៌មានដែលបានទទួលនោះ ភាគច្រើនគឺចេញពីមហាជនដែលនិយាយ។  នេះគឺជាជ្រុងមួយ ក៏ប៉ុន្តែពេលអ្នកសារព័ត៌មានព្យាយាមទាក់ទងសុំការបកស្រាយពីភាគីតារាដែលជាប់ពាក់ព័ន្ធនោះ ភាគច្រើនគឺមិនទទួលបានជោគជ័យឡើយ ដូចជាគេមិនលើកទូរស័ព្ទ គេមិនព្រមបកស្រាយ ឬបដិសេធការជួបសម្ភាសន៍ផ្ទាល់ ហេតុនេះរាល់ព័ត៌មានទាំងអស់មិនអាចបន្ទោសតែអ្នកសរសេរម្ខាងបានទេ ។

ម្យ៉ាងនៅពេលចុះផ្សាយមានការខ្វះចន្លោះ ប្រភពនោះអាចធ្វើសេចក្តីបំភ្លឺបាន ចុះហេតុអ្វីគេមិនធ្វើ ហើយចាំតែថាផ្សាយមិនពិត ។ 
ម្យ៉ាងទៀតកន្លងមកតាមរយៈការហែកហួរគ្នានាំឱ្យធ្លាយរឿងថាមានតារា ខ្លះប្រឌិតរឿងឱ្យសារព័ត៌មានផ្សាយដើម្បីល្បីឈ្មោះផងដែរ។ ការបដិសេធរបស់តារាចម្រៀងសំនៀងក្រអួនរូបនេះ គឺបន្ទាប់ពីការចុះផ្សាយរបស់ទស្សនាវដ្តី ក្នុងស្រុកមួយដោយយោងតាមពាក្យចចាមអារ៉ាមថា នាងដណ្តើមស្វាមីរបស់បងស្រីខ្លួនឯង ។

ក្រោយពេលព័ត៌មានដែលធ្វើឱ្យតារាចម្រៀងមានប្រភពមកពីខេត្តកំពង់ស្ពឺរូបនេះអន់ចិត្តមិនទាន់បាត់ផង នាងក៏ទទួលរងព័ត៌មានថ្មីមួយទៀតអះអាងថា នាងជាប់ទាក់ទងជាមួយឧត្តមសេនីយ៍ម្នាក់ដែលមានទ្រព្យធនច្រើន ហើយជួយយឹតយោងជីវភាពរបស់នាងឱ្យកាន់តែមានភាពហឺុហាមិនចាញ់តារាផ្សេងៗទៀតឡើយ ។ព្យុះព័ត៌មានខ្មៅងងឹតទាំងអស់នោះបានរលុបបាត់វិញបន្ទាប់ពីក្រុមគ្រួសាររបស់អីុ វ៉ា ចេញមុខបដិសេធថា វាសុទ្ធតែជារឿងមិនពិត ដ្បិតពេលនេះអីុ វ៉ា មិនទាន់ចង់បានស្វាមីនៅឡើយដោយហេតុថា នាងត្រូវកសាងកេរ្តិ៍ឈ្មោះក្នុងសង្វៀនសិល្បៈឱ្យបានយូរជាងនេះបន្តិចសិនឯរឿងយកប្តីគឺពេលក្រោយ ។

ត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ ឃីន ស្រីនាថ ហៅអីុ វ៉ា បានឈោងចាប់យកភាពល្បីឈ្មោះក្នុងពិភពសិល្បៈចម្រៀង ដោយនាងមានការទាក់ទាញទាំងទឹកដមសំនៀង និងរូបសម្រស់ ។ ការលេចធ្លោក្នុងមួយរយៈពេលខ្លីនេះបានរុញច្រានតារាចម្រៀងម្ចាស់បទ«ទឹកអប់មានពិស» និងបទ«អាក្រក់ឬល្អបងជាសង្សារអូន»រូបនេះឱ្យមានកា រផ្លាស់ប្តូរជីវភាពមករស់នៅក្នុងភាពហឺុហាជិះរថយន្តទំនើបម៉ាក Range Rover មានតម្លៃជិត១០ម៉ឺនដុល្លារ ធ្វើឱ្យនាងវ៉ាដាច់តារាក្នុងស្រុកមួយចំនួន ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]