កូរ៉េខាងត្បូង៖ តារាប្រុសដ៏ល្បី Rain ​និងនាង Kim Tae Hee បានក្លាយជាគូស្នេហ៍ដែលមានទ្រព្យសម្បត្ដិជាងគេ នៅក្នុងពិភពសិល្បៈកូរ៉េ ដូចនេះប្រិយមិត្ដ ប្រហែលជាអាច មានការភ្ញាក់ផ្អើលខ្លាំងពីចំនួនទឹកប្រាក់ ដែលពួកគេបានចំណាយក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍របស់ពួកគេ។

កាលពីថ្ងៃទី ២៤ មករា កន្លងទៅនេះ តាមបណ្ដាញប្រព័ន្ធផ្សព្វផ្សាយកូរ៉េ បានបង្ហាញពីតួលេខ ដែលត្រូវបានចំណាយក្នុងថ្ងៃមង្គលការ របស់ Rain ​និងនាង Kim Tae Hee ដោយនៅក្នុងនោះបានឲ្យដឹងថា ការចំណាយទៅលើមង្គលការទាំងមូលរបស់ពួកគេ គឺត្រឹមតែ ១.៣ លានវ៉ុនតែប៉ុណ្ណោះ ឬប្រហាក់ប្រហែលនឹង ១ ១១៦ ដុល្លារអាមេរិក។

គួររំលឹកថាជារឿយៗតារាល្បីៗតែងតែចំណាយប្រាក់ច្រើន ទៅលើថ្ងៃមង្គលការ ដូចជា តារារ៉េប Kanye West និងនាង Kim Kardashian បានចំណាយប្រាក់ជុំវិញ ១២លានដុល្លារអាមេរិក នៅក្នុងថ្ងៃមង្គលការ។

ចុះសម្រាប់ប្រិយមិត្ដវិញ យល់យ៉ាងណាដែរ ចំពោះការចំណាយប្រាក់តិច ឬច្រើនក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍?

គួរបញ្ជាក់ថា អាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ បានបញ្ចប់ទៅដោយបរិយាកាសស្ងប់ស្ងាត់បំផុត ដែលធ្វើឲ្យអ្នកគាំទ្រ សឹងមិនជឿថា កំពូលតារាល្បីប្រចាំប្រទេសកូរ៉េខាងត្បូង សម្រេចចិត្តរៀបការជាមួយគ្នា យ៉ាងសាមញ្ញយ៉ាងដូច្នេះសោះ។

អ្វីដែលធ្វើឲ្យមនុស្សគ្រប់គ្នា មានការចាប់អារម្មណ៍ និងប្លែកក្នុងអាពាហ៍ពិពាហ៍ របស់តារាទាំងពីរដួងនេះ គឺការថ្លៃចំណាយក្នុងពិធី គឺតិចបំផុត ហើយចំណែកឯទិដ្ឋភាពទាំងមូល ក៏មានសភាពធម្មតា ដោយគ្មានការតុបតែងផ្កាពាសពេញ និងគ្មានភ្ញៀវចូលរួមច្រើននោះទេ។

មិនតែប៉ុណ្ណោះ សូម្បីតែរ៉ូបដែល នាង Kim Tae Hee បានស្លៀក មិនមែនជារ៉ូបម៉ាកល្បីនោះទេ តែជារ៉ូបដែលនាង ច្នៃដោយខ្លួននាង ចំណែកឯ លោក Rain វិញ បានស្លៀកខោអាវដដែលដែលមានក្នុងទូររបស់លោក។

នៅពេលបញ្ចប់ពិធីរៀបការសព្វគ្រប់ លោក Rain ក៏មិនភ្លេចនាំភរិយារូបស្អាត ទៅក្រេបទឹកឃ្មុំ សាងស្នេហ៍សុភមង្គល តាមអ្វីដែលកំណត់នោះដែរ ដែលរូបលោក បានសម្រេចចិត្តទៅ កោះបាលី ប្រទេសឥណ្ឌូណេស៊ី។

មិនតែប៉ុណ្ណោះ ក៏មានគេបានលួចថតពួកគេ នៅព្រលានយន្តហោះផងដែរ ដែលឃើញអ្នកទាំងពីរ បង្ហាញពីភាពស្អិតរមួតជាមួយគ្នា ហើយជាពិសេសលោក Rain កាន់ដៃភរិយា ជាប់រហូត មិនលែងទៀតផង ដែលធ្វើឲ្យអ្នកគាំទ្រមើលហើយ លួចច្រណែនពួកគេខ្លាំងណាស់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]