កូរ៉េខាងត្បូង៖ អាពាហ៍ពិពាហ៍របស់តារាសម្តែង និងតារាចម្រៀង Rain ជាមួយនឹង នាង Kim Tae Hee បានបញ្ចប់ទៅដោយបរិយាកាសស្ងប់ស្ងាត់បំផុត ដែលធ្វើឲ្យអ្នកគាំទ្រ សឹងមិនជឿថា កំពូលតារាល្បីប្រចាំប្រទេសកូរ៉េខាងត្បូង សម្រេចចិត្តរៀបការជាមួយគ្នាយ៉ាងសាមញ្ញយ៉ាងដូច្នេះសោះ។

អ្វីដែលធ្វើឲ្យមនុស្សគ្រប់គ្នា មានការចាប់អារម្មណ៍ និងប្លែកក្នុងអាពាហ៍ពិពាហ៍ របស់តារាទាំងពីរដួងនេះ គឺការថ្លៃចំណាយក្នុងពិធី គឺតិចបំផុត ហើយចំណែកឯទិដ្ឋភាពទាំងមូល ក៏មានសភាពធម្មតា ដោយគ្មានការតុបតែងផ្កាពាសពេញ និងគ្មានភ្ញៀវចូលរួមច្រើននោះទេ។

មិនតែប៉ុណ្ណោះ សូម្បីតែរ៉ូបដែល នាង Kim Tae Hee បានស្លៀក មិនមែនជារ៉ូបម៉ាកល្បីនោះទេ តែជារ៉ូបដែលនាង ច្នៃដោយខ្លួននាង ចំណែកឯ លោក Rain វិញ បានស្លៀកខោអាវដដែលដែលមានក្នុងទូររបស់លោក។

នៅពេលបញ្ចប់ពិធីរៀបការសព្វគ្រប់ លោក Rain ក៏មិនភ្លេចនាំភរិយារូបស្អាត ទៅក្រេបទឹកឃ្មុំ សាងស្នេហ៍សុភមង្គល តាមអ្វីដែលកំណត់នោះដែរ ដែលរូបលោក បានសម្រេចចិត្តទៅ កោះបាលី ប្រទេសឥណ្ឌូណេស៊ី។

មិនតែប៉ុណ្ណោះ ក៏មានគេបានលួចថតពួកគេ នៅព្រលានយន្តហោះផងដែរ ដែលឃើញអ្នកទាំងពីរ បង្ហាញពីភាពស្អិតរមួតជាមួយគ្នា ហើយជាពិសេសលោក Rain កាន់ដៃភរិយា ជាប់រហូត មិនលែងទៀតផង ដែលធ្វើឲ្យអ្នកគាំទ្រមើលហើយ លួចច្រណែនពួកគេខ្លាំងណាស់៕

តោះមើលរូបថត Sweet Sweet នៅព្រលានយន្តហោះ មុនពេលចាកចេញ ទៅកោះបាលី របស់គូស្វាមីភរិយាទើបរៀបការមួយគូនេះ បន្តិចមើល ថាយ៉ាងណាដែរ៖ 

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹង តារា Rain និងតារាសម្ដែង Kim Taehee នេះដែរប្រហែលជាមានប្រិយមិត្តខ្លះ មិនដឹងថា ពួកគេបានស្គាល់ពេលណា និងរបៀបណានោះទេ។

ពិធីមង្គលការរបស់កំពូលតារាចម្រៀងលោក Rain និងតារាសម្ដែង Kim Taehee ដែលទើបតែបានកន្លងផុតទៅ បានធ្វើឲ្យប្រិយមិត្តដែលជាអ្នកគាំទ្ររបស់កំពូលតារាទាំង២ ញញឹមមិនទាន់បិទមាត់ជិតនោះទេ ដោយសារតែភាពសមគ្នាឥតខ្ចោះរបស់ពួកគេ។

យ៉ាងណាមិញ រឿងរ៉ាវពាក់ព័ន្ធនឹងពិធីមង្គលការរបស់ពួកគេទាំង២ ក៏បានក្លាយទៅជាប្រធានបទគួរឲ្យចាប់អារម្មណ៍ សម្រាប់អ្នកលេងបណ្ដាញសង្គម ដោយសង្កេតឃើញថា រូបថតក្នុងថ្ងៃពិសេសរបស់ពួកគេត្រូវបានចែកចាយ យ៉ាងព្រោងព្រាតតែម្ដង។

ប៉ុន្តែប្រិយមិត្តទាំងអស់គ្នា ប្រហែលជាមិនទាន់បានដឹងពីមូលហេតុ ដែលធ្វើឲ្យពួកគេចាប់ចិត្តលើគ្នាទៅវិញទៅមកនៅឡើយទេ។

កាលពីថ្ងៃទី ២១ មករា ២០១៧កន្លងទៅ កម្មវិធី Entertainment Weekly របស់ស្ថានីយទូរទស្សន៍ KBS បានអញ្ជើញគូស្នេហ៍ថ្មីថ្មោងមួយគូនេះ ឲ្យចូលរួមក្នុងកម្មវិធី។ ក្នុងកិច្ចសម្ភាសន៍ពួកគេ បានបង្ហាញពីការពិត នៃការចាប់ផ្ដើមនៃស្នេហារបស់ពួកគេ ដោយការផ្ដើមទាក់ទងគ្នា ចាប់ពីឆ្នាំ២០១១ កំឡុងពេលដែលពួកគេថតស្ប៉តពាណិជ្ជកម្មឲ្យក្រុមហ៊ុនលក់ទំនិញអនឡាញមួយឈ្មោះ Coupang ដែលជាក្រុមហ៊ុនលក់ទំនិញអនឡាញមួយប្រភេទ ស្រដៀងទៅនឹងក្រុមហ៊ុនរបស់អាមេរិកឈ្មោះ Groupon។

យ៉ាងណាមិញ តាមរយៈការផលិតវីដេអូនេះ ទោះបីជាវាមានរយៈពេលខ្លីតែវាប្រាកដជាមានន័យណាស់ ក្នុងការបង្កើតទំនាក់ទំនងស្នេហា របស់គូស្វាមី ភរិយាដ៏មានឥទ្ធិពលរបស់កូរ៉េទាំង២នេះ៕

ខាងក្រោមនេះ ជាវីដេអូពាណិជ្ជកម្មរួមគ្នាលើកដំបូងរបស់ពួកគេ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]