(ភ្នំពេញ)៖ នាយចេក តារាកំប្លែងជើងចាស់ ដែលកំពុងជួបទុក្ខផ្ទួនៗគ្នានោះ ដោយភរិយាមានជំងឺត្រូវវះកាត់ រីឯម្តាយបង្កើតជរា មានជំងឺបេះដូងធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាល​ នៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្តាល ទទួលបានការឧបត្ថម្ភនូវគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួន ពីកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។

ពិធីប្រគល់អំណោយមនុស្សធម៌នេះ​ ធ្វើឡើងតាមរយៈ លោកស្រី​ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ នៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា។

នាយចេក ឬហៅថា​ តាចេក មានឈ្មោះដើម ឈុំ ប៊ុនឈឿន មានវ័យ៦៣ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិឆ្មារពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្រោយពីទទួលបានការសណ្តោសប្រណី ពីកាកបាទក្រហមកម្ពុជា លោកបានលើកដៃសំពះអរគុណទាំងក្តីរំភើបចិត្ត ឥតឧបមាព្រោះ មាតាមនុស្សធម៌គឺ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែ យកចិត្តទុកដាក់ចំពោះ សិល្បករ-សិល្បការិនី​ ជើងចាស់ ដែលបានរួមចំណែកអភិរក្ស នូវវិស័យសិល្បៈ វប្បធម៌ខ្មែរ​ និងបានបន្សល់ទុក នូវស្នាដៃជាច្រើនសម្រាប់យុវជនខ្មែរ ជំនាន់ក្រោយៗទៀត​ រៀនសូត្រតាម៕

ប្រភព៖ Fresh News

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា៖ អឹម ជីវ៉ា នាំយកថវិកាឧបត្ថម្ភ និង​សួរសុខទុក្ខ​ភរិយា តារាកំប្លែង នាយចេក 

ក្រោយពីទទួលបានដំណឹង នៃការធ្លាក់ខ្លួនឈឺ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខណៈដែលពុំមានលទ្ធភាពបញ្ជូនប្រពន្ធ និងម្តាយក្មេក មកមន្ទីពេទ្យភ្នំពេញនោះ តារាសម្តែងប្រុស លោក អ៉ឹម ជីវ៉ា នារសៀលថ្ងៃទី១៧ ខែមករាឆ្នាំ២០១៧ កន្លងទៅ បានចំណាយពេលផ្ទាល់ខ្លួន ចុះទៅសួរសុខទុក្ខ និងនាំយកអំណោយជាថវិកាខ្លះៗ ដែលបានមកពីសប្បុរសជន ទៅឧបត្ថម្ភ ជូនតារាកំប្លែងនាយ ចេក ដែលកំពុងជួបការលំបាក គ្មានប្រាក់ព្យាបាលភរិយា និងអ្នកម្តាយ។

លោក អ៉ឹម ជីវ៉ា បានថ្លែងប្រាប់ឲ្យដឹងថា «ភរិយា និងអ្នកម្តាយរបស់តារាកំប្លែង ស្ថិតនៅក្នុងក្រុមនាយ កុយ គឺនាយ ចេក បច្ចុប្បន្នកំពុងតែសម្រាកព្យាបាល នៅមន្ទីពេទ្យជ័យជំនះក្រុងតាខ្មៅ ខេត្តកណ្តាល ដោយសារជំងឺបេះដូងរីក លើសឈាម និងទឹកនោមផ្អែម ។ ខ្ញុំអាណិតគាត់ខ្លាំងណាស់ គាត់បានប្រាប់ថា គាត់គ្មានលទ្ធភាពយកម្តាយ និងប្រពន្ធមកព្យាបាលនៅភ្នំពេញទេ ដោយសារតែជីវភាពខ្វះខាត ក្រីក្រខ្លាំងពេក ហើយសូមឲ្យបងប្អូនជួយគាត់ផង!»។

ជាមួយគ្នានេះដែរ តារាសម្តែងលេចធ្លោ លើសកម្មភាពមនុស្សធម៌ ជួយសង្គមតាមរយៈការចេះជួយយក អាសារសិល្បករ-សិល្បការិនី ដែលធ្លាក់ខ្លួនឈឺ និងបាត់បង់សមត្ថភាពរូបនេះ បានបន្ថែមថា «ខ្ញុំបាទសូមថ្លែងអំណរគុណដល់ឯកឧត្តម លោក ចាន់ គត្តិខុម និង លោកជំទាវ ដារី ប៉ុណ្ណា ដែលបានឧត្ថម្ភដល់នាយ ចេក ចំនួន១០០ដុល្លារ ផងដែរ!»។

សូមបញ្ជាក់ថា ភរិយា និងម្ដាយក្មេក តារាកំប្លែងនាយ ចេក កាលពីថ្ងៃទី១៥ ខែកមរា ឆ្នាំ២០១៧ត្រូវបានក្រុមគ្រួសារដឹកបញ្ជូន ចូលសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យជ័យជំនះ ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល។ មិនតែប៉ុណ្ណោះអ្វីកាន់តែខ្លោចចិត្ត អាណិតគាត់ជាងនេះទៀតនោះ គឺតា ចេក ពុំមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីបញ្ជូនប្រពន្ធ និងម្ដាយក្មេក មកធ្វើការព្យាបាលបន្ត នៅភ្នំពេញតាមការណែនាំ របស់ក្រុមគ្រូពេទ្យឡើយ៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]