រាជធានី​ភ្នំពេញ៖ បុរស​អ្នក​រត់​រ៉ឺ​ម៉ក​កង់​បី​ម្នាក់ បន្ទាប់​ពី​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ​រឿង​សុំ​ទិញ​កង់​បី​ថ្មី​មិន​បាន​ក៏​ដើរ​ចេញ​បាត់​ពី​ផ្ទះ​២​ថ្ងៃ ស្រាប់តែ​នៅ​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ ២០១៧ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​សព​គាត់​អណ្ដែត​ទឹក​មក​ទើរ​នៅ​មាត់ច្រាំង​ទន្លេ​ខាងក្រោយ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា សព​បុរស​រង​គ្រោះ​ឈ្មោះ ចិន កេ អាយុ​៥២​ឆ្នាំ មុខរបរ​រត់​ម៉ូតូ​កង់​បី មាន​ប្រពន្ធ​ឈ្មោះ ឱ​ក កក់ អាយុ​៤២​ឆ្នាំ មុខរបរ​កល់​ដូរ ស្នាក់​នៅផ្ទះ​ជួល​ក្នុង​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក ។

ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​ទទួល​បាន​ព័ត៌មាន​ថា មាន​សាកសព​របស់​បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អណ្តែត​មក​ទើរ​នៅ​មាត់ច្រាំង​ទន្លេ​នៅ​ចំណុច​ក្រោយ​ស​ណ្ឋា​ការ​កាំ​បូ​ឌី​យ៉ា​ណា កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់ ហើយ​ស្រង់​យក​មក​លើគោក​ដើម្បី​ធ្វើ​កោសល្យ​វិ​ច្ច័​យ ដោយ​បានឃើញ​ថា បុរស​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​តែ​ការ​លង់ទឹក ។

ក្រោយ​ពេល​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​សាកសព​រួច កម្លាំង​មាន​សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ​សព ភ្លាម​ៗ​នោះ​ក៏​លេចមុខ​ស្ត្រី​ម្នាក់​អះអាង​ថា បុរស​រង​គ្រោះ​គឺជា​ប្តី​របស់​គាត់ ដែល​បាន​បាត់​ពី​ផ្ទះ​តាំងពី​រសៀល​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០១៧ ក្រោយ​ពី​មាន​ជម្លោះ​ជាមួយ​គាត់​រឿង​សុំ​ទិញ​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​ថ្មី​មិន​បាន ដោយ​គាត់​គ្មាន​លុយ​ឲ្យ​ប្តូរ​នោះ ។ បន្ទាប់​មក​សមត្ថកិច្ច​បាន​ប្រគល់​សព​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ពាក់ព័ន្ធ​ការ​ស្លាប់​របស់​បុរស​វ័យ​ចំណាស់​អ្នក​រត់​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​ខាងលើ​នេះ​ដែរ មាន​មតិ​មួយ​ចំនួន​បាន​លើក​ឡើង​ថា ទំនងជា​គាត់​ខឹង​ប្រពន្ធ​គ្មាន​លុយ​ប្តូរ​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​ថ្មី​ឲ្យ ទើប​ដាច់​ចិត្ត​ធ្វើ​អត្តឃាត​ដោយ​លោតទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វា ហើយ​អណ្តែត​មក​ទើ​លើ​មាត់ច្រាំង​បែប​នេះ ៕

ប្រភព៖ កោះសន្ដិភាព

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

សល់​៣​ខែ​ទៀត​ចូល​រោង តូចចិត្ត​ម្តាយ​ស្តីបន្ទោស​ដាច់​ចិត្ត​ចងក​សម្លាប់​ខ្លួន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ចងក​សម្លាប់​ខ្លួន​ នឹង​ច្រវាក់​ក្នុង​បន្ទប់​ជួល រហូត​ដល់​ហើម​ស្អុយ ទើប​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០១៧ នៅ​ក្នុង​បន្ទប់​ជួល​លេខ​៩ ជាន់​ទី​១ ផ្ទះ​លេខ​១៣៤​អា ផ្លូវ​បេតុង ភូមិ​ឡ​កំបោ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ​។

បុរស​ដែល​ធ្វើ​អត្តឃាត​ឈ្មោះ ផា សូលី​ដា អាយុ​២៨​ឆ្នាំ មុខរបរ បុគ្គលិក​ក្រុមហ៊ុន​តេ​លា ផ្នែក​តេ​លា​ហ្គា​ស ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ និង​មាន​ទីលំនៅ​ភូមិ​ព្រែក​ព្នៅ សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ​។

តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា បុរស​ដែល​គិត​ខ្លី​មាន​គូ​ដណ្តឹង​ឈ្មោះ យន់ ដា​លី​ន ហៅ​យឿ​ន អាយុ​២៧​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​ជាមួយ​គ្នា ហើយ​គ្រោង​ចូល​រោងការ​នៅ​ខែមេសា​ខាង​មុខ​នេះ គឺ​សល់​តែ​៣​ខែ​ទៀត​ទេ ​បែរជា​ចង​សម្លាប់​ខ្លួន​ទៅ​វិញ​។ ទាក់ទិន​ការ​ធ្វើ​អត្តឃាត​នេះ ត្រូវ​បាន​ក្រុម​គ្រួសារ​ឲ្យ​ដឹង​ថា ដោយសារ​តែ​តូចចិត្ត​ខ្លួនឯង ដែល​សុំ​ប្រាក់​ទៅ​លោះ​ទូរស័ព្ទ ម្តាយ​មិន​ឲ្យ ហើយ​ម្តាយ​បាន​ស្តីបន្ទោស ក៏​បាន​ចងក​សម្លាប់​ខ្លួន​តែ​ម្តង​។ នៅ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៧ វេលា​ម៉ោង​៧​យប់ បុរស​រូប​នោះ​បាន​ទៅ​សុំ​លុយ​ម្តាយបង្កើត​នៅ​ស្រុក ដើម្បី​យក​ទៅ​លោះ​ទូរស័ព្ទ​ ដែល​ខ្លួន​បាន​ដាក់បញ្ចាំ ហើយ​ម្តាយ​មិន​មាន ថែម​ទាំង​ស្តីបន្ទោស​ឱ្យ​បន្តិប​ន្តួច​។

បន្ទាប់​ពី​ទៅ​យក​ប្រាក់ ម្តាយ​មិន​ឲ្យ​ក៏​ត្រលប់​មក​ផ្ទះ​ជួល​វិញ ហើយ​បាន​យក​ច្រវាក់​ដែក​ប្រវែង​២​ម៉ែត្រ​ដាក់​ចូល​ក្នុង​ហោ​ប៉ោ​ខោ រត់​ចេញពីផ្ទះ ប្រាប់​គូ​ដណ្តឹង​ថា ទៅ​មើល​ក្មួយ​នៅ​ពេទ្យ​ក៏​បាន​បាត់​ដំណឹង​រហូត ស្រាប់តែ​នៅ​វេលា​ម៉ោង​ ប្រមាណ​១១​ព្រឹក មាន​អ្នក​ជួល​ផ្ទះ​ក្បែរ​គ្នា​ធុំក្លិន ក៏​បាន​នាំ​គ្នា​ដើរ​រក​ឃើញ​ សព​បុរស​នោះ​ហើម​ស្អុយ ចងក​សម្លាប់​ខ្លួន​នៅ​បន្ទប់​ទំនេរ​ជាន់​ទី​១​។

បន្ទាប់​ពី​ភ្ញាក់ផ្អើល នគរបាល​បាន​ចុះ​ពិនិត្យ​សព​បញ្ជាក់​ថា បុរស​នោះ​ចងក​សម្លាប់​ខ្លួនឯង ហើយ​នៅ​ក្នុង​កាបូប និង​ក្នុង​បន្ទប់​ក៏​មាន​សម្ភារ​ សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​ផង​ដែរ​៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]