(ភ្នំពេញ)៖ មិនត្រឹមតែឧកញ៉ាល្បីឈ្មោះជួយដល់ ពលរដ្ឋក្រីក្រនៅកម្ពុជារាប់លានដុល្លារប៉ុណ្ណោះទេ ឧកញ៉ា ហុង ពីវ ក៏ជាសេដ្ឋីចិត្តធម៌ដល់បុគ្គលិកថែមទៀតផង, ដោយនៅក្នុងឱកាសចូលឆ្នាំចិននេះអ្នកឧកញ៉ាក៏បានចំណាយលុយជាង៦០ម៉ឺនដុល្លារ អាំងប៉ាវចូលឆ្នាំចិន ដល់បុគ្គលិកជាង១០០០នាក់ នៅក្នុងក្រុមហ៊ុន ពិភពថ្មីគ្រុបរបស់លោក។​

លោក ពិសិដ្ឋ មន្រ្តីជាន់ខ្ពស់នៅក្រុមហ៊ុនពិភពថ្មីគ្រុប បានថ្លែងឲ្យដឹងថា «នៅក្នុងឱកាសចូលឆ្នាំថ្មីនេះលោកឧកញ៉ា បានចំណាយថវិកាប្រមាណជាង ៦០ម៉ឺនដុល្លារដល់បុគ្គលិកទាំងអស់របស់លោកចំនួនជាង១០០០នាក់ ក្នុងម្នាក់ៗ៦០០ដុល្លារ និងថ្នាក់ប្រធានៗបាន៩០០ដុល្លារក្នុងម្នាក់ៗ ព្រមទាំងអនុញ្ញាតឲ្យឈប់ចំនួន៦ថ្ងៃផងដែរ»

ថ្លែងនៅក្នុងឱកាសទទួលបានលុយអាំងប៉ាវ នៅថ្ងៃនេះ លោក ពិសិដ្ឋ តំណាងឲ្យបុគ្គលិកក្រុមហ៊ុនទាំងអស់ សូមថ្លែងអំណរគុណចំពោះលោកឧកញ៉ា និងក្រុមគ្រួសារ សូមទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន​ ព្រមទាំងពុទ្ធពរទាំង៤ប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ប្រភព៖ Fresh News

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា៖ អ្នកឧកញ៉ា ហុង ពីវ បរិច្ចាគថវិកាដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់២លានដុល្លារអាមេរិក ដល់មន្ទីរពេទ្យគន្ធបុប្ជា ដើម្បីជួយសង្គ្រោះជីវិតកុមារ

​ឧកញ៉ាដ៏ល្បាញល្បីជួយកិច្ចការសង្គមមួយរូបនៅកម្ពុជា ហុង ពីវ អគ្គនាយកក្រុមហ៊ុនពិភពថ្មីគ្រុប បានបរិច្ចាគថវិកាផ្ទាល់ខ្លួនដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់ ២លានដុល្លារអាមេរិក ដល់មន្ទីរពេទ្យគន្ធបុប្ជា ដើម្បីជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា តាមការសន្យារបស់លោក។

នេះជាលើកទី២ហើយ ដែលអ្នកឧកញ៉ា ហុង ពីវ និងក្រុមគ្រួសារ បានបរិច្ឆាគថវិកាដ៏ច្រើនជាងគេនៅកម្ពុជា ជូនដល់លោកវេជ្ជបណ្ឌិត Beat Richner ប្រធាន និងជាស្ថាបនិក នៃមន្ទីរពេទ្យគន្ធបុប្ផា នៅទីស្នាក់ការកណ្តាលក្រុមហ៊ុនពិភពថ្មីគ្រុប កាលពីព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ កន្លងទៅនេះ។

សូមជំរាបថា កាលពីឆ្នាំមុនអ្នកឧកញ៉ា ហុង ពីវ ក៏បានបរិច្ចាគថវិកាចំនួន១លានដុល្លារដល់មន្ទីរពេទ្យគន្ធបុប្ជា ហើយក៏បានសន្យាចំពោះលោក Beat Richner ថា ឆ្នាំក្រោយ(គឺឆ្នាំនេះ) នឹងផ្តល់ថវិកាច្រើនជាងឆ្នាំចាស់។ សម្រាប់ពេលឥឡូវនេះទឹកប្រាក់បរិច្ឆាកឆ្នាំថ្មីនេះមានរហូតដល់២លានដុល្លារ។

មន្រ្តីនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា បានឱ្យដឹងថា មន្ទីរពេទ្យគន្ធបុប្ផាមានចំនួន៥ទីតាំង ក្នុងនោះ៤កន្លែង នៅរាជធានីភ្នំពេញ និងមួយទីតាំងទៀត នៅខេត្តសៀមរាប។ ក្នុងមួយថ្ងៃៗមន្ទីរពេទ្យគន្ធបុប្ផា ទទួលការព្យាបាលកុមារកម្ពុជាចាប់ពី១៦០០ ទៅ ២០០០នាក់ ដោយមិនគិតកំរៃសេវានោះទេ។

សូមបញ្ជាក់ថា មិនត្រឹមតែជួយដល់មន្ទីរពេទ្យគន្ធបុប្ផា អ្នកឧកញ៉ា ហុង ពីវ នាពេលកន្លងមកតែងតែជួយដល់កិច្ចសប្បុរសធម៌ផ្សេងៗជាច្រើននៅកម្ពុជា ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជនចំពោះទឹកចិត្តសប្បុរសធម៌របស់អ្នកឧកញ៉ា៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]