(ភ្នំពេញ)៖ ​ឧកញ៉ាដ៏ល្បាញល្បីជួយកិច្ចការសង្គមមួយរូបនៅកម្ពុជា ហុង ពីវ អគ្គនាយកក្រុមហ៊ុនពិភពថ្មីគ្រុប បានបរិច្ចាគថវិកាផ្ទាល់ខ្លួនដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់ ២លានដុល្លារអាមេរិក ដល់មន្ទីរពេទ្យគន្ធបុប្ជា ដើម្បីជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា តាមការសន្យារបស់លោក។

នេះជាលើកទី២ហើយ ដែលអ្នកឧកញ៉ា ហុង ពីវ និងក្រុមគ្រួសារ បានបរិច្ឆាគថវិកាដ៏ច្រើនជាងគេនៅកម្ពុជា ជូនដល់លោកវេជ្ជបណ្ឌិត Beat Richner ប្រធាន និងជាស្ថាបនិក នៃមន្ទីរពេទ្យគន្ធបុប្ផា នៅទីស្នាក់ការកណ្តាលក្រុមហ៊ុនពិភពថ្មីគ្រុប នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧នេះ។

សូមជំរាបថា កាលពីឆ្នាំមុនអ្នកឧកញ៉ា ហុង ពីវ ក៏បានបរិច្ចាគថវិកាចំនួន១លានដុល្លារដល់មន្ទីរពេទ្យគន្ធបុប្ជា ហើយក៏បានសន្យាចំពោះលោក Beat Richner ថា ឆ្នាំក្រោយ(គឺឆ្នាំនេះ) នឹងផ្តល់ថវិកាច្រើនជាងឆ្នាំចាស់។ សម្រាប់ពេលឥឡូវនេះទឹកប្រាក់បរិច្ឆាកឆ្នាំថ្មីនេះមានរហូតដល់២លានដុល្លារ។

មន្រ្តីនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា បានឱ្យដឹងថា មន្ទីរពេទ្យគន្ធបុប្ផាមានចំនួន៥ទីតាំង ក្នុងនោះ៤កន្លែង នៅរាជធានីភ្នំពេញ និងមួយទីតាំងទៀត នៅខេត្តសៀមរាប។ ក្នុងមួយថ្ងៃៗមន្ទីរពេទ្យគន្ធបុប្ផា ទទួលការព្យាបាលកុមារកម្ពុជាចាប់ពី១៦០០ ទៅ ២០០០នាក់ ដោយមិនគិតកំរៃសេវានោះទេ។

សូមបញ្ជាក់ថា មិនត្រឹមតែជួយដល់មន្ទីរពេទ្យគន្ធបុប្ផា អ្នកឧកញ៉ា ហុង ពីវ នាពេលកន្លងមកតែងតែជួយដល់កិច្ចសប្បុរសធម៌ផ្សេងៗជាច្រើននៅកម្ពុជា ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជនចំពោះទឹកចិត្តសប្បុរសធម៌របស់អ្នកឧកញ៉ា៕

ប្រភព៖ Fresh News

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា៖​ លោកឧកញ៉ា ហុង ពីវ បញ្ជូនទារិកាជំងឺភ្នែក ទៅប្រទេសសិង្ហបុរី ដើម្បីពិនិត្យជាមួយគ្រូពេទ្យជំនាញ

លោកឧកញ៉ាចិត្តធម៌ ហុង ពីវ អគ្គនាយកក្រុមហ៊ុនពិភពថ្មីគ្រុប កាលពីព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅនេះ បានបញ្ជូនទារិកាម៉ីម៉ី ដែលមានជំងឺភ្នែកពីកំណើត ទៅប្រទេសសិង្ហបុរី ដើម្បីពិនិត្យជាមួយគ្រូពេទ្យជំនាញហើយ។

លោកឧកញ៉ា បានបញ្ជាក់នៅ Facebook Page ផ្លូវការរបស់លោកថា «ថ្ងៃនេះ អូន ម៉ីម៉ី ចេញដំណើរទៅប្រទេសសិង្ហបុរីហើយ ដើម្បីធ្វើការពិនិត្យជាមួយក្រុមគ្រូពេទ្យជំនាញ។ សូមបងៗជូនពរ អូន ម៉ីម៉ី ផង»។

លោកឧកញ៉ា ហុង ពីវ ត្រូវបានមហាជនហៅថា ឧកញ៉ាចិត្តធម៌ដ៏មានប្រជាប្រិយភាព និងមានទឹកចិត្តសណ្ដោសប្រណី ដែលបានជួយដល់កិច្ចការសង្គមយ៉ាងច្រើន ដូចជា ការទិញអង្កររាប់តោន ដើម្បីចែកជូនពលរដ្ឋមានជីវភាពក្រីក្រ នៅទូទាំងប្រទេសកម្ពុជា និងបានឧបត្ថម្ភថវិកាដល់ កាកបាទក្រហមកម្ពុជា និងមន្ទីរពេទ្យគន្ធបុប្ពា យ៉ាងច្រើនផងដែរ។ នៅប៉ុន្មានថ្ងៃមុននេះ ក្នុងពិធីខួបកំណើតរបស់កូនស្រី សំណប់ចិត្តរបស់ខ្លួន លោកឧកញ៉ាបានចំណាយលុយជាង២៥ម៉ឺនដុល្លារ ដើម្បីចែកដល់បុគ្គល និងក្រុមកម្មកររបស់លោក។

ជាងនេះទៅទៀត លោកឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុនពិភពថ្មីគ្រុប និងក្រុមគ្រួសារ ចូលក្រាបថ្វាយបង្គំគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ហើយបានថ្វាយថវិកាចំនួន១០ម៉ឺនដុល្លារ និងអង្ករ៦០០តោន (ជាង៣២ម៉ឺនដុល្លារ) នៅព្រះបរមរាជវាំងផងដែរ៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]