(ភ្នំពេញ)៖ លោកឧកញ៉ាចិត្តធម៌ ហុង ពីវ អគ្គនាយកក្រុមហ៊ុនពិភពថ្មីគ្រុប នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានបញ្ជូនទារិកាម៉ីម៉ី ដែលមានជំងឺភ្នែកពីកំណើត ទៅប្រទេសសិង្ហបុរី ដើម្បីពិនិត្យជាមួយគ្រូពេទ្យជំនាញហើយ។

លោកឧកញ៉ា បានបញ្ជាក់នៅ Facebook Page ផ្លូវការរបស់លោកថា «ថ្ងៃនេះ អូន ម៉ីម៉ី ចេញដំណើរទៅប្រទេសសិង្ហបុរីហើយ ដើម្បីធ្វើការពិនិត្យជាមួយក្រុមគ្រូពេទ្យជំនាញ។ សូមបងៗជូនពរ អូន ម៉ីម៉ី ផង»។

លោកឧកញ៉ា ហុង ពីវ ត្រូវបានមហាជនហៅថា ឧកញ៉ាចិត្តធម៌ដ៏មានប្រជាប្រិយភាព និងមានទឹកចិត្តសណ្ដោសប្រណី ដែលបានជួយដល់កិច្ចការសង្គមយ៉ាងច្រើន ដូចជា ការទិញអង្កររាប់តោន ដើម្បីចែកជូនពលរដ្ឋមានជីវភាពក្រីក្រ នៅទូទាំងប្រទេសកម្ពុជា និងបានឧបត្ថម្ភថវិកាដល់ កាកបាទក្រហមកម្ពុជា និងមន្ទីរពេទ្យគន្ធបុប្ពា យ៉ាងច្រើនផងដែរ។ នៅប៉ុន្មានថ្ងៃមុននេះ ក្នុងពិធីខួបកំណើតរបស់កូនស្រី សំណប់ចិត្តរបស់ខ្លួន លោកឧកញ៉ាបានចំណាយលុយជាង២៥ម៉ឺនដុល្លារ ដើម្បីចែកដល់បុគ្គល និងក្រុមកម្មកររបស់លោក។

ជាងនេះទៅទៀត លោកឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុនពិភពថ្មីគ្រុប និងក្រុមគ្រួសារ ចូលក្រាបថ្វាយបង្គំគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ហើយបានថ្វាយថវិកាចំនួន១០ម៉ឺនដុល្លារ និងអង្ករ៦០០តោន (ជាង៣២ម៉ឺនដុល្លារ) នៅព្រះបរមរាជវាំងផងដែរ៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ឧកញ៉ា ហុង ពីវ រៀបចំបញ្ជូនទារិកា មានជំងឺភ្នែកម្នាក់ ទៅសិង្ហបុរី ដើម្បីព្យាបាល ។ គួររំលឹកផងដែរថា ឧកញ៉ាចិត្តធម៌ ហុង ពីវ អគ្គនាយកក្រុមហ៊ុន ពិភពថ្មីគ្រុប បាននឹងកំពុងរៀបចំបែបបទ ដើម្បីបញ្ជូនទារិកាម្នាក់ ដែលមានជំងឺភ្នែកទៅប្រទេសសិង្ហបុរី បើទោះបីចំណាយ១០ម៉ឺន ទៅ២០ម៉ឺនដុល្លារ ឬក៏ច្រើនជាងនេះ ក៏លោកឧកញ៉ា ត្រូវតែចំណាយដែរ។

បើតាម Facebook Page កាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ កន្លងទៅនេះលោកឧកញ៉ា បានបញ្ជាក់ថា «ខ្ញុំឧកញ៉ា ហុង ពីវ សូមជម្រាបជូនដំណឹងដល់បណ្តាប្រិយមិត្ត ដែលជាអ្នកប្រើប្រាស់បណ្តាញសង្គម Facebookទាំងអស់ឲ្យបានជ្រាបថា កន្លងមកមានពាក្យដែលនិយាយថា បើគ្មានប្រាក់ចំនួន១,៨០០ដុល្លារ ក្នុងរយៈពេល២ថ្ងៃនោះទេ ភ្នែករបស់ទារិកា ម៉ីម៉ី នឹងមើលលែងឃើញ ទាំងនេះសុទ្ធតែជាពាក្យមិនត្រឹមត្រូវទេ។

ឥឡូវនេះខ្ញុំកំពុងរៀបចំបែបបទ ដើម្បីបញ្ជូនទារិកា ម៉ីម៉ី ទៅពិនិត្យព្យាបាលនៅប្រទេសសិង្ហបុរី ហើយបើទោះជាត្រូវចំណាយ១០ម៉ឺន ទៅ២០ម៉ឺនដុល្លារ ឬក៏ច្រើនជាងនេះ ក៏ខ្ញុំត្រូវតែចំណាយដែរ ប៉ុន្តែការព្យាបាលជាសះស្បើយ ឬក៏យ៉ាងណានោះ គឺអាស្រ័យលើជោគវាសនារបស់ទារិកា ម៉ីម៉ី ជាអ្នកកំណត់»។

ប៉ុន្ដែអ្វីដែល អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook មិនទាន់អស់ចិត្តនោះ គឺក្មេង២នាក់បងប្អូនបង្កើត ដែលមានជំងឺភ្នែកដូចទារិកានេះ មិនទាន់មានពន្លឺសប្បុរសធម៌ជួយ សង្គ្រោះនោះទេ ហើយពេលនេះ អ្នកប្រើប្រាស់ Facebook បាននឹងកំពុងចែករំលែកព័ត៌មាននេះតៗគ្នា ដើម្បីស្វែងរកសប្បុរជន ក្នុងការជួយសង្គ្រោះ ដែលពួកគេរំពឹងថា ថ្នាក់ដឹកនាំ និងលោកឧកញ៉ា ផ្សេងៗ បានឃើញនឹងជួយសង្គ្រោះដូចទារិកាម្នាក់នេះ។

សូមរំលឹកថា កាលពីពេលកន្លងទៅថ្មីនេះ មានគ្រួសារអភ័ព្វមួយ បានធ្វើអំពាវនាវរកសប្បុរសជនជួយថ្លៃវះកាត់ និងពិនិត្យព្យាបាល ព្រោះពេលខ្លះរកលុយទិញម្ហូបមិនបានផង។ គ្រួសារអភ័ព្វនេះ រស់នៅភូមិបាត់តាជី ឃុំព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ម្ដាយរបស់ក្មេងអភ័ព្វ ឈ្មោះ ឈិន ថារី អាយុ៣០ឆ្នាំ និងឪពុកឈ្មោះ ឌួង សំណាង អាយុ៣៨ឆ្នាំ មុខរបរជាលក់ផ្កា បានប្រាប់ឲ្យដឹងថា កូនរបស់គាត់ទាំង២នាក់នេះ ទី១-ជាកូនស្រី ឈ្មោះ ឌូង បញ្ញា អាយុ១៤ឆ្នាំ និងទី២-ជាកូនប្រុស ឈ្មោះ ឌួង លីហៀង អាយុ២ឆ្នាំ មានជំងឺភ្នែកតាំងពីកំណើតមកម្ល៉េះ ហើយគាត់ធ្លាប់បានយកកូនទៅបកភ្នែក រួចមកហើយ ប៉ុន្ដែមិនជានោះទេ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]