ចិន៖ កុមារីវ័យ៦ឆ្នាំមួយរូប កំពុងប្រឈមមុខនឹងការបាត់បង់ម្រាមដៃទាំង៥របស់នាង បន្ទាប់ពីជួបគ្រោះអកុសល ចូលដៃទៅក្នុងម៉ាស៊ីនកិនសាច់។

ហេតុការណ៍នេះបានកើតឡើងទៅលើក្មេងស្រីមិនស្គាល់អត្តសញ្ញាណម្នាក់ ដែលរស់នៅភាគខាងកើតប្រទេសចិន។ មុនពេលកើតហេតុ នាងកំពុងរត់លេងនៅជិតឪពុកម្តាយរបស់នាងដែលកំពុងកិនសាច់។ កុមារីរងគ្រោះ ក៏បានលូកដៃស្តាំចូលទៅក្នុងម៉ាស៊ីន។ ភ្លាមៗម្រាមដៃរបស់នាងក៏បានជាប់គាំងនៅក្នុងម៉ាស៊ីនតែម្តង។

ក្រោយកើតហេតុ ឪពុកម្តាយក្មេងរងគ្រោះ បានស្ទុះទៅបិទម៉ាស៊ីន និងព្យាយាមទាញដៃកូនស្រីខ្លួនចេញ ប៉ុន្តែទោះបីជាព្យាយាមយ៉ាងណា ក៏នៅតែទាញមិនចេញដដែល។ ផ្ទុយទៅវិញ  វាបែរជាធ្វើឲ្យការឈឺចាប់កាន់តែកើនឡើងទ្វេរដង។ ក្រោយមកក្រុមពន្លត់អគ្គីភ័យ និងឡានសង្គ្រោះបន្ទាន់បានមកដល់  ទើបបញ្ជូនក្មេងរងគ្រោះទៅកាន់មន្ទីរពេទ្យ Xiamen Xinkaiyuan។

ក្មេងស្រីរងគ្រោះ ត្រូវបានបញ្ជូនទៅក្នុងបន្ទប់វះកាត់ ដែលមានគ្រូពេទ្យ និងក្រុមពន្លត់អគ្គីភ័យកំពុងចូលរួមសហការគ្នាជួយ។ ពួកគេបានចំណាយពេលប្រមាណ ៣០នាទី ដើម្បីធ្វើការវះកាត់។

ជាលទ្ធផល ម្រាមដៃទាំង៥របស់ក្មេងស្រី ត្រូវបានសង្គ្រោះចេញពីម៉ាស៊ីន ហើយគ្រូពេទ្យត្រូវធ្វើការតភ្ជាប់ពួកវាឡើងវិញ។

ទោះជាយ៉ាងណា ក្រុមគ្រូពេទ្យជឿជាក់ថា ការតភ្ជាប់ឡើងវិញនេះ នឹងប្រព្រឹត្តទៅដោយជោគជ័យ បើទោះបីជាក្នុងរយៈពេលនេះ នាងត្រូវទទួលរងនូវភាពឈឺចាប់ខ្លាំងក៏ដោយ៕  

ក្រឡេកមកមើលព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ កំសត់ណាស់! ទារកអណ្តាតធំ យំព្រោះគ្មានសង្ឈឹមរស់ ប៉ុន្តែមានរឿងអស្ចារ្យមួយ បានកើតឡើងបន្ទាប់ពី..... (មានវីដេអូ)

ឥណ្ឌា៖ ទារកដ៏គួរឲ្យអាណិតមួយរូប បានចាប់កំណើតមកដោយមានអណ្តាតធំខុសពីមនុស្សធម្មតា ប្រឈមនឹងការស្លាប់បាន ដោយសារតែអណ្តាតធំពេក អាចធ្វើឲ្យឈ្លក់។

ប៉ុន្តែភាពរីករាយបានកើតមានឡើងវិញ នៅពេលដែលគេទទួលបានការវះកាត់ពីសំណាក់គ្រូពេទ្យជំនាញ។

ទារិកា Aparajit Lodhi ដែលបានចាប់កំណើតនៅភាគខាងត្បូងប្រទេសឥណ្ឌា បានកើតមកជាមួយនឹងអណ្តាតធំខុសធម្មតា ដែលពាក្យបច្ចេកទេសគេហៅថា Macroglossia ។

គួរឲ្យដឹងដែរថា នេះជារឿងដ៏កម្រនឹងកើតឡើងបំផុត ព្រោះ នៅក្នុងចំណោមទារក ៥០០ ០០០នាក់ មានតែម្នាក់ប៉ុណ្ណោះដែលកើតមានអាការៈ Macroglossia នេះ។

ចំពោះ ទារិកា Apatajit វិញ គេអាចមានជីវិតរស់បានដោយសារតែគេមានបំពាក់ឧបករណ៍អុកស៉ីហ្សែនតែប៉ុណ្ណោះ ប៉ុន្តែក្រោយចាប់កំណើតរយៈពេល ៤ថ្ងៃ ទារករូបនោះក៏បានទទួលការវះកាត់យកដុំសាច់ ដែលមាននៅក្នុងអណ្តាតនោះចេញ។

តាមរយៈលោកវេជ្ជបណ្ឌិត Agarwal នាយកគ្រប់គ្រងផ្នែកកុមារ និងការវះកាត់នៅឯមន្ទីរពេទ្យ Jabalpur បានឲ្យដឹងថា “នៅថ្ងៃដែលទារកទទួលការវះកាត់នោះ គឺគេមានអាយុទើបតែ៤ថ្ងៃប៉ុណ្ណោះ។ គេមិនអាចសូម្បីតែលេបទឹកម៉ាត់ ព្រោះតែអណ្តាតរបស់គេធំពេក” ។

គាត់បានបន្ថែមថា “គេមិនមែនមិនអាចលេបទឹកម៉ាត់បានតែពេលបន្ទាប់ពីចាប់កំណើតមកនោះទេ សូម្បីតែនៅក្នុងកំឡុងពេលដែលគេរស់នៅក្នុងស្បូនក៏អ៉ីចឹងដែរ មានន័យថា មានតែពេលដែលគេត្រូវបានវះកាត់រួចប៉ុណ្ណោះ ដែលគេអាចលេបទឹកបាន” ។

ក្រៅពីនេះ គាត់ក៏បានឲ្យដឹងទៀតដែរ​ថា “ពួកយើងត្រូវតែយកដុំសាច់នោះចេញឲ្យអស់ និងមិនត្រូវមានបន្សល់ទុកកាកសំណល់អ្វីបន្តិចឡើយ។ ប៉ុន្តែពួកយើងក៏បានព្យាយាមថែរក្សាមុខងាររបស់អណ្តាតគេមិនឲ្យបាត់បង់ដែរ” ។

“វាមានដុំសាច់ដ៏ធំមួយនៅក្នុងអណ្តាតរបស់គេ ដូច្នេះ ក្រុមគ្រូពេទ្យត្រូវចំណាយពេលដល់ទៅ២ម៉ោងឯណោះ ដើម្បីធ្វើការវះកាត់” ។ 

ក្រុមគ្រូពេទ្យបានប្រាប់ទៅកាន់ឪពុកម្តាយរបស់ Aparajit ថា កូនរបស់ពួកគេប្រហែលជាមិនអាចមានជីវិតរស់បានយូរទេ ដោយសារតែអណ្តាតរបស់គេធំពេកដល់ថ្នាក់អាចធ្វើឲ្យគេឈ្លក់បាន។

ចំនែកឯម្តាយរបស់ទារកនោះ ដែលមានឈ្មោះថា Mini Lodhi អាយុ ២៨ឆ្នាំ បាននិយាយដោយកំសត់ថា “ខ្ញុំពិតជាមានអារម្មណ៍ថាតក់ស្លុតណាស់នៅពេលដែលឃើញកូនរបស់ខ្ញុំកើតមកមានអណ្តាតធំបែបនេះ។ គេតែងតែយំជាប់រហូត មិនព្រមឈប់សោះ។ ខ្ញុំដឹងថាគេប្រាកដជាឈឺ និងឃ្លានណាស់ហើយ ប៉ុន្តែខ្ញុំមិនអាចជួយអ្វីគេបានទេ។ ខ្ញុំមិនអាចសូម្បីតែបំបៅគេ ប៉ុន្តែខ្ញុំនឹងព្យាយាមគ្រប់បែបយ៉ាងដើម្បីជួយកូនរបស់ខ្ញុំឲ្យមានជីវិតរស់” ។ 

បន្ទាប់ពីបានធ្វើការវះកាត់រួចមក អាហារដែលទារកនោះទទួលបានមុនគេនោះគឺទឹកស្ករ និងទឹកដោះដែលបានបំបៅដោយម្តាយផ្ទាល់។

ជាចុងក្រោយ អ្នកម្តាយ Mini បាននិយាយថា “ឥឡូវនេះខ្ញុំអាចបំបៅកូនរបស់ខ្ញុំបានហើយ។ វាជាលើកដំបូងបំផុតដែលខ្ញុំបានយល់ពីអារម្មណ៍ជាម្តាយ។ ខ្ញុំពិតជាសប្បាយរីករាយ នៅពេលដែលបានឃើញមុខកូនដ៏គួរឲ្យស្រលាញ់របស់ខ្ញុំ។ ពួកយើងពិតជាមានអារម្មណ៍ថាធូរស្បើយខ្លាំងណាស់នៅពេលនេះ” ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]