ឥណ្ឌា៖ ទារកដ៏គួរឲ្យអាណិតមួយរូប បានចាប់កំណើតមកដោយមានអណ្តាតធំខុសពីមនុស្សធម្មតា ប្រឈមនឹងការស្លាប់បាន  ដោយសារតែអណ្តាតធំពេក អាចធ្វើឲ្យឈ្លក់។

ប៉ុន្តែភាពរីករាយបានកើតមានឡើងវិញ នៅពេលដែលគេទទួលបានការវះកាត់ពីសំណាក់គ្រូពេទ្យជំនាញ។

ទារិកា Aparajit Lodhi ដែលបានចាប់កំណើតនៅភាគខាងត្បូងប្រទេសឥណ្ឌា បានកើតមកជាមួយនឹងអណ្តាតធំខុសធម្មតា ដែលពាក្យបច្ចេកទេសគេហៅថា Macroglossia ។

ក្រុមគ្រូពេទ្យបានប្រាប់ទៅកាន់ឪពុកម្តាយរបស់ Aparajit ថា កូនរបស់ពួកគេប្រហែលជាមិនអាចមានជីវិតរស់បានយូរទេ ដោយសារតែអណ្តាតរបស់គេធំពេកដល់ថ្នាក់អាចធ្វើឲ្យគេឈ្លក់បាន។

ចំនែកឯម្តាយរបស់ទារកនោះ ដែលមានឈ្មោះថា Mini Lodhi អាយុ ២៨ឆ្នាំ បាននិយាយដោយកំសត់ថា “ខ្ញុំពិតជាមានអារម្មណ៍ថាតក់ស្លុតណាស់នៅពេលដែលឃើញកូនរបស់ខ្ញុំកើតមកមានអណ្តាតធំបែបនេះ។ គេតែងតែយំជាប់រហូត មិនព្រមឈប់សោះ។ ខ្ញុំដឹងថាគេប្រាកដជាឈឺ និងឃ្លានណាស់ហើយ ប៉ុន្តែខ្ញុំមិនអាចជួយអ្វីគេបានទេ។ ខ្ញុំមិនអាចសូម្បីតែបំបៅគេ ប៉ុន្តែខ្ញុំនឹងព្យាយាមគ្រប់បែបយ៉ាងដើម្បីជួយកូនរបស់ខ្ញុំឲ្យមានជីវិតរស់” ។ 

គួរឲ្យដឹងដែរថា នេះជារឿងដ៏កម្រនឹងកើតឡើងបំផុត ព្រោះ នៅក្នុងចំណោមទារក ៥០០ ០០០នាក់ មានតែម្នាក់ប៉ុណ្ណោះដែលកើតមានអាការៈ Macroglossia នេះ។

ចំពោះ ទារិកា Apatajit វិញ គេអាចមានជីវិតរស់បានដោយសារតែគេមានបំពាក់ឧបករណ៍អុកស៉ីហ្សែនតែប៉ុណ្ណោះ ប៉ុន្តែក្រោយចាប់កំណើតរយៈពេល ៤ថ្ងៃ ទារករូបនោះក៏បានទទួលការវះកាត់យកដុំសាច់ ដែលមាននៅក្នុងអណ្តាតនោះចេញ។

តាមរយៈលោកវេជ្ជបណ្ឌិត Agarwal នាយកគ្រប់គ្រងផ្នែកកុមារ និងការវះកាត់នៅឯមន្ទីរពេទ្យ Jabalpur បានឲ្យដឹងថា “នៅថ្ងៃដែលទារកទទួលការវះកាត់នោះ គឺគេមានអាយុទើបតែ៤ថ្ងៃប៉ុណ្ណោះ។ គេមិនអាចសូម្បីតែលេបទឹកម៉ាត់ ព្រោះតែអណ្តាតរបស់គេធំពេក” ។

គាត់បានបន្ថែមថា “គេមិនមែនមិនអាចលេបទឹកម៉ាត់បានតែពេលបន្ទាប់ពីចាប់កំណើតមកនោះទេ សូម្បីតែនៅក្នុងកំឡុងពេលដែលគេរស់នៅក្នុងស្បូនក៏អ៉ីចឹងដែរ មានន័យថា មានតែពេលដែលគេត្រូវបានវះកាត់រួចប៉ុណ្ណោះ ដែលគេអាចលេបទឹកបាន” ។

ក្រៅពីនេះ គាត់ក៏បានឲ្យដឹងទៀតដែរ​ថា “ពួកយើងត្រូវតែយកដុំសាច់នោះចេញឲ្យអស់ និងមិនត្រូវមានបន្សល់ទុកកាកសំណល់អ្វីបន្តិចឡើយ។ ប៉ុន្តែពួកយើងក៏បានព្យាយាមថែរក្សាមុខងាររបស់អណ្តាតគេមិនឲ្យបាត់បង់ដែរ” ។

“វាមានដុំសាច់ដ៏ធំមួយនៅក្នុងអណ្តាតរបស់គេ ដូច្នេះ ក្រុមគ្រូពេទ្យត្រូវចំណាយពេលដល់ទៅ២ម៉ោងឯណោះ ដើម្បីធ្វើការវះកាត់” ។ 

បន្ទាប់ពីបានធ្វើការវះកាត់រួចមក អាហារដែលទារកនោះទទួលបានមុនគេនោះគឺទឹកស្ករ និងទឹកដោះដែលបានបំបៅដោយម្តាយផ្ទាល់។

ជាចុងក្រោយ អ្នកម្តាយ Mini បាននិយាយថា “ឥឡូវនេះខ្ញុំអាចបំបៅកូនរបស់ខ្ញុំបានហើយ។ វាជាលើកដំបូងបំផុតដែលខ្ញុំបានយល់ពីអារម្មណ៍ជាម្តាយ។ ខ្ញុំពិតជាសប្បាយរីករាយ នៅពេលដែលបានឃើញមុខកូនដ៏គួរឲ្យស្រលាញ់របស់ខ្ញុំ។ ពួកយើងពិតជាមានអារម្មណ៍ថាធូរស្បើយខ្លាំងណាស់នៅពេលនេះ” ៕ 

ប្រភព៖ ដេលីម៊ែល

ក្រឡេកមកមើលព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖  ពិតជាមិនងាយបានជួប! កំពូលអ្នកជំនាញអូសម៉ូតូប្រចាំឆ្នាំ (មានវីដេអូ)

ឥណ្ឌូនេស៊ី៖ វីដេអូមួយត្រូវបានបង្ហោះនៅក្នុងបណ្តាញសង្គម Facebook ដោយម្ចាស់គណនីដែលមានឈ្មោះថា Alle កាលពីព្រឹកមិញនេះ បានធ្វើឲ្យអ្នកទស្សនាសើចចុកពោះ ព្រោះតែហួសចិត្តជាមួយនារីម្នាក់ដែលស្ថិតនៅក្នុងហេតុការណ៍នោះ។

នៅក្នុងវីដេអូមួយគេឃើញមាននារីម្នាក់ ដែលទំនងជាទើបនឹងចាកចេញពីហាងលក់ទំនិញមួយកន្លែង បានព្យាយាមអូសម៉ូតូរបស់នាងចេញ ដោយគ្មានជំនាញទាល់តែសោះ។

ដំបូងឡើយ នារីម្នាក់នោះបានឡើងជិះម៉ូតូរបស់នាងដើម្បីចាកចេញពីហាង ដោយនាងបានបើកម៉ូតូរបស់នាងទៅមុខថយក្រោយ ទៅមកៗ ប៉ុន្តែនាងមិនអាចចេញរួច។ ដូច្នេះនាងក៏បានទៅអូសម៉ូតូមួយទៀតដែលចតនៅខាងស្តាំដៃនាង ដោយរុញទៅមុខបន្តិច ដើម្បីឲ្យមានកន្លែងទំនេរសម្រាប់នាងចេញ។

បន្ទាប់មក នាងក៏បានឡើងជិះម៉ូតូរបស់នាង ទៅមុខថយក្រោយ ទៅមកៗម្តងទៀត ប៉ុន្តែនៅតែមិនអាចចេញរួចដដែល។ នាងក៏បានចុះពីលើម៉ូតូរបស់នាងម្តងទៀត ដើម្បីទៅអូសម៉ូតូមួយដែលបានចតនៅខាងក្រោយនាង ដោយខិតវាទៅមុខបន្តិច។ លទ្ធផលនៅតែមិនអាចដូចបំណង។

នាងក៏បន្តធ្វើការអូសខិតម៉ូតូមួយគ្រឿងដែលនៅខាងស្តាំដៃនាងនោះបន្តិចទៀត ទើបចុងក្រោយនាងបានយកម៉ូតូរបស់នាងចេញបានសម្រេចទាំងត្រដាបត្រដួស។

គួរឲ្យដឹងដែរថា វីដេអូមួយនេះមានអ្នកទស្សនារហូតដល់ជាង ៤០០ ០០០ ដងឯណោះ។ ទោះជាយ៉ាងណា ហេតុការណ៍នេះត្រូវបានគេជឿថា បានកើតឡើងនៅទីក្រុង ចាកាតា ប្រទេស ឥណ្ឌូនេស៊ី៕

សូមចូលរួមទស្សនាវីដេអូរបស់កំពូលអ្នកអូសម៉ូតូរូបនេះទាំងអស់គ្នា៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]