អាមេរិក៖ អ្នកទេសចរមួយក្រុមកំពុងរីករាយជាមួយនឹងដំណើរកម្សាន្ត នៃការស្ទូចត្រីរបស់ពូកគេ ស្រាប់តែចៃដន្យ មានត្រីឆ្លាមមួយក្បាលបានមកស៊ីសន្ទូច រួចហើយក៏ចាប់ផ្តើមលោតចេញពីក្នុងទឹកត្រឡប់ខ្លួនពីរបីជុំ ធ្វើឲ្យពួកគេព្រលឹងចុងសក់តែម្តង។

ហេតុការណ៍មួយនេះបានកើតឡើង នៅពេលដែលលោក Kellen Keglor និងមិត្តភក្តិជាច្រើននាក់ទៀត កំពុងស្ទូចត្រីនៅចំងាយប្រមាណ ១១គីឡូម៉ែត្រពីឆ្នេរ Indian Rock រដ្ឋផ្លរីដា សហរដ្ឋអាមេរិក។

ដំបូងឡើយ លោក Kellen Keglor និងមិត្តភក្តិរបស់លោកកំពុងស្ទូចត្រីលេង ស្រាប់តែមានត្រីឆ្លាម Mako មួយក្បាល បានមកស៊ីផ្លែសន្ទូច រួចក៏មុជខ្លួនទៅខាងក្រោមទូកបាត់ទៅ។ មួយសន្ទុះក្រោយមក ត្រីឆ្លាមមួយក្បាលនោះ ក៏បានហែលក្រឡឹងជុំវិញទូក មុនពេលវាហក់ចេញពីក្នុងទឹកតែម្តង។ វាបានធ្វើបែបនេះប្រមាណជា៤ដង ដែលធ្វើឲ្យពួកអ្នកស្ទូចត្រីទាំងនោះលស់ព្រលឹងមិនស្ទើរ។

លោក Taylor Danowski បានប្រាប់ទៅកាន់សារព័ត៌មាន Fox13 ថា “វាពិតជាគួរឲ្យចង់សើចណាស់ ដែលយើងបានឃើញត្រីឆ្លាមដ៏ធំមួយក្បាល មកហក់លោតនៅលើអាកាសបែបនេះ។ អ៉ីចឹងហើយបានជាពួកយើងស្រែកបែបនេះទៅ។ ពួកយើងមិនមានបំណងចង់មកស្ទូចត្រីឆ្លាមទេ។ នេះជារឿងដែលពួកយើងនឹកស្មានមិនដល់ទាល់តែសោះ” ៕ 

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ អ្នកមុជទឹក ចិត្តក្លាហាន ហ៊ានប្រលែងលេង ជាមួយត្រីឆ្លាមប្រៀបដូចសម្លាញ់នឹងគ្នា អស់រយៈពេលជាង៧ឆ្នាំ

អូស្រ្តាលី៖ អ្នកមុជទឹកជនជាតិអូស្ត្រាលីម្នាក់ មិនមានចំណាប់អារម្មណ៍ជាមួយសត្វនៅលើគោកឡើយ គឺលោកចាប់អារម្មណ៍តែជាមួយសត្វនៅក្នុងទឹកប៉ុណ្ណោះ ហើយជាពិសេសនោះគឺ ត្រីឆ្លាម។

លោក Rick Anderson ដែលជាគ្រូបង្វឹកមុជទឹកម្នាក់ តែងតែទៅមុជទឹកនៅឯកំពង់ផែ Jackson ដើម្បីបង្កើនភាពរីករាយជាមួយពពួកហ្វូងមច្ឆាទាំងនោះ។

ទោះជាយ៉ាងណា ឆ្លាមមួយក្បាលដែលតែងតែប្រលែងលេងជាមួយលោក Rick ហាក់បីដូចជាសប្បាយរីករាយជាមួយវត្តមានរបស់លោកណាស់។ វាតែងតែផ្អៀងផ្អងខ្លួនមកផ្អឹបនឹងដៃលោកគ្រប់ពេលដែលលោកទៅមុជទឹក។

លោក Rick បាននិយាយថា “គ្រប់ពេលដែលខ្ញុំទៅមុជទឹក ឆ្លាមមួយក្បាលនោះ តែងតែហែលមកជិតខ្ញុំ និងប៉ះជើងរបស់ខ្ញុំ ដើម្បីឲ្យខ្ញុំទៅអោបវា”។

“ខ្ញុំបានលេងជាមួយវា អស់រយៈពេលប្រមាណជាង៧ឆ្នាំមកហើយ តាំងពីពេលដែលវាមានប្រវែងត្រឹមតែ ១៦សង់ទៅម៉ែត្រមកម្ល៉េះ។ ដូច្នេះពួកយើងស៊ាំជាមួយគ្នាទៅហើយ ជាហេតុធ្វើឲ្យខ្ញុំហ៊ានស្និតស្នាលជាមួយវាបែបនេះ”។

ខាងក្រោមនេះជារូបភាពមួយចំនួនដែលលោក Rick Anderson បានថតជាមួយឆ្លាម៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]