(ភ្នំពេញ)៖ ប្រជាពលរដ្ឋប្រកបរបរចិញ្ចឹមត្រីទ្រទ្រង់ជីវិតបាននាំគ្នារអ៊ូរទាំដូចៗគ្នាថា ការនាំចូលត្រីយ៉ាងច្រើនសន្ធឹកសន្ធាប់​ពីប្រទេសវៀតណាម កំពុងធ្វើឲ្យត្រី ដែលពួកគាត់ចិញ្ចឹមក្នុងស្រុកគ្មានទីផ្សារ ហើយក៏អាចធ្វើឲ្យពួកគាត់បោះបង់អាជីព​​ជាអ្នកចិញ្ចឹមត្រីនេះផងដែរ ព្រោះមិនអាចទប់ទល់ជាមួយការខាតបង់។

ភូមិព្រែកសំរោង សង្កាត់ព្រែកសំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជាកន្លែងចិញ្ចឹមត្រីប្រា និង ចិញ្ចឹមសត្វទាយកសាច់ និងពង ដ៏ធំមួយក្នុងរាជធានីភ្នំពេញ។ របរចិញ្ចឹមត្រី និងទានេះ បានចូលរួមចំណែកជួយ​លើកកម្ពស់ជីវភាពប្រជាពលរដ្ឋខ្មែរ​​ជាច្រើនគ្រួសារឲ្យបានល្អប្រសើរផងដែរ។

ក្រុមអ្នកប្រកបរបរចិញ្ចឹមត្រី និងចិញ្ចឹមទា បានឲ្យដឹងថា ពួកគាត់ប្រកបរបរនេះមិនតិចជាង ៦ឆ្នាំនោះទេ ហើយបណ្តាឆ្នាំកន្លងទៅការចិញ្ចឹមនេះ ក៏ទទួលបានផលល្អប្រសើរផងដែរ ពោលដល់អំឡុងខែសីហា នៃបណ្តាឆ្នាំនីមួយៗ តែងមានឈ្មួញចាប់យកទៅចែកចាយ តាមបណ្តាខេត្តអស់ៗតែម្តង ហើយដល់អំឡុងខែមករា នៃឆ្នាំថ្មី គឺពួកគាត់ត្រូវចាប់កូនត្រីដាក់ស្រះទៀតហើយ។

តែសម្រាប់ឆ្នាំ២០១៦កន្លងទៅនេះ ត្រីរបស់គាត់មិនមានឈ្មួញមកចាប់យក​ចែកចាយ​លើទីផ្សារឡើយ ទោះបីតម្លៃត្រីថោកជាងបណ្តាឆ្នាំកន្លងទៅក្តី ហើយត្រូវបានអូសបន្លាយ​រហូតមកដល់ខែមករា ឆ្នាំ២០១៧ទៅហើយ ក៏គ្មានឈ្មួញមកចាប់ត្រីយក​ទៅចែកចាយលើទីផ្សារ ដែរ។ ការអូសបន្លាយក្នុងការចាប់ត្រីនេះ បានធ្វើឲ្យត្រីប្រានៅតាមស្រះមួយចំនួន​ត្រូវងាប់ថែមទៀតផង ព្រោះតែមិនអាចទ្រាំនិងអាកាសធាតុ ដែលប្រែប្រួលជារៀងរាល់ថ្ងៃ។

អ្នកស្រី ហុង ចាន់ថន បានបញ្ជាក់ដូច្នេះ «ត្រូវប្រមូលផលក្នុងខែ១០(តុលា) ហ្នឹង ប៉ុន្តែគេអត់មកចាប់យើង អូសបន្លាយរហូតដល់ខែ១១, ១២ ឬខែ១ ជួបការលំបាកច្រើន។ ទីផ្សារឥឡូវធ្វើបានហើយ​លក់អត់ចេញ ដោយសារការនាំចូលពីប្រទេសជិតខាងច្រើនពេក អ៊ីចឹងធ្វើឲ្យអ្នកចិញ្ចឹមក្នុងស្រុក​ដល់​ពេលប្រមូលផលបែរជាប្រមូលអត់បានទៅវិញ​​ធ្វើឲ្យមានការខាតបង់ច្រើន»។

លោក ឆន ប្រុស អាយុ ៤៩ឆ្នាំ និងជាអ្នកប្រកបរបរចិញ្ចឹមត្រីប្រាប្រមាណជា ៦ឆ្នាំមកហើយនោះ បានថ្លែងបញ្ជាក់ថា «កន្លងមកខែ៨ ហើយយ៉ាងយូរបំផុតខែ១០ ឬ១១អីណឹងអ្នកចិញ្ចឹមត្រីលក់ត្រី​ចង់អស់ហើយ។ ទើបតែឆ្នាំនេះ ជួបបញ្ហាលក់មិនបានដូចឆ្នាំកន្លងទៅទេ»។

ក្រុមអ្នករកស៊ីចិញ្ចឹមត្រី ដែលកំពុងប្រឈមការខាតបង់ធ្ងន់ធ្ងរ​ព្រោះគ្មានទីផ្សារនេះ បានអះអាងមូលហេតុដូចគ្នាថា ការដែលធ្វើឲ្យត្រីរបស់ពួកគាត់គ្មានទីផ្សារដូចបណ្តាឆ្នាំកន្លងទៅ ដោយសារមានការនាំចូលត្រីពីប្រទេសវៀតណាម​​យ៉ាងច្រើនសន្ធឹកសន្ធាប់ចូលមកក្នុង ប្រទេសកម្ពុជា។ ក្នុងនោះមានត្រីខ្លះលួចនាំចូលតាមច្រករបៀង​ដោយមិនមានបង់ពន្ធ​ឲ្យបានត្រឹមត្រូវថែមទៀតផង។

លោក ហ្វាង សុខលី ដែលមានត្រីចិញ្ចឹមប្រមាណជា ១០០តោន និងបានប្រកបរបរចិញ្ចឹមត្រីប្រា ៥ឆ្នាំមកហើយនោះ បានឲ្យដឹងដូច្នេះ «មូលហេតុដោយសារត្រីប្រទេសជិតខាង​​គេនាំចូលមកតម្លៃធូរថ្លៃជាងយើង។ អ៊ីចឹងម៉ូយខ្លះគេសុខចិត្តចាប់ត្រីនៅក្រៅស្រុក ហើយត្រីក្នុងស្រុកគេចាប់តិច ធ្វើឲ្យត្រីក្នុងស្រុកចាល់ទៅៗ។ គេថោកជាងយើងខ្ទង់២០០រៀល ទៅ២៥០រៀល។ ឈ្មួញអ្នកចាប់ត្រីគេនិយាយថា អានាំចូលបង់ពន្ធតិចតួច អានាំចូលគេពន្ធវាច្រើន។ គេថាត្រីក្នុងស្រុកយើងរៀងថ្លៃ អ៊ីចឹងត្រីគេចពន្ធគេនាំចូលមកស្របច្បាប់​១ភាគ អាមិនស្របច្បាប់២ភាគអ៊ីចឹងទៅ។ បើនៅតែមានបញ្ហាដូចឆ្នាំអ្នកចិញ្ចឹមត្រី​នៅស្រុកខ្មែរដួលទាំងអស់»។

ក្រុមអ្នករកស៊ីចិញ្ចឹមត្រីនៅក្នុងភូមិព្រែកសំរោង សង្កាត់ព្រែកសំរោង ក៏បានបង្ហាញពីមូលហេតុនាំឲ្យឈ្មួញ​ចូលចិត្តនាំត្រីពីវៀតណាម មកចូលទីផ្សារកម្ពុជាផងដែរ។ មូលហេតុទាំងនោះ មានដូចជា ក្រុមឈ្មួញភាគច្រើន​ជាជនជាតិវៀតណាម មួយវិញទៀត ដោយសារត្រីរបស់វៀតណាម មានតម្លៃថោកជាងត្រីចិញ្ចឹមនៅកម្ពុជា។ ថោកនេះ ដោយសារការចំណាយទុនចិញ្ចឹមដូចជាចំណីត្រីរបស់វៀតណាម​ធូរថ្លៃ ហើយវៀតណាម​មានបច្ចេកទេសចិញ្ចឹមបានលឿន​ជាងអ្នកចិញ្ចឹមត្រីខ្មែរ។

បើតាមក្រុមអ្នកចិញ្ចឹមត្រី វៀតណាមចិញ្ចឹមត្រឹមតែ ៦-៨ខែប៉ុណ្ណោះ អាចចាប់លក់បាន តែការចិញ្ចឹមនៅខ្មែរត្រូវចំណាយពេលរហូតដល់ជាង ១០ខែ។

លោក អេង ជាសាន អគ្គនាយកជលផល បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ជាគោលការណ៍ខាងជលផល​តែងតែព្យាយាម ទប់ស្កាត់ការនាំចូលត្រីពីប្រទេសជិតខាង ព្រោះមិនចង់សម្លាប់ការចិញ្ចឹមត្រីនៅក្នុងស្រុកខ្មែរ។ តែលោក អេង ជាសាន ក៏មិនហ៊ានធានា ថា មានឈ្មួញលួចនាំចូលតាមច្រករបៀង ឬអត់នោះទេ ព្រោះការគ្រប់គ្រងច្រកមិនមែន​ជាសមត្ថកិច្ចរបស់ជលផលនោះឡើយ។

ដោយឡែករដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានទទួលស្គាល់ថា បច្ចុប្បន្នមានការលួចនាំចូលត្រីច្រើនពីប្រទេសវៀតណាម ហើយលោកក៏កំពុងរិះរកនូវយន្តទប់ស្កាត់​ការលួចនាំចូលនេះផងដែរ។

បន្ថែមពីលើនេះជារៀងរាល់យប់កន្លែង​ដែលចែកចាយត្រីធំៗក្នុងរាជធានីភ្នំពេញ ក៏គេសង្កេតឃើញមានរថយន្តដឹកត្រីធំៗ​ដឹកត្រីយកមកចែកចាយផងដែរ។ បើតាមក្រុមអ្នករកស៊ីចែកចាយនោះ បានអះអាងថា ត្រីភាគច្រើននាំចូលមកពីប្រទេសវៀតណាម។

ក្រុមអ្នករកស៊ីចិញ្ចឹមត្រី បានលើកឡើងថា ការលក់ត្រីមិនចេញនេះ នឹងធ្វើឲ្យពួកគាត់ខាតបង់កាន់តែច្រើន ដូចជារយៈពេលផ្តល់ចំណីត្រី កាន់តែយូរ ហើយបើត្រីកាន់តែធំ ក៏មិនសូវមានទីផ្សារផងដែរ។ អ្វីដែលកាន់តែធ្ងន់ធ្ងរនោះ គឺពួកគាត់ត្រូវបង់ការប្រាក់ជូនធនាគារកាន់តែ ច្រើនទៀត ព្រោះដើមទុន ដែលពួកគាត់យកមករកស៊ីចិញ្ចឹមត្រីនោះភាគច្រើនខ្ចីពីធនាគារ។

ជាចុងក្រោយក្រុមអ្នករកស៊ីចិញ្ចឹមត្រី បានទទូចឲ្យរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធជួយដាក់ចេញវិធានការទប់ស្កាត់​​ការនាំចូលត្រីមកពីប្រទេសវៀតណាមឲ្យបានខ្ពស់ ដើម្បីផ្តល់ទីផ្សារ នៃការចិញ្ចឹមត្រីនៅក្នុងស្រុកឲ្យបានកាន់តែទូលាយ។ បើបណ្តោយឲ្យមានការនាំចូល បែបនេះទៀត ក្រុមអ្នករកស៊ីចិញ្ចឹមត្រីនេះ នឹងត្រូវបោះបង់អាជីព។

អ្នកស្រី ហុង ចាន់ថន បានទទូចថា «សំណូមពរដល់ថ្នាក់ដឹកនាំខាងលើ កុំឲ្យនាំចូលមកច្រើនហួសកំណត់ពេកអ៊ីចឹង ដើម្បីឲ្យអ្នកចិញ្ចឹមក្នុងស្រុកប្រមូលផលឲ្យទាន់។ ដល់ពេលយើងបានលក់ហើយ បែរជាលក់អត់ដាច់ទៅវិញធ្វើឲ្យលំបាក​ដល់ប្រជាពលរដ្ឋ»។

មិនខុសពីអ្នកស្រី ហុង ចាន់ថន លោក ឆន ប្រុស ក៏បានទទូចស្រដៀងគ្នាផងដែរ «សូមឲ្យក្រសួងកសិកម្ម ឬក្រសួងពាក់ព័ន្ធជួយពួកយើងខ្ញុំ ព្រោះពួកយើងខ្ញុំកំពុងមានបញ្ហា​ផលិត​បានហើយរកទីផ្សារអត់បាន។ ហើយសុំឲ្យប្រជាពលរដ្ឋខ្មែរគាំទ្រត្រីខ្មែរ ត្រីដែលខ្ញុំចិញ្ចឹមនេះ គ្មានជាតិគីមី គ្មានស្អីទាំងអស់ ជួយគាំទ្រត្រីចិញ្ចឹមខ្មែរ ដើម្បីលើកទឹកចិត្តយើងខ្ញុំឲ្យ​ប្រឹងប្រែងចិញ្ចឹមថែមទៀត»៕

ប្រភព៖ Fresh News

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ មួយ​គ្រួសារ​៥​នាក់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ទាំងអស់

មួយ​គ្រួសារ​មាន​គ្នា​៥​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ទឹកថ្លា ធ្វើការ​ឃាត់ខ្លួន​ទាំងអស់​កាលពី​វេលា​ម៉ោង​១​ទៀប​ភ្លឺ ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៧ នៅ​ភូមិ​បុរី​កម្មករ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ដោយ​ជាប់​ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន ។

ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ទីតាំង​ខាងលើ​នេះ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ម៉ក់ ហុង អធិការ​នគរបាល​ខណ្ឌ​, លោក​អនុសេនីយ៍ឯក សុខ សុផល នាយ​ប៉ុស្តិ៍​ទឹកថ្លា និង​ដោយ​មានការ​សម្របសម្រួល​ពី​លោក កុ​ល ប៊ុ​ន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​កម្លាំង​ជា​ច្រើន​រូប​ទៀត ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើ​មាន ១-​ឈ្មោះ ប៊ុត បុ​ទុម ភេទ​ស្រី អាយុ​៦១​ឆ្នាំ មុខរបរ​ជួញដូរ​, ២-​ឈ្មោះ ប៊ុត សុខុម ភេទ​ស្រី អាយុ​៥១​ឆ្នាំ មុខរបរ​ជួញដូរ​, ៣-​ឈ្មោះ សៀ​ក ស៊ី​ណា ភេទ​ស្រី អាយុ​៣០​ឆ្នាំ មុខរបរ​ជួញដូរ​, ៤-​ឈ្មោះ នាង ចាន់​មក​រា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​ជួញដូរ និង ៥-​ឈ្មោះ នាង ល​ក្ខិ​ណា ភេទ​ស្រី អាយុ​១៤​ឆ្នាំ ជា​សិស្ស (​ទាំង​៥​នាក់ ស្នាក់​នៅ​កន្លែង​កើតហេតុ​) ។

លោក​វរសេនីយ៍ឯក ម៉ក់ ហុង អធិការ​នគរបាល​ខណ្ឌ បាន​ឲ្យ​ដឹង​ថា មុន​ឈាន​ទៅ​បង្ក្រាប​ទី​តាំ​ជួញដូរ​គ្រឿងញៀន​ខាងលើ គឺ​កម្លាំង​សមត្ថកិច្ច​បាន​ប្រើប្រាស់​ជំនាញ​រហូត​ដល់​ម៉ោង​ខាងលើ​ក៏​ដឹកនាំ​កម្លាំង​បង្ក្រាប​តែ​ម្តង​ដោយ​ធ្វើការ​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​ក្រាម​ស​ថ្លា​ចំនួន​៤០​កញ្ចប់ ក្នុង​នោះ​មាន​ធំ​ចំនួន​១៣​កញ្ចប់ និង​តូច​២៧​កញ្ចប់ ព្រមទាំង​សម្ភារ​ល្មើស​មួយ​ចំនួន​ធំ ។

ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​ទាំង​៥​នាក់ និង​វត្ថុ​តាង ត្រូវ​បាន​នាំ​យក​ទៅ​សាកសួរ និង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]