ចិន៖ នេះជាអព្ភូតហេតុមួយ ដែលក្មេងស្រីអាយុ៣ឆ្នាំម្នាក់ អាចរស់រានមានជីវិត បន្ទាប់ពីត្រូវចង្កឹះមួយ ដែលមានប្រវែង 1,6 អ៊ីញ ប្រហែលជា ៤សង់ទីម៉ែត្រ ចាក់ចូលទៅក្នុងខួរក្បាលរបស់នាង តាមរយៈមាត់ ដោយសារតែនាងជំពប់ជើងដួល ទៅលើជណ្តើរ ខណៈពេលកំពុងញ៉ាំអី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានដេលីម៉ែល កាលពីយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧។

ហេតុការណ៍នេះបានកើតឡើងនៅក្នុងផ្ទះរបស់ក្មេងស្រីតូច ក្នុងទីក្រុង Hanzhong ប្រទេសចិន កាលពីថ្ងៃទី០៨ ខែមករា កន្លងទៅ ខណៈក្រុមគ្រូពេទ្យបានយកចេញដោយជោគជ័យ បន្ទាប់ពីវាបានមុតចូលទៅប្រមាណតែ ១មីលីម៉ែត្រទៀតប៉ុណ្ណោះ នឹងធ្លាយដល់ទងខួរក្បាល ដែលគ្រប់គ្រងមុខងារសំខាន់ៗជាច្រើនចំពោះរាងកាយ។

ប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងស្រីតូចនេះមានឈ្មោះ Tong Tong ហើយនាងបានញ៉ាំអាហារថ្ងៃត្រង់របស់នាង នៅម៉ោងប្រមាណជា២រសៀល នៅពេលដែលសោកនាដកម្មនេះបានកើតឡើង។ នាងបានជំពប់ជើងដួលទៅលើជណ្តើរ ខណៈពេលដែលនាងកំពុងកាន់ចង្កឹះញ៉ាំអាហាររបស់ ទើបបណ្តាលឲ្យចង្កឹះនោះមុតចូលទៅក្នុងមាត់បែបនេះ។ 

ភ្លាមៗបន្ទាប់ពីកើតហេតុ នាងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យកុមារស៊ីអាន (Xi'an) ខណៈក្រុមគ្រូពេទ្យបានរកឃើញថា ចង្កឹះចាក់ទម្លុះចូលទៅក្នុងតំបន់ខួរក្បាលបាន តាមរយៈការប្រហោងធ្មេញរបស់នាង។ តាមរយៈការស្គែន បានបង្ហាញថា ចង្កឹះបានចាក់ទម្លុះចូលទៅក្នុងមាត់របស់ Tong Tong ប្រវែង ១៣សង់ទីម៉ែត្រ ដោយ ៤សង់ទីម៉ែត្រជាប់នៅក្នុងខួរក្បាល។

លោកគ្រូពេទ្យ Mi Weiyang ផ្នែកវះកាត់ បានមានប្រសាសន៍ថា ចង្កឹះនោះ នៅប្រមាណតែ ១មីលីម៉ែត្រទៀតប៉ុណ្ណោះ នឹងចាក់ដល់ទងខួរក្បាល ដែលជាសរីរាង្គសំខាន់សម្រាប់មនុស្ស ប្រសិនបើដកចង្កឹះនោះដោយគ្មានបច្ចេកទេសត្រឹមត្រូវ សោកនាដកម្មអាក្រក់ជាងនេះ នឹងអាចកើតមានឡើង។ ទងខួរក្បាល គឺជាមជ្ឈមណ្ឌលដ៏សំខាន់ សម្រាប់គ្រប់គ្រងមុខងារសំខាន់របស់រាងកាយ ដូចជាការលេប ការដកដង្ហើម និងដំណើរការគ្រប់គ្រងសសៃឈាមជាដើម។

ប្រភពព័ត៌មានបានបន្តថា ក្រុមគ្រូពេទ្យបានធ្វើការវះកាត់យកចង្កឹះ នោះចេញអស់រយៈពេលប៉ុន្មានម៉ោង កាលពីព្រឹកថ្ងៃទី០៩ ខែមករា ដោយជោគជ័យ គឺរយៈពេល១១ម៉ោង បន្ទាប់ពីក្មេងស្រីនោះបានរងរបួស ហើយបច្ចុប្បន្នក្មេងស្រីនេះ មានស្ថានភាពនឹងនរហើយ៕ 

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]