ភ្នំពេញ៖ ក្រោយពីលេចលឺដំណឹងថា ភរិយា របស់លោក ថៃ នរៈពិទូ កំពុងជាប់ពន្ធនាគារ ទាំងដែលខ្លួនកំពុងពពោះកូន២ ខែក្នុងផ្ទៃ និងមានការអះអាងពីសំណាក់ឪពុកក្មេក លោក ថៃ នរៈសត្យា ដែលលើកឡើងថា កូនប្រសារស្រីរបស់ខ្លួនមិនមានការជាប់ពាក់ព័ន្ធ ជាមួយកូនប្រុស ទាក់ទងទៅនឹងករណីមួយនេះ បានធ្វើឲ្យខាងសមត្ថកិច្ចនៃខេត្តបាត់ដំបង ដុតដៃដុតជើងសើុបអង្កេតពីករណីមួយនេះយ៉ាងសស្រាក់សស្រាំមែនទែន ។

នេះបើយោងតាម ការបង្ហោះរបស់ម្ចាស់គណនីហ្វេសប៊ុកមួយរូប ដែលបានផ្ញើសារឆ្លងឆ្លើយ ផ្ទាល់ជាមួយនឹងខាងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ប្រចាំខេត្តបាត់ដំបង បានឲ្យដឹងថា ការលើកឡើងរបស់ភរិយាថៃ នរៈពិទូ  ដែលថាខ្លួនកំពុងមាន ទម្ងន់២ខែនៅក្នុងផ្ទៃនេះ គឺវាមិនមែនជាការពិតនោះទេ ហើយមកទល់ពេលនេះ ខាងក្រុមសមត្ថកិច្ច ក៏បានបញ្ជូនជនសង្ស័យទាំង៦រូប ទៅកាន់តុលាការដើម្បីចាត់វិធានការតាមផ្លូវច្បាប់ផងដែរ៕ 

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងរឿងគ្រឿងញៀន លោក ថៃ នរៈពិទូនេះដែរ លោក ថៃ នរៈសត្យា ដែលជាឪពុកក្មេករបស់អ្នកនាង អោក រតនៈប៉ុណ្ណិកា ក៏បានប្រាប់ឱ្យសារព័ត៌មាននៅក្នុងស្រុកមួយដឹងពីរឿងនេះ។

តាមការឱ្យដឹង លោក ថៃ នរៈសត្យា អះអាងថា លោកមិនបានដឹងរឿងដែល នរៈពិទូ ពាក់ព័ន្ធនឹងគ្រឿងញៀន មុនពេលចាប់ខ្លួននោះទេ ហើយបានបញ្ជាក់ថាកូនប្រសារស្រីខ្លួនមិនសមស្ថិតនៅក្នុងករណីនេះដែរ ព្រោះនាងទើបតែដើរតាមស្វាមីប៉ុន្មានដងចុងក្រោយនេះ។

ក្រៅពីនេះទៀត កូនប្រសារលោក ក៏មិនសូវចុះទៅតាមខេត្ត ឬដើរចូលក្លឹបស៊ីផឹកជាមួយប្តីអី្វដែរ ទើបតែពីរបីដងនេះប៉ុណ្ណោះ។ ហេតុដូច្នេះ លោកក៏មានការភ្ញាក់ផ្អើលនៅពេលដែលបានឮដំណឹងថា កូនប្រសារស្រីខ្លួនត្រូវបានចាប់ខ្លួនជាមួយប្តីដែរ ពាក់ព័ន្ធករណីគ្រឿងញៀននៅខេត្តបាត់ដំបង។

មិនតែប៉ុណ្ណោះលោក ថៃ នរៈសត្យា ក៏បានប្រាប់ទៀតថា បើគិតទៅរឿងមិនល្អដែលបានកើតឡើងលើកនេះ លោកថាអាណិតកូនប្រសារជាងកូនបង្កើត ព្រោះកន្លងមកលោកថា មិនបានដឹងថា នរៈពិទូធ្វើអ្វីខ្លះទេ រាល់ថ្ងៃនេះ។ ប៉ុន្តែលោកថា នឹងចុះទៅមើលផ្ទាល់លើករណីនេះ ហើយរឿងការប្រើឥទ្ធិពល ដើម្បីការពារកូនប្រុសឱ្យនៅក្រៅឃុំ គឺលោកមិនធ្វើនោះទេ ដើម្បីបញ្ចៀសនូវការរិះគន់។

គួរឱ្យដឹងថា លោក ថៃ នរៈពិទូ គឺជា អតីត Freshie Boy លេខ១ ឆ្នាំ២០០៦ ដោយបានបាត់មុខពីសិល្បៈច្រើនឆ្នាំហើយ និងបានរៀបការជាមួយ អ្នកនាង អោក រតនៈប៉ុណ្ណិកា កាលពីថ្ងៃទី ៨ មេសា ឆ្នាំ២០១៦ កន្លងទៅ៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថៃ នរៈពិទូ