ចិន៖ ទីកម្សាន្តអណ្តែតលើទឹក ដ៏ធំអស្ចារ្យរបស់ចិន ថ្មីៗនេះកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ភ្ញៀវទេសចរជាច្រើន ដែលមានបំណងចង់ទៅទស្សនាកម្សាន្ត។

បើតាមប្រភពសារព័ត៌មានចិន បានឲ្យដឹងថា ទីកម្សាន្តអណ្តែតលើទឹកនេះ បានបើកទទួលស្វាគមន៍ភ្ញៀវទេសចរ គ្រប់មជ្ឈដ្ឋានតាំងពីអំឡុងនៃថ្ងៃបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល នាដើមខែមួយ ខែមករា ឆ្នាំ២០១៧នេះមកម្ល៉េះ។ ដោយលាតសន្ធឹងលើផ្ទៃទឹកទំហំ ៥០គីឡូម៉ែត្រ និងមានប្រវែងសរុប ៥៤,០០០ម៉ែត្រការ៉េ លើទន្លេ Hongshui River ស្ថិតក្នុងតំបន់ Luodian ខេត្ត Guizhou ប្រទេសចិន។

ប្រសិនបើភ្ញៀវទេសចរ ចង់ដើរលើទីកម្សាន្តលើទឹកនេះ ពួកគេត្រូវចំណាយរយៈពេលរហូតដល់ទៅ ១០ម៉ោងឯណោះទើបដើរសព្វ។ ក្នុងអំឡុងអ្នកទេសចរដើរកម្សាន្ត ពួកគេច្បាស់ជារីករាយ និងប្លែកភ្នែកជាមួយនឹង ទេសភាពស្រស់ស្អាតផ្សេងៗគ្នា រួមមានទាំង រូបសំណាកទាយក្សជ័រដ៏ធំមួយជាដើម។ ជាពិសេសនៅពេលយប់ អ្នកទេសចរច្បាស់ជាជក់ចិត្ត ជាមួយនឹងពន្លឺភ្លើងដ៏ស្រស់ស្អាត លេងប្រដេញគ្នាព្រោងព្រាត ពេញទីកម្សាន្តនេះផងដែរ។

គួរឲ្យដឹងថា បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា ទីកម្សាន្តអណ្តែតលើទឹក ក្នុងប្រទេសចិននេះ មានទំហំធំជាង ទីកម្សាន្តអណ្តែតលើទឹក នៅកោះ Manhattan នៃទីក្រុង New York រហូតដល់ទៅ២ដងឯណោះ។ ហើយរហូតមកទល់ពេលនេះ ទីកម្សាន្តដ៏ទាក់ទាញនេះ បានទទួលភ្ញៀវទេសចរជាច្រើន មកទស្សនាកម្សាន្ត បានរហូតដល់ទៅជាង ៦០,០០០នាក់ផងដែរ ៕  

ក្រឡេកទៅមើល ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

ចប់បាត់! អតីតFreshie Boy ថៃ នរៈពិទូ រួមទាំងប្រពន្ធ ត្រូវប៉ូលិសចាប់ឃាត់ខ្លួនទាំងពីរ ពាក់ព័ន្ធនឹងគ្រឿងញៀន ។

បាត់ដំបង៖ មិនគួរឲ្យជឿថា អតីតFreshie Boy លេខ១ ឆ្នាំ២០០៧ លោក ថៃ នរៈពិទូ រួមទាំងប្រពន្ធ ត្រូវបានប៉ូលីសឃាត់ខ្លួន ពីបទចែកចាយគ្រឿងញៀន នៅចំណុចខារ៉ាអូខេ ដឹសោនហ្វាមីលី(The Sound Family) កាលពីវេលាម៉ោង ២៣៖២០នាទី កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧។

បើតាមគេហទំព័រ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយក្រុមអន្តគមន៍ប្រឆាំងបង្ការ បង្រ្កាប នៃស្នងការដ្ឋាននគរបាលខេត្ត បានចុះបង្រ្កាបករណីផ្តល់ទីកន្លែងឲ្យប្រើប្រាស់ និងរក្សាទុកគ្រឿងញៀន១លើក។ មិនតែប៉ុណ្ណោះ សមត្ថកិច្ចក៏បានឃាត់ខ្លួន ជនសង្ស័យទៅដល់៦នាក់ ដែលក្នុងនោះ មាន លោក ថៃ នរៈពិទូ ដែលជា អតីតFreshie Boy លេខ១ ឆ្នាំ២០០៧ ហើយរួមទាំងប្រពន្ធរបស់លោកទៀតផង គឺអ្នកនាង អោក រតនៈប៉ុណ្ណិកា ដែលមានឪពុកជាមន្រ្តីនគរបាលជាតិផងដែរ។

អ្វីដែលសមត្ថកិច្ច បានធ្វើការចាប់បាន និងដកហូត មានដូចជាថ្នាំញៀន ប្រភេទកេតាមីន( Ketamine) ចំនួន០៣កូនថង់ ទម្ងន់ ០,៨៨ ក្រាម ឧបករណ៍(ពុម្ភ) សម្រាប់កែច្នៃថ្នាំញៀនអ៊ិចស្តាស៊ី ចំនួន០២ ថ្នាំអំពូល Diazepam ចំនួន ០២អំពូល ថ្នាំ ថ្នាំគ្រាប់ Zepam ចំនួន ១៦បន្ទះ ដែកកេះចំនួន ០៣ គំរបដកកែច្នៃសំរាប់ជក់ថ្នាំញៀនចំនួន ០១ បំពង់ទុយោប៉ឺតចំនួន ០១ដុំ ថង់សំរាប់ច្រកថ្នាំញៀនមួយចំនួន ក្រដាសអាលុយមីញ៉ូមចំនួន ០១ដុំ និងសំបកថ្នាំមួយចំនួន។

គួររំលឹកផងដែរ លោក ថៃ នរៈពិទូ គឺជា អតីតFreshie Boy លេខ១ ឆ្នាំ២០០៧ ដែលមហាជន ភាគច្រើន បានស្គាល់ និងគាំទ្រយ៉ាងខ្លាំង ទៅលើសមត្ថភាពរបស់លោក គួបផ្សំនឹងរូបសម្រស់ស្រស់សង្ហា។ ប៉ុន្តែមិនដឹងជាយ៉ាងណា រូបលោក ក៏ស្ងាត់ដំណឹងសូន្យតែម្តង មិនបង្ហាញមុខនៅក្នុងវង្វង់សិល្បៈតទៅទៀត ហើយទើបតែពេលថ្មីៗនេះទេ ស្រាប់តែធ្លាយដំណឹងថា រូបលោក ត្រូវបានសមត្ថកិច្ច ចាប់ឃាត់ខ្លួន ពាក់ព័ន្ធនឹងគ្រឿងញៀនយ៉ាងដូច្នេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]