បាត់ដំបង៖ មិនគួរឲ្យជឿថា អតីតFreshie Boy លេខ១ ឆ្នាំ២០០៧ លោក ថៃ នរៈពិទូ រួមទាំងប្រពន្ធ ត្រូវបានប៉ូលីសឃាត់ខ្លួន ពីបទរក្សាទុកគ្រឿងញៀន នៅចំណុចខារ៉ាអូខេ ដឹសោនហ្វាមីលី(The Sound Family) កាលពីវេលាម៉ោង ២៣៖២០នាទី កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧។

បើតាមគេហទំព័រ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយក្រុមអន្តគមន៍ប្រឆាំងបង្ការ បង្រ្កាប នៃស្នងការដ្ឋាននគរបាលខេត្ត បានចុះបង្រ្កាបករណីផ្តល់ទីកន្លែងឲ្យប្រើប្រាស់ និងរក្សាទុកគ្រឿងញៀន១លើក។ មិនតែប៉ុណ្ណោះ សមត្ថកិច្ចក៏បានឃាត់ខ្លួន ជនសង្ស័យទៅដល់៦នាក់ ដែលក្នុងនោះ មាន លោក ថៃ នរៈពិទូ ដែលជា អតីតFreshie Boy លេខ១ ឆ្នាំ២០០៧ ហើយរួមទាំងប្រពន្ធរបស់លោកទៀតផង គឺអ្នកនាង អោក រតនៈប៉ុណ្ណិកា ដែលមានឪពុកជាមន្រ្តីនគរបាលជាតិផងដែរ។

អ្វីដែលសមត្ថកិច្ច បានធ្វើការចាប់បាន និងដកហូត មានដូចជាថ្នាំញៀន ប្រភេទកេតាមីន( Ketamine) ចំនួន០៣កូនថង់ ទម្ងន់ ០,៨៨ ក្រាម ឧបករណ៍(ពុម្ភ) សម្រាប់កែច្នៃថ្នាំញៀនអ៊ិចស្តាស៊ី ចំនួន០២ ថ្នាំអំពូល Diazepam ចំនួន ០២អំពូល ថ្នាំ ថ្នាំគ្រាប់ Zepam ចំនួន ១៦បន្ទះ ដែកកេះចំនួន ០៣ គំរបដកកែច្នៃសំរាប់ជក់ថ្នាំញៀនចំនួន ០១ បំពង់ទុយោប៉ឺតចំនួន ០១ដុំ ថង់សំរាប់ច្រកថ្នាំញៀនមួយចំនួន ក្រដាសអាលុយមីញ៉ូមចំនួន ០១ដុំ និងសំបកថ្នាំមួយចំនួន។

គួររំលឹកផងដែរ លោក ថៃ នរៈពិទូ គឺជា អតីតFreshie Boy លេខ១ ឆ្នាំ២០០៧ ដែលមហាជន ភាគច្រើន បានស្គាល់ និងគាំទ្រយ៉ាងខ្លាំង ទៅលើសមត្ថភាពរបស់លោក គួបផ្សំនឹងរូបសម្រស់ស្រស់សង្ហា។ ប៉ុន្តែមិនដឹងជាយ៉ាងណា រូបលោក ក៏ស្ងាត់ដំណឹងសូន្យតែម្តង មិនបង្ហាញមុខនៅក្នុងវង្វង់សិល្បៈតទៅទៀត ហើយទើបតែពេលថ្មីៗនេះទេ ស្រាប់តែធ្លាយដំណឹងថា រូបលោក ត្រូវបានសមត្ថកិច្ច ចាប់ឃាត់ខ្លួន ពាក់ព័ន្ធនឹងគ្រឿងញៀនយ៉ាងដូច្នេះ៕

រូបថតពី៖ គេហទំព័រហ្វេសប៊ុក អគ្គស្នងការដ្ឋាននគរបាលជាតិ
រូបភាពពី៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថៃ នរៈពិទូ