ស្វីស៖ ស្របពេលដែលខ្សែប្រយុទ្ធឆ្នើមរបស់ Real Madrid កីឡាករ Cristiano Ronaldo ឈ្នះពានកីឡាករល្អជាងគេហើយនោះ ទន្ទឹមនឹងនេះដែរ កីឡាករមកពីក្លិបនៅប្រទេសម៉ាឡេស៊ីមួយរូប បានឈ្នះនូវពានរង្វាន់គ្រាប់បាល់ស៊ុតបញ្ចូលទីល្អជាងគេ ក្នុងព្រឹត្តការណ៍ FIFA Football Award ដែលប្រារព្ធឡើងកាលពីយប់មិញនេះ ក្នុងទីក្រុង Zurich ប្រទេសស្វីស។

កីឡាករវ័យ២៩ឆ្នាំ ឈ្មោះ Mohd Faiz Subri មកពីទីក្រុងប៉េណាំង ប្រទេសម៉ាឡេស៊ី បានធ្វើឲ្យអ្នកគាំទ្រក្នុងតំបន់អាស៊ីទាំងមូលភ្ញាក់ផ្អើល ក្រោយពីទទួលបានពានរង្វាន់ គ្រាប់បាល់ស៊ុតបញ្ចូលទីល្អជាងគេប្រចាំឆ្នាំ។

ពឹងផ្អែកលើការបោះឆ្នោត កីឡាករដែលមកពីក្របខ័ណ្ឌបាល់ទាត់ Malaysian Super League រូបនេះទទួលបានសម្លេងខ្ពស់ជាងគេ រហូតដល់៦០ភាគរយ វ៉ាដាច់គេ ជាមួយនឹងគ្រាប់បាល់ស៊ុត Free Kick កោងបញ្ចូលទីដ៏អស្ចារ្យ។ 

ក្នុងការប្រគល់ពានរង្វាន់ជូន ពីសំណាក់វីរៈបុរសបាល់ទាត់ Ronaldo (ប្រេស៊ីល) កីឡាករ Mohd Faiz Subri បានថ្លែងឲ្យដឹងថា «ខ្ញុំពិតជារីករាយខ្លាំងណាស់ ពានរង្វាន់នេះធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលខ្លាំង និងនឹកស្មានមិនដល់ថាបានឈ្នះ។ នេះគឺជាពានរង្វាន់ធំបំផុត ក្នុងអាជីពបាល់ទាត់របស់ខ្ញុំ»

កីឡាកររូបនេះ បានបន្តទៀតថា «អាថ៌កំបាំងនៃភាពជោគជ័យមួយនេះ គឺដោយសារតែ ការខំហ្វឹកហាត់ ហើយខ្ញុំសន្យាថា នឹងខិតខំផ្តោតយកចិត្តទុកដាក់បន្ថែមទៀតជាមួយក្លិប ក្នុងការប្រកួតប្រជែងក្នុងលីក» ៕ 

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ Ronaldo ឈ្នះពានកីឡាឆ្នើមជាងគេលើពិភពលោក ក្នុងព្រឹត្តការណ៍ FIFA Football Award

ព្រឹត្តការណ៍ FIFA Football Award ជាព្រឹត្តការណ៍ពានរង្វាន់បាល់ទាត់ទើបតែបង្កើតឡើងក្នុងឆ្នាំនេះ ដែលរៀបចំដោយសហព័ន្ធបាល់ទាត់ FIFA បានរកឃើញម្ចាស់ពានកីឡាករឆ្នើមជាងគេលើពិភពលោកហើយ គឺខ្សែប្រយុទ្ធរបស់ក្លិប Real Madrid កីឡាករ Cristiano Ronaldo ។

គួរបញ្ជាក់ដែរថា Ronaldo គឺជាកីឡាដំបូងគេបង្អស់ ដែលឈ្នះពានរង្វាន់នេះ តាមរយៈសម្លេងបោះឆ្នោតខ្ពស់ជាងគេ លើកីឡាករ Lionel Messi និង Griezmann ខណៈយប់មិញនេះ Messi មិនចូលរួមក្នុងព្រឹត្តការណ៍នេះទេ។ 

ក្នុងការទទួលបានពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ FIFA កីឡាករវ័យ៣១ឆ្នាំរូបនេះ បានថ្លែងរៀបរាប់ពីអារម្មណ៍របស់ខ្លួនផងដែរថា «វាពិតជាអស្ចារ្យណាស់! នេះមិនមែនជាលើកទីមួយទេក្នុងការឈ្នះពានកីឡាករល្អ ប៉ុន្តែពានរង្វាន់មួយនេះ គឺជាពានទីមួយដែលខ្ញុំឈ្នះ» ។

Ronaldo បានបន្តថា «ខ្ញុំចង់អរគុណទៅមិត្តរួមក្រុមរបស់ខ្ញុំ គ្រូបង្វឹក ហើយខ្ញុំអរគុណគ្រប់យ៉ាងទៅកាន់គ្រួសាររបស់ខ្ញុំ និងបុគ្គលិកទាំងអស់ផងដែរ» ។

លើសពីនេះទៀត Ronaldo បានបន្ថែមថា «ខ្ញុំក៏មានការសោកស្តាយផងដែរ ដែលកីឡាករមួយចំនួនរបស់ Barcelona មិនមែនវត្តមាននៅទីនេះ ប៉ុន្តែខ្ញុំយល់នូវអារម្មណ៍នេះ» ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]