ស្វីស៖ ព្រឹត្តការណ៍ FIFA Football Award ជាព្រឹត្តការណ៍ពានរង្វាន់បាល់ទាត់ទើបតែបង្កើតឡើងក្នុងឆ្នាំនេះ ដែលរៀបចំដោយសហព័ន្ធបាល់ទាត់ FIFA បានរកឃើញម្ចាស់ពានកីឡាករឆ្នើមជាងគេលើពិភពលោកហើយ គឺខ្សែប្រយុទ្ធរបស់ក្លិប Real Madrid កីឡាករ Cristiano Ronaldo ។

គួរបញ្ជាក់ដែរថា Ronaldo គឺជាកីឡាដំបូងគេបង្អស់ ដែលឈ្នះពានរង្វាន់នេះ តាមរយៈសម្លេងបោះឆ្នោតខ្ពស់ជាងគេ លើកីឡាករ Lionel Messi និង Griezmann ខណៈយប់មិញនេះ Messi មិនចូលរួមក្នុងព្រឹត្តការណ៍នេះទេ។ 

ក្នុងការទទួលបានពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ FIFA កីឡាករវ័យ៣១ឆ្នាំរូបនេះ បានថ្លែងរៀបរាប់ពីអារម្មណ៍របស់ខ្លួនផងដែរថា «វាពិតជាអស្ចារ្យណាស់! នេះមិនមែនជាលើកទីមួយទេក្នុងការឈ្នះពានកីឡាករល្អ ប៉ុន្តែពានរង្វាន់មួយនេះ គឺជាពានទីមួយដែលខ្ញុំឈ្នះ»

Ronaldo បានបន្តថា «ខ្ញុំចង់អរគុណទៅមិត្តរួមក្រុមរបស់ខ្ញុំ គ្រូបង្វឹក ហើយខ្ញុំអរគុណគ្រប់យ៉ាងទៅកាន់គ្រួសាររបស់ខ្ញុំ និងបុគ្គលិកទាំងអស់ផងដែរ»

លើសពីនេះទៀត Ronaldo បានបន្ថែមថា «ខ្ញុំក៏មានការសោកស្តាយផងដែរ ដែលកីឡាករមួយចំនួនរបស់ Barcelona មិនមែនវត្តមាននៅទីនេះ ប៉ុន្តែខ្ញុំយល់នូវអារម្មណ៍នេះ»

គួរបញ្ជាក់បន្ថែមទៀតថា សរុបពានរង្វាន់ទាំងអស់កាលពីយប់មិញ Ronaldo ឈ្នះពានកីឡាករឆ្នើមជាងគេ ហើយក៏បានស្ថិតក្នុងចំនោមជម្រើសកីឡាករល្អ១១នាក់ អមជាមួយនឹង Suarez និង Messi ផងដែរ។

ស្របពេលជាមួយគ្នានេះ គ្រូបង្វឹករបស់ក្លិបកញ្ជ្រោងខៀវ Leicester លោក Claudio Ranieri ត្រូវបានប្រសិទ្ធនាមជាគ្រូបង្វឹកឆ្នើមប្រចាំឆ្នាំ ខណៈគ្រាប់បាល់ស៊ុតបញ្ចូលទីល្អជាងគេ បានទៅលើ កីឡាករមកទ្វីបអាស៊ី Mohz Faiz Subri សញ្ជាតិម៉ាឡេស៊ី៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]