រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​ ៩យប់ថ្ងៃទី០៩ មករា ស្ថិត​ក្នុងភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ មាន​ករណី​គ្រោះ​ ថ្នាក់​ចរាចរណ៍​ រវាង​រថយន្ត​ដឹក​បេតុង​លាយ​ស្រេចរបស់​ក្រុមហ៊ុន​ ខេ​ស៊ី​មេន​ បាន​បុក​អ្នកបើកបរ​ម៉ូតូ​១​គ្រឿង បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​ នៅ​នឹង​កន្លែង​កើតហេតុ​។

តាម​ប្រភព​ព័ត៌មាន​ ពី​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហ្វ្រេ​ស បើកបរ​តាម​ផ្លូវ​ហាណូយ​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​មុខ​ស្ថានីយ​ ប្រេង​កាល់​តិច ចម្ងាយ​ពី​ហ្គ្រេ​ន​ភ្នំពេញ​ប្រមាណ​ជា​១០០​ម៉ែត្រ បុរស​ខាងលើ​បាន​ជិះ​ ម៉ូតូ​ឆ្លងផ្លូវ​ឆ្លង​មក​ខាងឆ្វេង គាប់​ជួន​ពេល​នោះ​ស្រាប់តែ​រថយន្ត​បង្ក​បើកបរ​ក្នុង​ល្បឿន​ យ៉ាង​លឿន​ក្នុង​ ទិស​ដៅ​ផ្ទុយ​គ្នា ហើយ​បាន​បុក​ចំ​ម៉ូតូ​ពេញទំហឹង បណ្ដាល​ឲ្យ​ជន​រង​គ្រោះ ជា​អ្នកបើកបរ​ម៉ូតូ​ស្លា​ម​ភ្លាម​ៗ​ នៅ​នឹង​កន្លែង​។

តាម​សម្ដី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​ជា​ប្រភេទ​រថយន្ត​ ដឹក​បេតុង​លាយ​ស្រេច របស់​ក្រុមហ៊ុន ខេ​ស៊ី​មេន បើកបរ​ដោយ​បុរស​ម្នាក់​ មិន​ស្គាល់​អត្តសញ្ញាណ ពាក់​ស្លាក​លេខ​រថយន្ត ភ្នំពេញ ៣A-២៦២០​។ រីឯ​ជន​រង​គ្រោះ​មានឈ្មោះ ហ៊ា​ង អាយុ​៥០​ឆ្នាំ មុខរបរ​ដើរ​ប៉ះ​កង់​ម៉ូតូ​ចល័ត ស្នាក់​នៅ​ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ បើកបរ​ម៉ូតូ​ម៉ាក​ហ្វ្រេ​ស ពណ៌​ខៀវ ពាក់​ស្លាក​លេខភ្នំពេញ ១D-៩៣៦១​។ ក្រោយ​ពេល​កើតហេតុ ជន​បង្ក​បាន​បើករថយន្ត​រត់គេច​ ប្រមាណ​ជា​១០០​ម៉ែត្រ ក៏​ឈប់​ហើយ​រត់គេច​ខ្លួន​បាត់​តែ​ម្ដង​។

បច្ចុប្បន្ន​សាកសព​ កំពុង​រង់ចាំ​ស្វែងរក​សាច់ញាតិ​ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​រថយន្ត​បង្ក និង​ម៉ូតូ​ជន​រង​គ្រោះ​ ត្រូវ​បាន​សមត្ថកិច្ច​ដឹក​ជញ្ជូន​ទៅ​កាន់​ស្នងការ​រាជធានី ដើម្បី​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕

ប្រភព៖ កោះសន្តិភាព

ដោយឡែកក្រឡេកទៅមើល ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

គ្រាន់តែម្តាយចង់ឲ្យកូនល្អ មិនឲ្យលេងទូរស័ព្ទដៃសោះ អាកូនរមិលគុណ ហ៊ានលើកជើងហក់ធាក់ម្តាយ ទាំងកំរោលតែម្តង!

ចិន៖ មហាជនជាច្រើនហួសចិត្ត និងនឹកស្មានមិនដល់ ចំពោះទង្វើក្មេងប្រុសម្នាក់ ដែលហ៊ានលើកជើង ហក់ធាក់ម្តាយរបស់គេទាំងកំរោល បន្ទាប់ពីម្តាយរបស់គេ បដិសេធមិនឲ្យលេងទូរស័ព្ទ បានធ្វើឲ្យអ្នកនិយមលេងអ៊ីនធើណែតជាច្រើន ប្រតិកម្មរិះគន់យ៉ាងខ្លាំងៗ។

វីដេអូឃ្លីបខ្លីដែលមានរយៈពេលប្រមាណជា ៨វិនាទីនេះ បានបង្ហាញឲ្យឃើញថា ជីដូនរបស់ក្មេងប្រុសនេះព្យាយាមយកខ្លួនឈរពាំង ការពារស្រ្តីជាម្តាយ ពីការហក់ធាក់របស់ចៅប្រុស។

ប្រភពបានឲ្យដឹងថា វីដេអូឃ្លីបនេះ ត្រូវបានថតឡើងនៅក្នុងមន្ទីរពេទ្យមួយកន្លែង ស្ថិតនៅក្នុងទីក្រុង Guangzhou ខេត្ត Guangdong ប្រទេសចិន។ ក្មេងប្រុសមិនត្រូវបានបង្ហាញអត្តសញ្ញាណនេះ ត្រូវបានគេជឿជាក់ថា មានអាយុប្រហែលជា ១០ឆ្នាំ។ ចំពោះមូលហេតុដែលបណ្តាលឲ្យ កើតមានរឿងរ៉ាវយ៉ាងដូច្នេះឡើងនោះ ក៏ដោយសារតែក្មេងប្រុសនេះ បានខឹងនឹងម្តាយរបស់គេជាខ្លាំង ដែលហាមប្រាមមិនឲ្យគេលេងទូរស័ព្ទស្មាតហ្វូន។

ទោះបីជាយ៉ាងក្តី អ្នកលេងបណ្តាញសង្គមមួយចំនួន ក៏បានបញ្ចេញនៅលើបណ្តាញសង្គមដែរថា៖

«វាគឺជាកំហុសរបស់ឪពុកម្តាយ មិនមែនជាកំហុសរបស់កូនទេ។ ឪពុកម្តាយត្រូវតែចេះ បង្រៀនណែនាំពីឥរិយាបថរបស់កូន» ។ រីឯអ្នកផ្សេងទៀត បានបញ្ចេញមតិដែរថា «ប្រសិនបើក្មេងប្រុសនេះ ជាកូនរបស់ខ្ញុំ ហើយធ្វើចឹងវិញនោះ ខ្ញុំប្រាកដជាទះឲ្យហូរសំបោរតែម្តង»

គួរឲ្យដឹងដែរថា បន្ទាប់ពីទស្សនាវីដេអូនេះហើយ អ្នកជំនាញម្នាក់ក៏បានឲ្យដឹងដែរថា វាមិនមែនជាលើកទីមួយ ដែលទើបតែកើតមានឡើងនោះទេ ព្រោះថាមានរឿងរ៉ាវជាច្រើន ដូចគ្នានេះដែរ ដែលតែងតែកើតឡើងជាញឹកញាប់ក្នុងប្រទេសចិន។ អ្វីដែលគួរធ្វើនោះ ឪពុកម្តាយគ្រប់រូប គួរណាស់ត្រូវតែចេះ ប្រៀនប្រដៅ ឬដាក់វិន័យលើកូនៗរបស់ពួកគេ តាមវិធីសាស្រ្តមួយដែលល្អ ចៀសវាងកូនៗរបស់ខ្លួនចេញមក មានភាពច្រងាងកាងបែបនេះ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូ៖    

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]