(ភ្នំពេញ)៖ បន្ទាប់ពីមានការផ្ទុះបែបធ្លាយ ដំណឹងស្នេហាក្រៅឆាក ក្បត់ចិត្តភរិយារវាងតារាសម្តែង លោក សុវណ្ណ មករា ជាមួយតារាស្រីវ័យក្មេងកញ្ញា លី ឌីណា រហូតល្បីខ្ទរខ្ទារ កក្រើកពេញផ្ទៃប្រទេស ខណៈដែលអ្នកនាង ឈិន ច័ន្ទសុធារី បានដាក់ការចោទប្រកាន់នោះថា លី ឌីណា ប៉ងឆក់យកប្តីពីដើមទ្រូងនាង រយចមក ភ្លាមៗនោះដែរ ត្រូវបានកញ្ញា លី ឌីណា បានចេញមុខបដិសេធថា ត្រឹមជារឿងយល់ច្រឡំ និងជាការចោទប្រកាន់គ្មានការពិត។

ទន្ទឹមគ្នានៃការបែកធ្លាយ រហូតមានការគំរាមប្តឹងឡើងតុលាការ ពីសំណាក់តារាស្រី កញ្ញា លី ឌីណា ជុំវិញការចោទប្រកាន់របស់អ្នកនាង ឈិន ច័ន្ទសុធារី នេះដែរ កន្លងមកក៏មានមហាជនជាច្រើននាំគ្នាទន្ទឹងរង់ចាំចម្លើយពិតផងដែរថា រឿងនេះអាចកើយឡើងពិត ឬគ្រាន់តែជាការយល់ច្រឡំ ស្របពេលស្រមោលវាំងននខ្មៅ ក៏ត្រូវបានជម្រះមន្ទិល ដោយផ្ទាល់ពីសំណាក់ កញ្ញា លី ឌីណា និងលោក សុវណ្ណ មករា ថាជារឿងគ្មានការពិតឡើយ។

ថ្វីត្បិតតែយ៉ាងនេះពិតមែន ប៉ុន្តែជាការកត់សម្គាល់ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ អ្នកនាង ឈិន ច័ន្ទសុធារី ជារឿយៗគេសង្កេតឃើញ នាងតែងបង្ហោះសារហាក់មានចេតនាផ្លែផ្កា និងឌឺដងជាញឹកញ៉ាប់ សំដៅដល់ស្វាមី និងលើភាគីជម្លោះរបស់ខ្លួន។ ប៉ុន្តែជាការឆ្លើយតប បែរជាអ្នកគាំទ្រតារាស្រី កញ្ញា លី ឌីណា បានចេញមុខសកត្រឡប់ឲ្យវិញ ដោយចាត់ទុកថា អ្នកនាង ឈិន ច័ន្ទសុធារី ត្រឹមតែជាមនុស្សវិកលចរិក ប៉ុណ្ណោះ។

ជាការឆ្លើយតបម្ចាស់ Account Facebook ម្នាក់ ដែលជាអ្នកគាំទ្រ នៅខាងតារាសម្តែងស្រីកំពុងឡើងកូដបណ្តើរៗ កញ្ញា លី ឌីណា បានសរសេរដោយខ្លី ថា «មនុស្សវិកលចរិត កុំយកចិត្តទុកដាក់វាអី ចេះតែចោទ ពីព្រោះប្រច័ណ្ឌប្ដីពេក..!»។ ប៉ុន្តែយ៉ាងណាមិញ រហូតមកទល់ពេលនេះ គេពុំទាន់ឃើញមានប្រតិកម្មណាមួយ ពីសំណាក់អ្នកនាង ឈិន ច័ន្ទសុធារី ចំពោះរឿងនេះ នៅឡើយទេ៕

ប្រភព៖ Khmertalking

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា៖ លី ឌី​ណា ចេញ​មុខ​ជម្រះ​​មន្ទិល ​ជុំវិញ​ព័ត៌​មាន​ផ្ទុះ​ឡើង​ថា នាង​ដណ្ដើម​​ប្ដី​​របស់ ឈិន ចាន់​សុ​ធារី

តារាសម្ដែងកំពុងឡើងកូដខ្លាំង ក្នុងមជ្ឈដ្ឋានសិល្បៈ កញ្ញា លី ឌីណា បានទទួលរងនូវ រឿងរ៉ាវអាស្រូវ យ៉ាងធ្ងន់ធ្ងរស្ទើរតែងើបមុខមិនរួច ជុំវិញព័ត៌មានថា អតីតពិធីការិនីល្បីឈ្មោះ អ្នកនាង ឈិន សុធារី ចោទប្រកាន់នាងថា បានដណ្ដើមប្ដីរបស់ខ្លួន (លោក សុវណ្ណ មករា) ធ្វើឲ្យផ្អើលពិភពសិល្បៈ ថែមទាំងគ្រោងប្ដឹងទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ទៀតផង។ យ៉ាងណាមិញ បន្ទាប់ពីរឿងរ៉ាវនេះ កាន់តែពុះកញ្ជ្រោលឡើង បណ្ដាលឲ្យមហាជន កាន់តែមានមន្ទិលសង្ស័យខ្លាំងឡើងៗ ថា ជាការពិត ស្រាប់តែនៅពេលនេះ ស្រីស្រស់ លី ឌីណា បានចេញមុខជម្រះបញ្ជីស្នេហ៍ត្រីកោណមួយនេះ ឲ្យជ្រះស្រឡះតែម្ដង។

តារាសម្ដែង មានរូបឆោមលោមពណ៌ស្រស់ស្អាត រាយមន្តស្នេហ៍ លី ឌីណា បានបញ្ជាក់ថា ក្រោយពីផ្ទុះរឿងអាស្រូវនេះ បានធ្វើឲ្យទំនាក់ទំនង រវាងនាងជាមួយសង្សារ រងនូវភាពរង្គោះរង្គើរជាខ្លាំង គឺសង្សាររបស់នាង នៅតែយល់ច្រឡំ ថា នាងមានទំនាក់ទំនងពិសេស ជាមួយលោក សុវណ្ណ មករា ជាស្វាមីរបស់ ឈិន ចាន់សុធារី។ ជាពិសេសបានធ្វើឲ្យប៉ះពាល់ ដល់កិត្តិយសនាងជាខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះ ធ្វើឲ្យសម្ព័ន្ធស្នេហាពិតប្រាកដ រវាងនាងជាមួយនិងសង្សារ កំពុងមានបញ្ហារង្គោះរង្គើរ ទៀតផង។

លី ឌីណា បន្តថា កន្លងមកពេល ឈិន សុធារី ឆេះដុំខ្លាំង នាងពុំបានចេញមុខបកស្រាយ ឲ្យបានច្បាស់លាស់ទេ តែពេលនេះនាងចង់បញ្ជាក់ថា រឿងដែលសុធារី ចោទថា នាង ដណ្ដើមលោក សុវណ្ណ មករា នោះ គឺជាការយល់ច្រឡំ ហើយពេលនេះ ក៏បានដោះស្រាយបញ្ចប់រួចរាល់ហើយដែរ ខណៈអ្នកនាងសុធារី ព្រមទទួលស្គាល់ការពិត ហើយសម្ព័ន្ធស្នេហ៍រវាង សុធារី ជាមួយប្ដីក៏ល្អប្រសើរឡើងវិញ។

លី ឌីណា និយាយថា «ពេលនេះ ខ្ញុំនិងបង ធារី យល់គ្នាអស់ហើយ ប៉ុន្តែសង្សារខ្ញុំគាត់អត់គិតចឹងទេ គាត់នៅតែថា ព័ត៌មានហ្នឹងវាពិត ហើយខឹងខ្ញុំរហូត! ខ្ញុំអត់ខ្វល់រឿងគាត់សុំបែកពីខ្ញុំទេ ប៉ុន្តែអ្វីដែលខ្ញុំសោកស្ដាយ គឺពួកយើងបែកគ្នា ដោយសារតែរឿងយល់ច្រឡំមួយពេលហ្នឹង!។ ខ្ញុំបានចាត់ទុកបង មករា ដូចជាមេរបស់ខ្ញុំអ៉ីចឹង ព្រោះគាត់បានទាក់ទងឲ្យខ្ញុំថតភាពយន្ត នៅប៉ុស្តិ៍បាយ័ន ហើយនៅមុនពេលផ្ទុះរឿងនេះ បង មករា តែងលើកយករឿងមិនសប្បាយចិត្ត ប្រាប់ខ្ញុំ ហើយខ្ញុំក៏បានផ្ដល់យោបល់ ឲ្យគាត់ ក្នុងនាមខ្ញុំគោរពគាត់ ដោយពុំមានទំនាក់ទំនងអ្វីពិសេស ដូចការចោទឡើង របស់បងសុធារី នោះទេ គឺគាត់យល់ច្រឡំលើខ្ញុំ។ ម្យ៉ាងខ្ញុំមានអ្នកពិសេស រួចទៅហើយ!»។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

លី ឌីណា