(ពោធិ៍សាត់)៖ យ៉ាងហោចណាស់មានព្រះសង្ឃ១អង្គ បានសុគតភ្លាមៗនៅនឹងកន្លែង និង៤អង្គ/នាក់ទៀត រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បង្កដោយម៉ូតូ Honda Dream ១គ្រឿង បានបើកក្នុងល្បឿនលឿន ដីហុយមើលមិនឃើញ ក៏ទៅបុកពីក្រោយគោយន្តកន្ត្រៃដែលចតទុកចោលនៅលើផ្លូវ ពេញមួយទំហឹង លើកំណាត់ផ្លូវក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងនៅយប់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧ បង្កដោយម៉ូតូ Honda Dream c125 ១គ្រឿង ពាក់ស្លាកលេខ 1C-7334 ឌុបព្រះសង្ឃ២អង្គខាងក្រោយ ក្នុងទិសដៅពីលិចទៅកើត បើកបរដោយឈ្មោះ ហៃ ហ៊ុន អាយុ៣៣ឆ្នាំ រស់នៅភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ (របួសធ្ងន់)។
លុះដល់ចំណុចកើតហេតុខាងលើ ខណៈដីហុយមើលមិនឃើញ ម៉ូតូបានបុកពីក្រោយគោយន្តកន្ត្រៃដឹកបង្គោលរបង ដែលបែកកង់ចតទុកចោលពេញមួយទំហឹង បណ្តាលឲ្យព្រះសង្ឃដែលរួមដំណើរជាមួយម៉ូតូ ព្រះនាម គា ភក្តី ព្រះជន្ម ១៧ព្រះវស្សា គង់នៅវត្តកោះអណ្តែត ក្នុងភូមិទួលអណ្តែត ឃុំស្វាយស ស្រុកក្រគរ (សុគតភ្លាមៗនៅនឹងកន្លែងកើតហេតុ) និងព្រះសង្ឃព្រះនាម ឈឿន ហើម ព្រះជន្ម១៥ព្រះវស្សា គង់នៅវត្តកោះអណ្តែតដូចគ្នា (របួសធ្ងន់)។
ក្នុងហេតុការណ៍នោះ ខាងភាគីគោយន្ត ឈ្មោះ កែ ណាម អាយុ៤៤ឆ្នាំ ជាម្ចាស់គោយន្ត (របួសស្រាល) និងឈ្មោះ គុន ណាក់ អាយុ២៨ឆ្នាំ ជាកូន (របួសស្រាល) អ្នកទាំងពីររស់នៅភូមិត្រពាំងព្រីង ឃុំស្វាយជប់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
បច្ចុប្បន្ន វត្ថុតាងម៉ូតូ និងគោយន្ត ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រគរ រង់ចាំដោះស្រាយនៅពេលក្រោយ។ ដោយឡែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ ចំពោះព្រះសពព្រះសង្ឃ ត្រូវបានបងប្អូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ប្រភព៖ Fresh News
ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ រថភ្លើងកំពង់សោម-ភ្នំពេញ២គ្រឿងបុកគ្នា
សេចក្តីរាយការណ៍ឱ្យដឹងថា កាលពីព្រឹកម៉ោង៩ព្រឹកថ្ងៃទី០៧ មករា កន្លងទៅនេះ ស្ថិតត្រង់ចំណុចភូមិបឹងវែង ឃុំវាលររេញ ស្រុកព្រៃនប់ (ក្នុងទិសដៅស្របពីកំពង់សោម-ភ្នំពេញ) មានករណីរថភ្លើងនិងរថភ្លើង បានបុកគ្នាខណៈរថភ្លើងមួយគ្រឿង កំពុងឈប់សំចតនៅចំណុចរ៉ារថភ្លើង បណ្តាលឱ្យស្ត្រីជាបុគ្គលិករថភ្លើងអង្គុយខាងមុខ រងរបួសត្រង់ចិញ្ចើមមធ្យម ។
ប្រភពឱ្យដឹងថា ចំពោះមូលហេតុ គឺបណ្តាលមកពីរថភ្លើងមួយគ្រឿងនៅពីក្រោយហ្វាំងមិនស៊ី (អត់ខ្យល់) ក៏ជ្រុលទៅបុកគូទរថ ភ្លើង ដែលកំពុងឈប់នោះ។
អ្នកបើកបររថភ្លើងត្រូវគេស្គាល់ឈ្មោះយូ គឹមសាន អាយុ៥០ឆ្នាំ មានទីលំនៅនៅភូមិ-ឃុំប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
រីឯស្ត្រីដែលរងរបួសឈ្មោះសៅ សុផល អាយុ៣៨ឆ្នាំ រស់នៅភូមិប្រាសាទឃុំលាយបូ ត្រាំកក់ ខេត្តតាកែវ ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]